ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចនៅព្រឹកថ្ងៃ ចន្ទ ទី ១៦កក្កដា នេះ សម្រេចបើកចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៤ ឡើងវិញ ក្រោយពេលផ្អាកធ្វើចរាចរក្នុងរយៈពេលខ្លីកាលពីរសៀលម្សិលមិញ។ តែជាមួយគ្នានេះ ក្រសួងធនធានទឹកព្រមានអំពីទឹកទន្លេមេគង្គនឹងហក់ឡើងខ្ពស់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា នៅថ្ងៃទី ១៦ ខែ កក្កដានេះ អាជ្ញាធរសម្រេចឱ្យរថយន្តគ្រប់ប្រភេទធ្វើចរាចរឡើងវិញ នៅលើផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ ក្រោយពីស្ថានភាពទឹកជំនន់ស្រកចុះជាធម្មតា។
ក្រសួងបញ្ជាក់ថា គិតត្រឹមម៉ោង ៩ យប់ថ្ងៃទី ១៥ ម្សិលមិញ ទឹកស្រកចុះ០,០៥ម ហើយអាជ្ញាធរក៏អនុញ្ញាតឱ្យរថយន្តធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។
នៅវេលាម៉ោង ៥ និង ៣០នាទី ម្សិលមិញ អាជ្ញាធរសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នដោយសារទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
តែជាមួយគ្នានេះ សេចក្តីជូនដំណឹងរបស់ក្រសួង ចេញផ្សាយនៅថ្ងៃទី ១៦ ខែ កក្កដានេះ ឲ្យដឹងថា ឥទ្ធិពលប្រព័ន្ធសម្ភាធទាបពីប្រទេសថៃ និងឡាវ បន្តធ្លាក់ភ្លៀងជាបន្តបន្ទាប់នឹងនាំឱ្យទឹកទន្លេមេគង្គហក់ឡើងក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។ ក្រសួងថា ទឹកទន្លេមេគង្គកម្ពុជាហក់ឡើង ហើយទឹកនឹងហូរចូលតាមព្រែក និងតំបន់ទំនាបនានានៅអមសងខាងទន្លេមេគង្គរងការលិចលង។
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យប្រជាកសិកររស់នៅអមសងខាងទន្លេមេគង្គលើ រួមមានខេត្ត ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង ខេត្តកំពង់ចាម ត្រូវប្រញាប់ប្រមូលផលកសិផលជាប្រញាប់ ព្រោះទឹកទន្លេមេគង្គនឹងហក់ឡើងឆាប់រហ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។