ប្រភពការទូតនៃប្រទេសឥណ្ឌា បានដឹងថា ឥណ្ឌានឹងកាត់បន្ថយឬក៏ផ្អាកទិញប្រេងពីប្រទេសវេណេហ្សូអេឡា នៅចុងខែមេសាឆ្នាំ២០១៩នេះ ទៅតាមសំណើរបស់អាមេរិកដែលប្រាប់ឱ្យ ក្រុងញូដែលីចូលរួមជាមួយអាមេរិក ដាក់ទណ្ឌកម្មប្រេងលើរបបម៉ាឌូរ៉ូ។
តាមសារព័ត៌មាន The Economic Times ឥណ្ឌានឹងបង្វិលការទិញប្រេង ទៅប្រទេសប្រេស៊ីល និងម៉ីចស៊ីចកូ។ សហរដ្ឋអាមេរិក តាមរយៈសេតវិមានរបស់ប្រធានាធិបតីត្រាំ នឹងសម្រេចបិទការនាំប្រេងចូលពីប្រទេសវេណេហ្សូអេឡា នៅថ្ងៃទី២៨មេសា ខែក្រោយនេះ។ ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងដើម្បី គាបសង្កតលោកម៉ាឌូប្រធានាធិបតីវេណេហ្សូអេឡា ដែលអាមេរិកថាជាមេដឹកនាំខុសច្បាប់ អោយចុះចេញពីតំណែងហើ់យរៀបចំការបោះឆ្នោតប្រធានាធិបតីឡើងវិញ។
ឥណ្ឌា ជាប្រទេសនាំប្រេងពីវេណេហហ្សូអេឡាធំទី៣បន្ទាប់ពីប្រទេសចិន។ ប្រទេសធំនេះ ត្រូវការប្រេងពីវេណេហសូអេឡាក្នុងមួយថ្ងៃ២សែន ៨ម៉ឺនបារ៉េល។ កាលសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបសមភាគីឥណ្ឌា នៅក្រុងវ៉ាស៊ីនតោន ដែលក្នុងជំនួបនោះ អាមេរិកបានសុំអោយឥណ្ឌាផ្អាកទិញប្រេងពីវេណេហ្សូអេឡា មួយរយៈ ដោយរង់ចាំរដ្ឋាភិបាលថ្មីនៃប្រទេសវេណេហ្សូអេឡាត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតប្រធានាធិបតីម្ដងទៀត។
អ្នកសេដ្ឋកិច្ចព្រមានថា បើទណ្ឌកម្មប្រេងកើតឡើងព្រមគ្នា លើប្រទេសវេណេហសូអេឡា គឺរបបម៉ាឌូរ៉ូនឹងជូបចលាចលធ្ងន់ធ្ងរហើយប្រជាជននឹងបន្តតវ៉ាគាបសង្កត់លោកម៉ាឌូរ៉ូអោយចុះចេញពីតំណែងជាបន្ទាន់៕