ហ្សាកាតា ៖ យ៉ាងតិចមនុស្សម្នាក់ស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងប៉ូលិស ជាមួយក្រុមអ្នកតវ៉ាដែលទាមទារទម្លាក់អភិបាលរដ្ឋធានីហ្សាកាតា នៅទីក្រុងហ្សាកាតានារាត្រីថ្ងៃសុក្រ ទី ០៤ ខែវិច្ឆិកានេះ ។
បុរសចំណាស់ម្នាក់បានស្លាប់ ដែលទំនងបណ្តាលមកពីមូលហេតុប៉ះពាល់ឧស្ម័នបង្ហូរទឹកភ្នែកដែលប៉ូលីសបានបាញ់ដើម្បីបង្ក្រាប់បាតុកម្មនោះ។ នេះបើយោងតាមអ្នកនាំពាក្យប៉ូលិសក្រុងហ្សាកាតាបញ្ជាក់។
អ្នកនាំពាក្យរូបនេះបន្ថែមថា ជនស៊ីវិលបួននាក់ និង ប៉ូលីសបីនាក់បានរងរបួស។ ប៉ូលីសឥណ្ឌូនេស៊ីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបានបាញ់ទឹកដើម្បីបំបែកក្រុមអ្នកតវ៉ាមូស្លីមប្រកាន់ខ្សែតឹង កាលពីល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីការជួបជុំដោយសន្តិវិធីហើយបានប្រែទៅជាភាពវឹកវរវិញ។
កាលពីព្រឹកថ្ងៃសុក្រនេះ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីទាមទារឱ្យអភិបាលរដ្ឋធានីហ្សាកាតាដែលជាគ្រឹះសាសនិកឱ្យលាលែងពីតំណែង ព្រោះអភិបាលរដ្ឋធានីរូបនេះ បានប្រមាថគម្ពីរកូរ៉ានដែលជាគម្ពីររបស់សាសនាម៉ូស្លីម។
សាក្សីក្នុងហេតុការណ៍បានប្រាប់ទីភ្នាក់ងាររ៉យទ័រ(Reuters)ថា ពួកគេបានឃើញរថយន្តបាញ់ទឹកយ៉ាងតិចណាស់ចំនួនប្រាំគ្រឿង ដាក់តំរៀបគ្នានៅខាងមុខវិមានប្រធានាធិបតី។ សេចក្តីរាយការណ៍មួយចំនួនបានឱ្យដឹងថា រថយន្តបាញ់ទឹកត្រូវបានគេដុត។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានបង្ហាញរូបភាពនៃការឆេះរថយន្តនេះដោយមានផ្សែងខ្មៅក្រាស់ នៅជិតទៅវិមានប្រធានាធិតីផងដែរ ។
តាមរយៈរូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញរូបភាពក្រុមអ្នកតវ៉ាត្រូវគ្របមុខរបស់ពួកគេ និងព្យាយាមដើម្បីផ្លាស់ទីចេញពីឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលីស ខណៈដែលអ្នកផ្សេងទៀតបានគប់ដបទឹកប្លាស្ទិច និងវត្ថុផ្សេងទៀតទៅកាន់មន្ត្រីប៉ូលិសដែលបានធ្វើជារបាំងព័ទ្ធពួកគេនោះ។
សូមបញ្ជាក់ថា កម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយប្រមាណ ២ម៉ឺននាក់ ដើម្បីទប់ទល់នឹងការតវ៉ានេះ។ ប៉ូលិសបានរាយការណ៍មកថា ក្រុមអ្នកតវ៉ាមានគ្នាប្រមាណ ៥ម៉ឺននាក់ នៅក្នុងរង្វង់នៃការប្រមូលផ្តុំគ្នានោះ៕
ប្រភព៖CNA