ចាប់តាំងពីបង្កើតគណៈកម្មាការជាតិទប់ស្កាត់បទល្មើសព្រៃឈើ ដែលបង្កើតឡើងដោយសម្តេចនាយករដ្ឋ មន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៥ កន្លងមកគឺ រហូតមកទល់ពេលនេះ មន្ត្រីនៃគណៈកម្មាការនេះ មិនទាន់បញ្ជាក់ពីទំហំឈើស្របច្បាប់ ឬឈើខុសច្បាប់បានប៉ុន្មានម៉ែត្រដែលត្រូវបានរឹបអូសឱ្យជាក់លាក់នៅឡើយទេ។ ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថអះអាងថា កាលពីថ្មីៗនេះ តុលាការខេត្តត្បូងឃ្មុំ បានចេញ ដីការកោះហៅឈ្មួញរកស៊ីកាប់ឈើថ្នាក់ទាប ៩ នាក់ ឱ្យចូលមកបំភ្លឺពាក់ព័ន្ធនិងករណីការកាប់បំផ្លាញព្រៃឈើ និងជួញដូរឈើខុសច្បាប់ នៅកម្ពុជា។
តើតុលាការចេញដីការកោះហៅឈ្មួនឈើ ៩ រូបនេះ អាចនឹងបង្ហាញពីឈ្មួញឈើធំដែលជាប់ពាក់ព័ន្ធនៅពីក្រោយបានឬទេ? តទៅនេះសូមអញ្ចើញស្តាប់បទសេចក្ដីរាយការណ៍របស់ លោក ធូ វិរៈ ដូចតទៅ៖
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការអភិរក្សព្រៃឈើនៅកម្ពុជាបានរិះគន់ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថា បង្ក្រាបបានតែអ្នករកស៊ីជួញដូរឈើតូចតាច ខណៈឈ្មួញឈើធំៗនៅតែរួចខ្លួនដដែល។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត បានប្រាប់វិទ្យុស្ត្រី FM 102 នៅថ្ងៃអាទិត្យនេះថា លោកកំពុងតាមដានដំណើរការនៃការអនុវត្តនីតិវិធីរបស់តុលាការថា តើឈ្មួញឈើទាំង ៩ រូបនោះភាគច្រើនជាមេការឃ្លាំង ត្រូវបានតុលាការផ្តន្ទាទោសដែរឬអត់?
លោក សុវ៉ាត បន្តថា តាមការអង្កេតរបស់លោក ក្រុមអ្នកជាប់ពាក់ព័ន្ធទៅនិងករណីបំផ្លាញព្រៃឈើ និងជួញដូរព្រៃឈើខុសច្បាប់ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំនេះ មិនមែនមានត្រឹមតែ ៩ នាក់នោះទេ។
លោកថា៖«ក្រុមឈ្មួញអាច មានពី ៣០ ទៅ ៥០ នាក់ឯណោះ។ លោកថា ជុំវិញករណីនេះ លោកនឹងតាមដានការអនុវត្តនីតិវិធីរបស់តុលាការបន្តទៀតផងដែរ»។
ចំណែក ប្រធានអង្គការកិច្ចការងារពិសេសសិទ្ធិមនុស្ស លោក អ៊ួច ឡេង មានប្រសាសន៍ថា ការបង្កើតគណៈកម្មការជាតិទប់ស្កាត់បទល្មើសព្រៃឈើរបស់រដ្ឋាភិបាលនេះ គឺគ្រាន់តែធ្វើឱ្យល្អមើលប៉ុណ្ណោះ ហើយការកោះហៅឈ្មួញឈើ ៩ រូបនេះ ដែលភាគច្រើនជាមេការឃ្លាំងស្តុកឈើមសាកសួរនៅពេលនេះទំនងជាមិនអាច ចាប់ឈ្មួញឈើធំៗមកផ្តន្ទាទោសតាមបានឡើយ។
លោកបន្តថា៖ «ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈទប់ស្កាត់បទល្មើសព្រៃឈើឱ្យមាន ប្រសិទ្ធភាពនោះ រាជដ្ឋាល ភិបាលត្រូវតែបិទរោងសប្បកម្មកែច្នៃគ្រឿសង្ហារមធំៗឲ្យអស់ ព្រោះកន្លែងទាំងនេះគឺជាឬសគល់នៃការនាំចេញឈើទៅក្រៅប្រទេស»។
