ភ្នំពេញ៖ ក្រោយពីដំណើរការ ចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ចាប់ផ្តើមបានមួយថ្ងៃកាលពី ថ្ងៃទី ០១ កញ្ញា ឆ្នាំ ២០១៦ម្សិលម៉ិញ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ថា ការបូកសរុប អ្នកបានទៅចុះឈ្មោះបោះឆ្នោត ដល់ម៉ោង៥រសៀលមាន ចំនួនជិត១៣ម៉ឺនអ្នក។
លោកបន្តថាការិយាល័យនៅតាមខេត្តមួយចំនួន មិនទាន់បានផ្ញើរទិន្នន័យមក កាន់គ.ជ.ប បានទេដោយសារប្រព័ន្ធ អ៊ីនធ័រណែត មិនដំណើរការ។
លោក ហង្ស ពុទ្ធា ក៏បានបញ្ជាក់ថាដំណើរការ រយៈពេលមួយថ្ងៃនេះ មិនទាន់ទទួលពាក្យបណ្ដឹងតវ៉ានៅឡើយនោះទេ។
ទោះជាយ៉ាងណាលោកថាកុំព្យូទ័រមួយចំនួន ដំណើរការមិនល្អប៉ុន្តែតែមិនចោទជាបញ្ហានោះទេហើយ ទិន្នន័យក៏ មិនមានការបាត់បង់ដែរ។
ការិយាល័យចាប់ផ្តើម បើកទ្វារចាប់ពីម៉ោង ៧ ដល់ម៉ោង ១១:៣០ព្រឹក ចំណែកពេលរសៀល ចាប់ពីម៉ោង ២ រសៀលដល់ម៉ោង៥:៣០ នាទី។
ប្រជាពលរដ្ឋអាចទៅចុះឈ្មោះ នៅតាមឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ ចាប់ពីថ្ងៃទី០១ ខែ កញ្ញា ដល់ ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយមានរយៈពេល៩០ថ្ងៃ។
ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋ ត្រូវបំពេញលក្ខខណ្ឌ មួយចំនួនគឺមានសញ្ជាតិខ្មែរ មានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត។ មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំសង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោត។
មិនត្រូវសិ្ថតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោតនិងពុំមែនជាជនវិកលចរិត។
ទាក់ទិនការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធថ្មីនេះ គណបក្សសង្គ្រោះជាតិបានដាក់អ្នកសង្កេតការណ៍ ៣០០០នាក់ ហើយ អង្គការឃ្លាំមើលការបោះឆ្នោតមួយ ឈ្មោះថាខុមហ្វ្រែល បានដាក់អ្នកសង្កេតការណ៍របស់ខ្លួនជាង ១០០០នាក់៕