នៅព្រឹកថ្ងៃ ០១ ខែតុលា ឆ្នាំ២០១៥នេះ ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំបិទទ្វារជាមួយក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជា ដែលកិច្ចប្រជុំនេះ មានគោលបំណង់ស្វែងរកលទ្ធភាពសមស្របមួយ ក្នុងការចញ្ចុះតម្លៃសាំងនៅកម្ពុជា ឲ្យស្របទៅនឹងតម្លៃសាំងលើទីផ្សារអន្តរជាតិ។ ទោះបីយ៉ាងណាក៏ដោយ កិច្ចប្រជុំព្រឹកនេះ មិនទាន់មានលទ្ធិផលនៅឡើយទេ។
ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំអន្តរក្រសួង ជាមួយក្រុមហ៊ុនប្រេងឥន្ទនៈធំៗ នៅកម្ពុជា សិក្សាពីរូបមន្ត ដើម្បីស្វែងរកលទ្ធភាព សមស្របមួយក្នុងការ បញ្ចុះតម្លៃសាំងលើទីផ្សារកម្ពុជាឲ្យស្របទៅតម្លៃសាំងលើទីផ្សារអន្តរជាតិ។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ នាក្រសួងពាណិជ្ជកម្ម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងក្រោយកិច្ចប្រជុំនេះថា ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជា កំពុងតែសិក្សារករូបមន្តមួយ ដើម្បីកំណត់ថ្លៃសាំងនៅកម្ពុជា ឲ្យស្របទៅតាមតម្លៃសាំងទីផ្សារអន្តរជាតិ ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះបន្តទៀតថា ក្រសួងបានស្នើឲ្យក្រុមហ៊ុនប្រេងឥន្ទនៈធំៗទាំងអស់នៅកម្ពុជា ផ្តល់ទន្និន័យចំណូលចំណាយរបស់ក្រុមហ៊ុននីមួយៗ ឲ្យបានជាក់លាក់ ដើម្បីឲ្យក្រសួងពាក់ព័ន្ធធ្វើការសិក្សារករូបមន្តកំណត់ថ្លៃសាំង ដែលអាចទទួលយកបានគ្រប់ភាគីទាំងអ្នកប្រើប្រាស់ និងអ្នកលក់ ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា តែមានរូបមន្តហើយ គឺទាំងអស់គ្នាត្រូវតែគោរពទៅតាមរូបមន្តនោះ ។ បើមិនគោរពតាមរូបមន្តទេ នឹងមានពិន័យនិយាយឲ្យច្បាស់ ។ តែយើងមិនថា ឡើងចុះកើតទេ ព្រោះតម្លៃប្រេងវាឡើងថ្លៃ រូបមន្តវាត្រូវឡើងតាមហ្នឹងដែរហើយ អញ្ចឹងវាអាចឡើង វាអាចចុះទៅតម្លៃទីផ្សារតាមអន្តរជាតិ»។
ជុំវិញបញ្ហានេះ បណ្ឌិតផ្នែកសេដ្ឋកិច្ច និងជាមន្ត្រីផ្នែកស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍មានប្រសាសន៍ថា លោកសាទរចំពោះក្រសួងពាណិជ្ជកម្ម ដែលបានប្រជុំចរចាបញ្ចុះតម្លៃសាំងនៅកម្ពុជា។ លោកបន្តថា តម្លៃសាំងនៅកម្ពុជា ទាល់តែធ្លាក់ចុះមកត្រឹមជិត៣ពាន់រៀលក្នុង១លីត្រ ទើបជាជាតម្លៃមួយល្អ និងមានសមាមាត្រគ្នាជាមួយប្រទេសជិតខាងថែមទៀតផង។
