អាជ្ញាធរបានបង្ហោះរូបជនល្មើសដែលកំពុងតាមរកចាប់ខ្លួនជាច្រើន ដើម្បីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ករណីនេះអ្នក តាមដានបញ្ហាសង្គមយល់ថា វិធានការនេះ គ្មានប្រសិទ្ធភាពក្នុងការបន្ថយការលួច ឬឆក់នៅពេលបបុណ្យអុំទូកបាននោះទេ។
ស្នងការនគរបាល នៅតាមបណ្តាខេត្តមួយចំនួនបានបង្ហោះរូបជនល្មើស ដែលកំពុងតាមចាប់ខ្លួន ជាសាធារណៈតាម Facebook ផ្លូវការរបស់ខ្លួន។
ការបង្ហោះរូបជនល្មើសនៅលើបណ្តាញសង្គមហ្វេសប៊ុក គឺជាវិធានការថ្មីមួយ ក្នុងការ ការពារសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលមកទស្សនា បុណ្យអុំទូកខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោក ទូច ណារ៉ុថ ដែលបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី០៤ វិច្ឆិកា។
លោក ទូច ណារ៉ុថ បន្តថា វិធានការ របស់នគរបាលបែបនេះ គឺនឹងជួយ ឱ្យប្រជាពលរដ្ឋបានស្គាល់អត្តសញ្ញាណ ជនល្មើសដែលជួយ ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាមុន។
ទាក់ទិនបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រ ជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រសាសន៍ថា ក្រៅពីបង្ហាញមុខនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកចង់ឱ្យយកមុខចោរទៅបិទតាម ទីសារណៈបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញកាន់តែច្បាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលមកលេងបុណ្យអុំទូក ជៀសវាងកុំឱ្យចោរ ទាំងនោះឆ្លៀតឱកាស ធ្វើសកម្មភាពនៅពេលមានមនុស្សច្រើនកុះករ។
បែបនេះក្តី លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ថា វិធានការបែបនេះគ្មានប្រសិទ្ធិភាពនោះទេ ព្រោះប្រសិនបើសមត្ថកិច្ចចង់ចាប់ជនទាំងនោះ ចាប់បានយូណាស់មកហើយ។
សូមជម្រាបថា កាលពីថ្ងៃទី០៧ វិច្ឆិកា ស្នងការនគរបាលខេត្តកណ្តាល បានបង្ហោះរូបជនល្មើស ចំនួន ចំនួន៧៨រូប ជាសាធារណៈតាម Facebook ផ្លូវការរបស់ខ្លួន ដែលភាគច្រើន ជាចោរលួច និងឆក់៕