អ្នកចរចានៅឯកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្រមព្រៀងគ្នាលើអនុសញ្ញាស្តីពីការបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលកំពុងធ្វើឱ្យផែនដីឡើងកម្តៅជារឿងៗ។
(កញ្ញា កែវ សុជាតា រាយការណ៍)
អ្នកចូលរួមនៅក្នុងកិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុ COP28 កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានលើកយកសំណើព្រៀងច្បាប់ស្តីពីការបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដើម្បីឱ្យអ្នកតំណាងមកពីបណ្តាប្រទេសនានានាំគ្នាដោះស្រាយ និងជជែកដេញដោលរកវិធីសាស្រ្តបង្ការជាបន្តបន្ទាប់ជុំវិញបញ្ហាការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។
លោក Sultan al-Jaber ប្រធានកិច្ចប្រជុំ COP28 និងជាម្ចាស់ផ្ទះនៃប្រទេសឌូប៉ៃផងនោះ បានមានប្រសាសន៍កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ថា លោកបានអនុម័តលើឯកសារកណ្តាលដែលជាការវាយតម្លៃអំពីរបៀបដែលពិភពលោកកំពុងជួបវិបត្តិការប្រែប្រួលអាកាសធាតុ និងរបៀបចាប់ផ្តើមស្រោចស្រង់ស្ថានភាពឱ្យល្អប្រសើរឡើងវិញ។ ជាមួយគ្នានេះ លោកបានអបអរសាទរថា គំនិតផ្តួចផ្តើមនេះគឺជាកញ្ចប់ប្រវត្តិសាស្ត្រ ដើម្បីពន្លឿនសកម្មភាពអាកាសធាតុដោយឆ្ពោះទៅរកការពារ និងអភិវឌ្ឍ។
ប្រធាន COP28 រូបនេះទៀតសោត បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មិនបានអំពាវនាវឱ្យមានការបញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់ប្រេង ឧស្ម័ន និងធ្យូងថ្មនោះទេ ក៏ប៉ុន្តែចង់សំដៅលើការផ្លាស់ប្តូរ និងនៅឱ្យឆ្ងាយពីឥន្ធនៈទាំងនោះតាមដែលអាចធ្វើទៅបាន។ លោក al-Jaber បន្តទៀតថា ការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងក្នុងរបៀបមួយដែលពិភពលោកបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យភាគរយ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានហៅវាថាជាជំហានដ៏សំខាន់មួយកាន់តែខិតជិតក្នុងការរក្សាគោលដៅអាកាសធាតុក្នុងកម្តៅ ១.៥ដឺក្រេ តែលោកអះអាងថា បញ្ហានេះក៏អាស្រ័យលើប្រទេសដែលអនុវត្តផងដែរ ដែលធ្វើយ៉ាងណាដើម្បីកសាងអនាគតប្រកបដោយសុវត្ថិភាព និងក្តីសង្ឃឹមបន្ថែមទៀតសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។
គួរបញ្ជាក់ថា ឯកសារខាងលើនេះ គឺជាផ្នែកកណ្តាលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ និងជាគោលដៅសម្រាប់ការព្រមព្រៀងអន្តរជាតិ ដើម្បីព្យាយាមកំណត់ការឡើងកម្រៅផែនដី។ អ្នកវិទ្យាសាស្ត្រ បាននិយាយថា ក្នុងឆ្នាំ២០២៣នេះ ពិភពលោកពិតជារងនូវការគំរាមកំហែងផ្អែកលើការប្រែប្រួលអាកាសធាតុបំផុត ខណៈកម្តៅពិភពលោកឆ្នាំនេះ គឺក្តៅខ្លាំងបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត បើធៀបនឹងឆ្នាំកន្លងៗមក៕
ប្រភព៖ AP ចុះថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