ភ្នំពេញ៖ អ្នកនិពន្ធស្រ្តីខ្មែរមួយរូបដែលមិនត្រូវបានទស្សនិកជនស្គាល់មុខ ស្គាល់ឈ្មោះ ប៉ុន្តែស្នាដៃនិពន្ធរឿងដ៏មានទេពកោសល្យរបស់គាត់ត្រូវបានគេស្គាល់ច្រើនស្ទើរតែទូទាំងប្រទេស។ ស្នាដៃនិពន្ធរឿងដ៏ល្បីទាំងនោះមានដូចជា «រឿងជញ្ជីងគ្មានស្រមោល» «រឿងជនរងគ្រោះ» ព្រមទាំងរឿងអប់រំ និងស្ពតខ្លីៗមួយចំនួនទៀតដែលទស្សនិកជនធ្លាប់បានទស្សនាទាំងក្នុង និងក្រៅប្រទេស។ លើសពីនេះទៅទៀត ទស្សនិកជនគ្រាន់តែដឹងថារឿងទាំងនោះ ជារឿងដែលផលិតឡើងដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជាតែប៉ុណ្ណោះ។ ដូច្នេះអ្នកនិពន្ធជានរណា? គាត់មកពីណា? តើគាត់មានវិធីសាស្រ្តអ្វីខ្លះ ធ្វើឱ្យការសរសេររឿងមានការគាំទ្រខ្លាំងពីសាធារណជន?

ចំណាយពេលប្រមាណ ១៤ ឆ្នាំក្នុងការតែងរឿងអប់រំជាច្រើន អ្នកនិពន្ធដែលមិនដែលចេញមុខតាមបណ្តាសារព័ត៌មានរូបនេះ ពុំសូវមានទស្សនិកជនស្គាល់ឈ្មោះឡើយ ផ្ទុយទៅវិញ ស្នាដៃរបស់អ្នកស្រីល្បីសុះសាយទូទាំងប្រទេស ជាក់ស្តែងកាលពីឆ្នាំ ២០០៦ រឿងដែលល្បីជាងគេ គឺរឿង «ម្ចាស់កាំបិតត្នោត»។ បន្ទាប់មកនៅក្នុងឆ្នាំ ២០១០ រឿង « ជញ្ជីងគ្មានស្រមោល» ក៏ទទួលបានពានរង្វាន់ពីអាណាចក្រតារា។ ដោយមានការគាំទ្រច្រើនពីអ្នកទស្សនា ក្នុងឆ្នាំ ២០១៣ រឿង «រឿងជនរងគ្រោះ» ត្រូវបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្តនៃមហោស្រពកម្ពុជាអន្តរជាតិ (CFCC) ហើយតួឯកស្រីក្នុងរឿងនេះបានទទួលពានជាតារាស្រីឆ្នើមប្រចាំឆ្នាំ2013 ផងដែរ។
មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម អ្នកនិពន្ធដែលមានទឹកដៃល្អ អ្នកស្រី អ៊ុច ថាវី ជាកូនស្រីច្បងក្នុងគ្រួសារដែលមានសមាជិកចំនួន ៦ នាក់ ព្រមទាំងមានឪពុកម្តាយជាអ្នកលក់ដូរនៅផ្សារជីហែ។ ក្នុងឆ្នាំ ១៩៩៩ គ្រួសាររបស់លោកស្រីបានបង្ខំចិត្តផ្លាស់ទីលំនៅមកទីក្រុងភ្នំពេញ ដោយសារបញ្ហាខ្វះដើមទុនក្នុងការបន្តអាជីវកម្ម។ ឆ្នាំ ២០០១ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានចាប់ផ្តើមអាជីពជាអ្នកនិពន្ធនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។
