ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ចច អេដហ្គា (George Edgar) ដែលបានទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃសុក្រនេះ បានហៅអ្នកវិភាគបញ្ហាសង្គមរូបនេះថា ជាមនុស្សក្លាហាន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ។ គិតមកដល់ថ្ងៃនេះ តំណាងសហគមន៍អន្តរជាតិ មកស្ថានទូតនានាជាង ១០រូបបានមកគោរពវិញ្ញណក្ខន្ធលោកបណ្ឌិត។ ពួកគេសុទ្ធតែសម្ដែងការសោកស្ដាយនឹងឱ្យតម្លៃខ្ពស់ជូនលោក កែម ឡី។ ចំណែកអ្នកវិភាគ យល់ថាលោក កែម ឡី មានកិត្តិយស់ ទាំងក្នុងប្រទេស និង អន្តរជាតិ។
លោក ចច អេដហ្គា បានមកកាន់កន្លែងបុណ្យសពលោកបណ្ឌិត កែម ឡី នៅវត្តពោធិយារាម វត្ដហៅវត្តចាស់ នៅសង្កាត់ជ្រោយចង្វារ កាលពីម៉ោង ៩ព្រឹកថ្ងៃទី ២២ខែកក្កដានេះ ដោយបានចូលទៅអុជធូប ដាក់កម្រងផ្កាលើ មឈូសនិងគោរពវិញ្ញណក្ខន្ធ ចំពោះមុខសព លោក កែម ឡី ដោយទឹកមុខក្រៀមក្រំ លោក ចច អេដហ្គា បានទាញប៊ិច ចារលើកំណត់ហេតុ នៃសៀវភៅ មរណៈទុក្ខសពលោកបណ្ឌិត កែម ឡី។
លោក ចច អេដហ្គា បានសម្តែងក្តីក្រៀមក្រំជាមួយភរិយាលោកបណ្ឌិត កែម ឡី ហើយលោកបានកោតសរសើរលោកបណ្ឌិតបានជួយកិច្ចការសង្គមយ៉ាងច្រើន នៅពេលលោកមានជិវិតរស់។
ដោយទឹកមុខក្រៀមក្រំលោក ចច អេដហ្គា បានទាញប៊ិច ចារលើកំណត់ហេតុនៃសៀវភៅ មរណៈទុក្ខសព លោកបណ្ឌិត កែម ឡី ដែលមានសេចក្ដីដូចនេះថា៖«តាងនាមឱ្យគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាយើង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសាររបស់លោក កែម ឡី ដែលបានបាត់បង់ ស្វាមី និងឪពុកជាទីស្រឡាញ់។ ក្នុងន័យនេះ ខ្ញុំសូមសម្ដែងក្ដីរន្ធត់ ឃាតកម្មលើបុរសម្នាក់ ដែលជាមនុស្សក្លាហាន សុច្ចរឹត ស្វែងរកការគាំទ្រ ដើម្បីអភិវឌ្ឍន៍ប្រទេស។ ជាមួយគ្នានេះ ទឹកចិត្តយើង គឺនៅជាមួយគ្រួសារ និងមិត្តភ័ក្ដរបស់លោកក្នុងអំឡុងពេលវេលាដ៏សោកសៅនេះ»។
លោក ចច អេដហ្គា ដែលជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា លោកតែងតែសម្ដែងការព្រួយបារម្ភអំពី សិទ្ធិសេរីភាពសម្ដែងមតិ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែលអ្នកសង្កេតការណ៍ថា បានធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។
ជុំវិញការមកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី របស់លោក ចច អេដហ្គា ដែលជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ព្រឹកមិញនេះ លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម យល់ថាគឺជាការឆ្លុះបញ្ចាំងអំពីការគាំទ្រឲ្យអាជ្ញាធរកម្ពុជាស្វែងរកយុត្តិធម៌ ជូនក្រុមគ្រួសារលោកបណ្ឌិត កែម ឡី។ លោកបន្តថា តំណាងអន្តរជាតិដែលមកគោរព វិញ្ញណក្ខន្ធលោកកែមឡី គឺបញ្ជាក់ថា លោក កែម ឡី មានកិត្តិយស់ ទាំងក្នុងប្រទេស និងអន្តរជាតិ។
