ក្រុងតៃប៉ិ៖ ផ្លូវដែក កំពង់ផែ និងព្រលានយន្តហោះនៅកោះតៃវ៉ាន់ត្រូវបានរឹតបន្តឹងសន្តិសុខ បន្ទាប់ពីមាន មនុស្ស ២៥នាក់បានរងរបួសនៅក្នុងការផ្ទុះរថភ្លើងមួយខ្សែកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី០៧ កក្កដា។
រដ្ឋបាលផ្លូវរថភ្លើងនៃដែនដីកោះតៃវ៉ាន់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រសួងដឹកជញ្ជូន បានណែនាំទីភ្នាក់ ងារទទួលបន្ទុកផ្លូវដែក កំពង់ផែ និងព្រលានយន្តហោះ ត្រូវរឹតបន្តឹងសន្តិសុខ និងបន្ថែមការប្រុងប្រយ័ត្នឱ្យកាន់តែច្រើន។ ជាងនេះទៅទៀត តៃវ៉ាន់ក៏ស្នើសុំឱ្យនគរបាលពង្រឹងសន្តិសុខនៅស្ថានីយ៍រថភ្លើងផងដែរ។
យោងតាមរដ្ឋបាលផ្លូវរថភ្លើងតៃវ៉ាន់ ការកើតហេតុការណ៍ផ្ទុះកាំភ្លើងនៅស្ថានីយ៍រថភ្លើង ដែលមានឈ្មោះថា សុងសាន នោះ គេបានលឺសំឡេងផ្ទុះ ៦លើកនៅប្រហែលជាម៉ោង 10 យប់នារាត្រីនោះ។
នាយករដ្ឋបាលផ្លូវរថភ្លើងលោក ជូយង់ ហាយ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ពីមូលហេតុនៃការផ្ទុះនេះថា គឺអាចបណ្តាលមកពីបញ្ហាគ្រឿងម៉ាស៊ីននៃរថរភ្លើង។ តែយ៉ាងណាលោកថា មូលហេតុចំបងនៃបញ្ហានេះគឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។
អគ្គនាយកទីភ្នាក់ងារប៉ូលិសជាតិលោក Chen Kuo-en បានឱ្យដឹងថា ប៉ូលិសបានរកឃើញគ្រឿងផ្ទុះ(រំសេវបំផ្ទុះ)នៅចំងាយប្រមាណ ១៥ សង់ទីម៉ែត្រនៅលើកៅអីនៃរទេះមួយ។ លោកបានបន្ថែមទៀតថា ប៉ូលីសបានរកឃើញវត្ថុគួរឱ្យសង្ស័យខ្លះ ដូចជាផាវផងដែរ ហើយប៉ូលិសបានយកវាដើម្បីស៊ើបអង្កេត។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News បុរសជាសាក្សីម្នាក់អាយុ 40 ឆ្នាំនៅក្នុងហេតុការណ៍នោះ បាននិយាយថា លោកបានឃើញគេបន្សល់ទុកនូវវត្ថុជាយូរមកហើយនៅក្នុងរទេះមុនពេលដែលរថយន្តបានចាកចេញ។
តែបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារកណ្តាល អ្នកដំណើរផ្សេងទៀតបានឃើញបរុសម្នាក់ចាកចេញពីរទេះដោយទុកថង់ឥវ៉ាន់ពណ៌ខ្មៅមួយនៅលើរទេះនោះមុនពេលផ្ទុះ។
ប៉ូលីសបានពិនិត្យវីដេអូឡើងវិញ ដើម្បីព្យាយាមកំណត់ពីអត្តសញ្ញាណបុរសម្នាក់នោះ ប៉ុន្តែប៉ូលិសបាននិយាយថា ពួកគេមិនបានទទួលការគំរាមកំហែងណាមួយមុនពេលកើតឧប្បត្តិហេតុនេះទេ។
ប្រភពៈCNA