ឆ្លើយនឹងសំនួរថា ហេតុអ្វីអ្នកស្រី ស្រលាញ់ការតែងនិពន្ធរឿង? កំពុងអង្គុយក្នុងបន្ទប់ធ្វើការ ភ្នែកកំពុងសម្លឹងមើលទៅលើជញ្ជាំង អ្នកនិពន្ធស្រីវ័យ ៣៥ ឆ្នាំនេះបានមានបានឆ្លើយតបថា៖ «កត្តាសំខាន់បំផុតនោះ គឺការស្រលាញ់ ចំណង់ចំណូលចិត្ត ឬទេពកោសល្យរបស់យើងម្នាក់ៗ ព្រោះដើម្បីសសេរបានល្អ យើងត្រូវយកមនោសញ្ចេតនារបស់យើងដាក់ទៅក្នុងរឿងនោះ» ។ អ្នកនិពន្ធដ៏ប៉ិនប្រសប់រូបនេះបានបន្ថែមទៀតថា ដើម្បីឲ្យស្នាដៃនិពន្ធល្អ និងទទួលបានការគាំទ្រពីទស្សនិកជន ទាមទារឲ្យអ្នកនិពន្ធមានការតស៊ូព្យាយាម និងត្រូវការពេលវេលាច្រើន ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់សារអប់រំល្អៗដល់អ្នកមើលនិងមិនប្រើប្រាស់ការស្រមើស្រមៃហួសហេតុនោះទេ។
អ្នកចូលចិត្តទស្សនានិងគាំទ្រស្នាដៃអ្នកនិពន្ធវ័យ ៣៥ ឆ្នាំរូបនេះ អ្នកស្រី សន សុជាតា មានប្រសាសន៍ថា៖ «ខ្ញុំចូលចិត្តរឿងរបស់គាត់ដោយសាររឿងគាត់មានតម្លៃអប់រំដល់សង្គម គ្រួសារ ជាពិសេសស្រ្តី។ ការប្រើពាក្យពេចន៍របស់គាត់មានលក្ខណៈខ្លីតែខ្លឹម ងាយយល់និងមានបង្កប់អត្ថន័យអប់រំដល់អ្នកទស្សនា»។
ជាការពិតណាស់ រាល់វិថីនៃជោគជ័យតែងតែមានឧបសគ្គ មិនខុសគ្នានេះដែរ អ្នកនិពន្ធដ៏មានទេពកោសល្យរូបនេះ បានរៀបរាប់ពីការលំបាកនៃការផលិតស្នាដៃមួយចំនួនរួមមាន៖ ការជ្រើសរើសប្រធានបទ ការជ្រើសរើសតួឲ្យសាកសមនឹងសាច់រឿង ការសិក្សាករណីពិតជាក់ស្តែងមុននឹងសរសេរ ការទាមទារពេលវេលាច្រើនក្នុងការនិពន្ធ ព្រមទាំងបញ្ហាថវិកាក្នុងការផលិតជាដើម។
និយាយអមដោយស្នាមញញឹម និងរម្លឹករឿងកាលពីវ័យកុមារភាព អ្នកស្រី ថាវីគឺជាក្មេងដែលស្វាធ្យាយក្នុងការស្វះស្វែងរកចំណេះដឹង និងចូលចិត្តការអានសៀវភៅប្រលោមលោកច្រើនទាំងខ្មែរ និងបរទេស។ ដោយមានមូលដ្ឋានគ្រឹះខាងផ្នែកអក្សរសាស្រ្តខ្មែរផង ធ្លាប់ទទួលបានការសិក្សាវគ្គខ្លីៗដែលទាក់ទងនិងការតែងនិពន្ធផង ព្រមទាំងមានកូនគំនិតចង់ជួយសង្គម អ្នកស្រីក៏សម្រេចចិត្តចាប់អាជីពជាអ្នកនិពន្ធតាំងពីឆ្នាំ ២០០០ មក។