លោក មាស នី៖«នៅក្នុងពេលនេះ ខ្ញុំគិតថា សហគមអន្តរជាតិភ្ជាប់ជាមួយនិងស្ថានការណ៍តាន់តឹងផ្នែកនយោបាយជាការសម្លាប់ចុងក្រោយទៅលើ លោក កែម ឡី។ ការដែលទៅបុណ្យសពពីសំណាក់អ្នកការទូតបរទេសគឺ ជាការបង្ហាញនូវគាំទ្រទៅលើការរកឲ្យឃើញយុត្តិធម៌ សម្រាប់គ្រួសារជនរងគ្រោះ ហើយក៏បានបង្ហាញថា រឿងសម្លាប់របស់លោក កែម ឡី វាមិនមែនផ្អើលត្រឹមតែនៅក្នុងសាធារណៈជន ថ្នាក់ជាតិទេ សូម្បីតែអន្តរជាតិក៏មានការព្រួយបារម្ភទៅលើ ការវិវត្តន៍ស្ថានការនយោបាយក្នុងស្រុកខ្មែរផងដែរ »។
លោក មាស នី បន្តថារាជរដ្ឋាភិបាលកម្ពុជាត្រូវតែស្វែងរកយុត្តិធម៌ក្នុងករណី បាញ់សម្លាប់អ្នកវិភាគបញ្ហានយោបាយ បើទោះបីជាគ្មានការជំរុញពីសហគមអន្តរជាតិក៏ដោយ។ លោកបន្ថែមថា ការចាប់បានជនដៃដល់ម្នាក់ឈ្មោះ ជួប សម្លាប់ ដែលអះអាងថា ជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាត ក្បែរប្រេងឥន្ទនៈកាលតិចជាប់ស្តុបបូកគោ រាជធានីភ្នំពេញកាលពីថ្ងៃទី ១០កក្កដា គឺមិនគ្រប់គ្រាន់ឡើយ លោកទទូចឲ្យអាជ្ញាធរស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត។
សហភាពអឺរ៉ុបបច្ចុប្បន្នមានប្រទេស២៧ជាសមាជិកហើយបើរាប់ទាំងប្រទេសអង់គ្លេសទៀតមាន ២៨ប្រទេស។ លោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅកណ្ដាលថ្ងៃកាលពីថ្ងៃទី ១០កក្កដា ២០១៦ ដោយ ខ្មាន់កាំភ្លើង ម្នាក់ដែលសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់។សព លោក កែម ឡី នឹងត្រូវហែរទៅបញ្ចុះនៅស្រុកកំណើតរបស់គាត់ នៅស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃអាទិត្យទី ២៤កក្កដាចុងសប្ដាហ៍នេះ។
គិតមកដល់ថ្ងៃនេះ តំណាងសហគមន៍អន្តរជាតិ មកស្ថានទូតនានាជាង ១០រូបដែលបានមកគោរពវិញ្ញក្ខន្ធលោក។ ពួកគេសុទ្ធតែសម្ដែងការសោកស្ដាយនឹងឱ្យតម្លៃខ្ពស់ជូនលោក កែមឡី ។
កាលពីថ្ងៃទី ១៩ កក្កដា លោក Torm Malinowski ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក៏បានមកដាក់កម្រងផ្កា និងគោរពវិញ្ញណក្ខន្ធលោកបណ្ឌិត ដោយបានសម្ដែងការកោតសរសើរ ចំពោះ វិរៈភាពរបស់លោកបណ្ឌិតខណៈលោកសន្យាសហការ ជាមួយប្រជាជនកម្ពុជា ដើម្បីអនាគតប្រទេសនេះ។
លោក Torm Malinowski បានចារក្នុងសៀវភៅ កំណត់ត្រា មរណៈទុក្ខសពលោក កែម ឡី ដោយសរសេរថា ៖«តាងនាមឱ្យសហរដ្ឋអាមេរិក ខ្ញុំសូមសម្ដែងនូវ មរណៈទុក្ខ និងសោកស្ដាយក្រៃលែងជូនចំពោះគ្រួសារលោក កែម ឡី ដែលបានបាត់បង់ ស្វាមី ឪពុក ជាទីស្រឡាញ់។ យើង សូមគោរពយ៉ាងស្មោះ អស់ពីចិត្តចំពោះ សុចរឹតភាព ឯករាជ្យភាព សុទិដ្ឋិនិយម របស់ លោកបណ្ឌិត ។ ក្នុងន័យនេះ យើងសន្យាសហការជាមួយប្រជាជនកម្ពុជា ដើម្បីជួយធ្វើឱ្យល្អអនាគត ដែលយើងចង់បានទាំងអស់គ្នា »។
លោកបណ្ឌិត កែម ឡី ដែលត្រូវបានគេដាក់រហស្សនាមថា អ្នកវិភាគនយោបាយឯករាជ្យ ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទៅ ១០ខែកក្កដា ឆ្នាំ២០១៦ ពេលដែលលោកកំពុងអង្គុយទទួលទានកាហ្វេ នៅក្នុងស្តាម៉ាតមួយកន្លែង ក្បែស្តុបបូកគោ។ ពសលោកត្រូវបានយកមកតម្កល់នៅវត្តចាស់ស្ថិត ក្នុងសង្កាត់ជ្រោយចង្វា។ នៅថ្ងៃអាទិត្យទី២៤ ខាងមុខ សពលោកនឹងត្រូវបានគេយកទៅបញ្ចុះនៅស្រុកកំណើតស្ថិតក្នុងស្រុកត្រាំកក់ខេត្តកណ្តាល៕