ភ្នំពេញ៖ ក្រុមជំនាញវិស័យគ្រឿងផ្ទុះរបស់អង្គការសហប្រជាជាតិ (UNMAS) បង្ហាញឆន្ទៈបន្តជួយហ្វឹកហ្វឺនកងយោធាមួកខៀវកម្ពុជា ពាក់ព័ន្ធជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៨។
តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្ហាញជំហរក្នុងការបន្តជួយបណ្ដុះបណ្ដាលដល់កងយោធាមួកខៀវកម្ពុជានេះ ធ្វើឡើងក្រោយពីធីបិទបញ្ចប់វគ្គហ្វឹកហ្វឺនលើផ្នែកនេះ បន្ទាប់ពីហ្វឹកហ្វឺនរយៈពេលប្រាំបីសប្ដាហ៍នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ។
លោក អែន ឌ្រូ ស្តេតមែន (Andrew Stedman) តំណាងមន្ត្រីនៃក្រុមជំនាញវិស័យគ្រឿងផ្ទុះរបស់អង្គការសហប្រជាជាតិ ថ្លែងថា ការហ្វឹកហ្វឺនឲ្យដល់សិក្ខាកាមកងយោធាមួកខៀវកម្ពុជា ក្នុងភារៈជាគ្រូបង្គោលលើជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ ដើម្បីឱ្យពួកគាត់ យកចំណេះដឹងលើវិស័យនេះ ទៅបង្រៀនបន្តឲ្យដល់កងយោធាមួកខៀវកម្ពុជាទាំងឡាយ មុនពេលដែលពួកគេត្រូវបានបញ្ជូនទៅកាន់តំបន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោក សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សំដែងនូវក្តីមោទនភាពចំពោះវត្តមានរបស់មន្ត្រី UNMAS និងក្រុមគ្រូ TDI ចំនួនប្រាំរូប ដែលបន្តជួយជ្រោមជ្រែងបណ្តុះបណ្តាលសមត្ថភាពឲ្យដល់កងយោធពលខេមរភូមិន្ទ ពិសេសគ្រូបង្គោលកម្ពុជាលើជំនាញនេះ។
ការបណ្ដុះបណ្ដាលលើជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះនេះ ពិតជាមានសារៈប្រយោជន៍ខ្លាំងមុន នឹងបញ្ជូនទៅកាន់តំបន់បេសកកម្ម នៅសាធារណរដ្ឋម៉ាលី ដែលប្រឈមទៅនឹងហានីភ័យខ្ពស់ជាងគេ។
ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេស មានប្រមាណជាង ៥ម៉ឺននាក់ក្នុងនោះមានស្ត្រីជាង ២០០នាក់៕