ស្របគ្នានេះដែរ អ្នករចនាក្រាហ្វិកនៅក្រុមហ៊ុនឯកជនមួយក្នុងរាជធានីភ្នំពេញ លោក ប៊ុន ធីម ក៏បានសម្តែងជាមតិយោបល់ថា៖ «រឿងដែលគាត់និពន្ធភាគច្រើនគឺផ្តោតទៅលើការអប់រំជាចម្បង ទាំងអត្ថន័យអប់រំឲ្យមនុស្សចេះគិតពិចារណា យល់ដឹងពីច្បាប់ សិទ្ធិសេរីភាព ព្រមទាំងឲ្យមនុស្សក្លាហ៊ានតស៊ូមតិចំពោះបញ្ហាផ្សេងៗដែលជួបប្រទះ កុំលាក់បញ្ហា ឬខ្លាចការគៀបសង្កត់ពីអ្នកមានអំណាច»។ លោកបន្ថែមទៀតថា ក្រោយពីបានមើលរឿងជាច្រើនរបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជារួច លោកបានជួយដល់កុមារីម្នាក់ ដែលត្រូវបានគេចាប់រំលោភក្នុងភូមិរបស់លោក តាមរយៈការផ្តល់ជាមតិយោបល់ដល់គ្រួសារជនរងគ្រោះនោះ ឲ្យប្តឹងទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌ឲ្យកុមារីជនរងគ្រោះ។
ទន្ទឹមនឹងការគាំទ្រពីសាធារណជន បើក្រឡេកទៅមើលវិធីសាស្រ្តនៃការតែងនិពន្ធវិញ ជាទូទៅអ្នកនិពន្ធរូបនេះ ចាប់ផ្តើមការសរសេររឿងដោយការចុះទៅស្វែងយល់ករណីសិក្សាដោយផ្ទាល់ ជាមួយអង្គការជាដៃគូនៅតាមបណ្តាខេត្តមួយចំនួន ដោយការស្វែងរកដៃគូប្រឹក្សាយោបល់ដូចជា គណៈកម្មការផ្តល់យោបល់ផ្នែកបច្ចេកទេសដែលមានមេធាវី តំណាងអយ្យការ ព្រះរាជអាជ្ញា ដើម្បីឲ្យសាច់រឿងទាំងមូលបង្ហាញពីតថភាពជាក់ស្តែងក្នុងសង្គមកម្ពុជា ដោយបូកផ្សំនិងការសម្តែងមានលក្ខណៈធម្មជាតិ និងការជ្រើសរើសតួឲ្យស័កិ្តសម និងសាច់រឿង។
សូមបញ្ជាក់ថារហូតមកដល់ពេលនេះ អ្នកស្រីអ៊ុច ថាវី បាននិពន្ធរឿងជាច្រើន ហើយស្នាដៃដំបូង របស់គាត់ដែលត្រូវបានទស្សនិកជនទទួលស្គាល់ គឺរឿង «បង្កងវល្លិ៍មាស» ដែលមានចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយចំនួន។ បន្ទាប់មកទៀត ទស្សនិកជនគាំទ្រសាច់រឿងដែលជាទឹកដៃសសេររបស់គាត់មានដូចជា រឿងជនរងគ្រោះ រឿងម្ចាស់កំបិតត្នោត ដើមក្រសាំង ព្រមទាំងរឿងខ្លីៗនិងស្ពតអប់រំជាច្រើនទៀត។ រឿងបង្គងវល្លិ៍មាស និងរឿងជញ្ជីងគ្មានស្រមោល ជាការនិពន្ធរួមរវាងអ្នកនិពន្ធច្រើនរូប ដែលមានអ្នកស្រី ថាវី ជាប្រធានក្រុមនិពន្ធ ចូលរួមសរសេរ កែ និងសម្រេចលើរាល់ពាក្យពេចន៍ ខ្លឹមសារ ព្រមទាំងដំណើរនៃសាច់រឿងទាំងមូល៕