លោកគី សេរីវឌ្ឍន៍បន្ថែមថា ប្រសិនថ្លៃប្រេងសាំងចុះត្រឹមជិត៣ពាន់រៀលក្នុង១លីត្រមែននោះ មានន័យថា បានធ្វើឲ្យថ្លៃដើមនៃផលិតកម្មទាប ធ្វើឲ្យទំនិញលក់ដាច់ជាងមុន ហើយអ្នកទិញក៏ចំណាយតិច និងសន្សំថវិកាបានកាន់ច្រើនផងដែរ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនបានតាមដានថាតើក្រសួងប្រើរូបមន្តអីទេ ប៉ុន្តែខ្ញុំគិតថា វាគ្រាន់តែជាការចរចារវាងក្រុមហ៊ុន ហើយនិងក្រសួង ដើម្បីឲ្យក្រុមហ៊ុននៅសល់ប្រាក់ចំណេញខ្លះ ដែលគាត់អាចលក់តម្លៃប្រេងសាំងមួយនៅក្នុងតម្លៃសមរម្យ ។ អញ្ចឹងបើតាមការចរចា ប្រហែលដូចខ្ញុំគិតពាក់កណ្តាលម្នាក់ ឥឡូវក្រុមហ៊ុនលក់៤ពាន់ ខ្ញុំគិតថា ៣ពាន់ អញ្ចឹងវាអាចចុះ៣ពាន់៥រយអីហ្នឹង»។
ដូចគ្នានេះដែរលោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមបានឲ្យដឹងដែរថា បើតម្លៃសាំងនៅលើទីផ្សារអន្តរជាតិធ្លាក់នៅជិតក្រោម៤០ដុល្លារក្នុងប៉ារ៉ែល រួមទាំងតម្លៃសាំងនៅប្រទេសជិតខាង ដូចប្រទេសវៀតណាម និងប្រទេសថៃ មានតម្លៃសាំងទាបជាងប្រទេសកម្ពុជា ។ លោកថាប្រេងសាំងនៅកម្ពុជាគួរចុះនៅក្រោម៣ពាន់រៀលក្នុង១លីត្រ ទើបធ្វើឲ្យប្រជាកសិករសប្បាយចិត្តបាន ។
លោកបណ្ឌិតមាស នី បន្តថា អ្វីដែលជាឧបសគ្គសម្រាប់ក្រុមហ៊ុន ក្នុងការបញ្ចុះតម្លៃប្រេងនោះ គឺបណ្តាលមកពីការយកពន្ធខ្ពស់ពីរដ្ឋាភិបាល ដែលឲ្យក្រុមហ៊ុនប្រេងឥន្ទនៈ ពិបាកបញ្ចុះតម្លៃប្រេងសាំងឲ្យទាបដូចប្រទេសជិតខាងបាន។ លោកថា៖ «ការរករូបមន្ត តាមពិតទៅវាមិនមែនការចំណេញរវាងក្រុមហ៊ុន ហើយនិងពលរដ្ឋទេ សំខាន់ពីការហូតពន្ធ បរិមាណនៃការហូតពន្ធរបស់រដ្ឋាភិបាលពីតម្លៃប្រេង ។ ប្រសិនជាពន្ធរដ្ឋាភិបាលហូតពីប្រេង ដែលដកហូតពីប្រេងនៅតែខ្ពស់ អញ្ចឹងក្រុមហ៊ុន ការបញ្ចុះតម្លៃប្រេងក៏នៅតែមានការពិបាកដែរសម្រាប់ក្រុមហ៊ុននោះ»។
ត្រឡប់ទៅរកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ លោកបានឲ្យដឹងថា ក្រសួងនឹងធ្វើការផាក់ពិន័យចំពោះ ក្រុមប្រេងឥន្ធនៈណា ដែលមិនគោរពតាមការកំណត់តម្លៃសាំងរបស់ក្រសួង ក្រោយពីក្រសួងកំណត់ថ្លៃសាំងជាក់លាក់ក្នុង១លីត្ររួចនោះ។ លោកថា ក្រសួងនឹងខិតខំបញ្ចប់កិច្ចចរចាតម្លៃសាំងជាមួយក្រុមហ៊ុន ឲ្យចប់ឆាប់ៗ យ៉ាងយូរនៅសប្តាហ៍ក្រោយនេះ។
គួររម្លឹកដែរថា ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបែបស្ដីបន្ទោស ដល់ក្រុមហ៊ុនសាំងនៅកម្ពុជាថា ពេលឡើងថ្លៃលឿន តែពេលចុះវិញ គឺពិបាក៕