ជុំវិញបញ្ហានេះមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថ បានអះអាងថា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ទទួលបានជោគជ័យច្រើនក្នុងការបង្ក្រាប ហើយលោកថា ចំពោះការរិះគន់របស់សង្គមស៊ីវិល គឺគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់វិទ្យុស្ត្រីថា គឺគណៈកម្មកានេះ បានទប់ស្កាត់មិនឱ្យមានការនាំឈើចេញទៅក្រៅប្រទេសនៅតាមច្រករបៀងទៀតឡើយ។ លោកបន្ថែមថា គណៈកម្មការនេះ កំពុងបន្តការចុះបង្ក្រាបបទល្មើសព្រៃឈើយ៉ាងសកម្ម ដោយមិនត្រូវរើសអើង ក្រុមនេះ ឬក្រុមនោះឡើយ។
លោកមានប្រសាសន៍ថា៖ «ការរិះគន់របស់អង្គការសង្គមស៊ីវិល ដែលធ្វើឡើនៅពេលនេះថា គ្រាន់តែជាសិទ្ធក្នុងការបញ្ចេញមតិប៉ុណ្ណោះ»។
ទោះបីយ៉ាងណាក៏ដោយជុំវិញការចេញដីការកោះហៅឈ្មួញរកស៊ីកាប់ព្រៃឈើចំនួន ៩ រូបនេះ ឱ្យទៅបំភ្លឺនៅតុលាការនេះ មន្ត្រីអង្គការសង្គមស៊ីវិលទាំងពីរខាងលើក៏ពុំទាន់សន្តិដ្ឋានថា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឬក៏តុលាការអាចនឹងបង្ហាញមេឈ្មួញឈើធំៗដែលជាប់ពាក់ព័ន្ធនិងការកាប់ បំផ្លាញ់ព្រៃឈើ និងការជួញដូរឈើខុសច្បាប់ដែរឬយ៉ាងណានោះទេ។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលទាំងនេះអះអាង ថាពួកគេនឹងសាកសួរ ឈ្មួញ រកស៊ីកាប់ឈើទាំង ៩ នាក់នេះដោយ យកទុកដាក់បំផុត។
ប្រហាក់ប្រហែលគ្នានេះអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ប្រសិនបើតុលាការរកឃើញថា ឈ្មួញរកស៊ីឈើ ៩ នាក់នោះមានជាប់ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើ និងការជួញដូរឈើខុសច្បាប់ពិតប្រាកដមែន ហើយកាត់ទោសតែ ៩ នាក់នេះ ឱ្យជាប់ពន្ធនាគារ ដោយមិនបានវែកមុខអ្នកនៅពីក្រោយខ្នងនោះ បញ្ជាក់ឱ្យឃើញថា វិធានការទប់ស្កាត់បទល្មើសព្រៃឈើរបស់រាជរដ្ឋាភិបាលនៅពេលនេះគ្រាន់តែកុំឱ្យលុយបែកខ្ចាយទៅណាច្រើនពេកប៉ុណ្ណោះ ហើយយន្តការនេះមិនខុសគ្នាកាលពី៥ឆ្នាំមុននោះដែរ។
លោករំឭកថា កាលពី ៥ ទៅ ៦ ឆ្នាំមុន រាជរដ្ឋាភិបាលក៏ធ្លាប់មានយន្តការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើយ៉ាងខ្លាំងក្លាដែរ ប៉ុន្តែជាលទ្ធផលពេលនោះគ្រាន់តែលុបបំបាត់ក្រុមឈ្មួញឈើគ្មានអំណាច និងតូចតាច ហើយឈ្មួញឈើដែលមានអំណាចឥទ្ធិពលមួយចំនួននៅតែអាចកាប់បំផ្លាញ់ព្រៃឈើ និងជួញដូរឈើខុសច្បាប់បានរហូតមកទល់ពេលនេះ។
លោកបណ្ឌិត មាស នី មានប្រសាសន៍ថា៖ «ប្រសិនចាប់តែឈ្មួញឈើតែ ៩ នាក់ បានន័យភាពអយុត្តិធម៌នៃឧក្រិដ្ឋកម្មព្រៃនៅតែអនុវត្តមិនបានល្អប្រសើរនៅឡើយ។ ខ្ញុំគិតថាដូចជាមិនទាន់អស់ទេ អ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើនេះវាមានច្រើនជាងហ្នឹងទៀង»។
កាលពីថ្ងៃទី ២៥ កុម្ភៈ កន្លងទៅ នៅក្នុងពិធីសម្ពោធអាគារក្រសួងបរិស្ថានថ្មី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ប្រើអាវុធបំពាក់លើឧទ្ធម្ភាគចក្រ បង្ក្រាបអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ប្រសិនបើពួកគេនៅតែរឹងទទឹងមិនព្រមបញ្ឈប់សកម្មភាពជួញដូរឈើខុសច្បាប់៕