ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចដកតួនាទីមន្ត្រីក្រសួងមហាផ្ទៃមួយរូប ពីអគ្គនាយករងនៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីឧត្តមសេនីយ៍រូបនេះ បានជេរប្រមាថប៉ូលីសចរាចរណ៍ម្នាក់ ហើយបញ្ជាឱ្យស្នងការរាជធានីភ្នំពេញបញ្ឈរជើងមន្ត្រីប៉ូលិសសចរាចរណ៍រូបនោះ។
ការសម្រេចដកតំណែងនេះគឺ ក្រោយពីឧត្តមសេនីយ៍ផ្កាយបីលោក ម៉ម ស្រ៊ីមវណ្ណា បានប្រើពាក្យសម្តីមិនសមរម្យជេរប្រមាថទៅលើប៉ូលីសចរាចរណ៍ថា«អាប៉ូលីសចរាចរណ៍»។
ពាក្យ«អាប៉ូលីសចរាចរណ៍»សម្តេចបានចាត់ទុកថា ពាក្យនេះមិនត្រឹមតែប្រមាថមើលងាយថ្នាក់ក្រោមប៉ុណ្ណោះទេ តែជាការប្រមាថដល់ស្ថាប័ននគរបាលចរាចរណ៍ទាំងមូល។
សម្តេចបានសរសេរបន្តថា«ខ្ញុំមិននឹកស្មានដល់សោះថាគាត់ជាប៉ូលីសបែរជាប្រើពាក្យ “ អាប៉ូលីស” ចុះទំរាំប្រជាជនធម្មតាគាត់ហៅយ៉ាងម៉េចទៀតនៅពេលគាត់ខឹង?»។
កាលពីដំបូងឡើយសម្តេចបានសម្រេចដកតំណែងឋានន្តរស័ក្តិ និងបណ្តេញមន្ត្រីផ្កាយបីខាងលើពីស្ថាប័ននគរបាល ដើម្បីជាគំរូសម្រាប់អ្នកមានអំណាចទាំងអស់ឱ្យចេះគោរពច្បាប់ ចេះប្រើពាក្យសំដីមានសុជីវធម៌ មានគុណធម៌ និងសីលធម៌។
បន្ទាប់មកក្រោយពីស្តាប់ការផ្តល់យោបល់តាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចសម្រេចត្រឹមតែដកតួនាទីពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយរក្សាទុកឋានន្តរស័ក្តិជាឧត្តមសេនីយឯកនៃនគរបាលជាតិតទៅទៀត។
សម្តេចសរសេរបញ្ជាក់បន្តថា នាពេលខាងមុខប្រសិនលោក ម៉ម ស្រ៊ីមវណ្ណា ស្គាល់កំហុសនិងធ្វើការកែប្រែក្រសួងមហាផ្ទៃអាចលើកសំណើរតែងតាំងក្នុងមុខដំណែងណាមួយសមស្របវិញ។
មុនពេលសម្តេចសម្រេចដកតួនាទីឧត្តមសេនីយ៍ផ្កាយបីខាងលើ នគរបាលចរាចរណ៍បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកដោយស្នើសុំអន្តរាគមពីសម្តេច ស ខេង ដោយមានសេចក្តីយ៉ាងដូច្នេះថា៖« ខ្ញុំបាទឈ្មោះ សូត្រ កញ្ញា អត្តលេខ៦៧៩៦៨ ជាមន្ត្រីនគរបាលចរចារណ៍រាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខ្ញុំបាទ!បានឃាត់ឡានមួយគ្រឿងដែលមានផ្លាកលេខ AA9562 ដែលបើកមិនគោរពភ្លើងសញ្ញាចរាចរណ៍ថែមទាំងមិនទទួលខុសត្រូវ និងនិយាយសម្តីមិនសមរម្យលើរូបខ្ញុំបាទ! ដោយនិយាយប្រាប់ខ្ញុំថា ខ្លួនជាឧត្តមសេនីយ៍ ហែងអត់ស្គាល់អញទេ! ឥឡូវនេះខ្ញុំត្រូវអង្គភាពដកបញ្ឈរជើង ខ្ញុំសូមសម្តេច ស ខេង ជួយដោះស្រាយឲ្យរូបខ្ញុំបាទដែលជាមន្ត្រីអនុវត្តច្បាប់ផង»។
ទន្ទឹមនឹងនេះដែរ សម្តេចបានណែនាំទៅស្នងការនគរបាលរាជធានីត្រូវអប់រំមន្ត្រីនគរបាលដែលប្រើពាក្យសំដីមិនគប្បី ហើយប្រគល់ការងារឱ្យធ្វើវិញហើយក្រសួងមហាផ្ធៃ អគ្គស្នងការនគរបាលជាតិត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ទូទាំងប្រទេសអំពីសីលធម៍ សុជីវធម៌ វិន័យ គឺត្រូវសុភាពរាបសារតែម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់៕