អ្នកសារព័ត៌មានពីរនាក់ធ្វើការឲ្យទស្សនាវដ្ដីនយោបាយនៅទីក្រុងហុងកុង ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារនៅប្រទេសចិន ដោយសារធ្វើជំនួញខុសច្បាប់។
បើតាម BBC អ្នកបោះពុម្ភ លោក Wang Jiamin និងបណ្ណាធីការ ឬ អ្នកកែរសម្រួលអត្ថបទ លោក Guo Zhongxiao បានបោះពុម្ភផ្សាយនៅលើការសែត New-Way Monthly និង Multiple Face ដែលផ្សាយអំពីព័ត៌មានអាស្រូវ អំពីមេដឹកនាំចិនដីគោក។
អត្ថបទនោះត្រូវបានបោះពុម្ភផ្សាយនៅទីក្រុងហុងកុង ដែលជាតំបន់មានសេរីភាពខាងប្រព័ន្ធផ្សព្វផ្សាយខ្លាំងបំផុត ប៉ុន្តែអត្ថបទនោះត្រូវបានចែកចាយបន្តទៅចិនដីគោកឬ ក្រុងប៉េកាំង។
អ្នកការសែតទាំងពីរនាក់នោះ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០១៤ នៅទីក្រុង Shenzhen ហើយពួកគេបានឆ្លើយសារភាពនៅចំពោះមុខតុលាការរួចហើយ។
លោក Wang ត្រូវជាប់គុករយៈពេល ៥ឆ្នាំ ៣ខែ ខណៈដែល លោក Guo ជាប់គុករយៈពេល ២ឆ្នាំ ៣ខែ ហើយគេរំពឹងថា ពួកគេនឹងត្រូវដោះលែងនៅពេលឆាប់ៗនេះ៕ ប្រភពៈ BBC