បទយកការណ៍៖អ្នកដាំត្រកួនរស់នៅក្បែរទឹកកង្វក់អាចមានបញ្ហាសុខភាព ប្រសិនបើមិនមានអនាម័យ។ ប៉ុន្ដែផ្ទុយទៅវិញ វារីជាតិដែលនៅក្នុងទឹកបានជួយកាត់បន្ថយមេរោគបានមួយចំណែកធំ តាមរយៈការប៊ឺតស្រូបរបស់ពួកវា។
ចុះបើផ្ទៃបឹង ឬទឹកកង្វក់ទាំងមូលត្រូវបានលុបដោយគម្រោងអភិវឌ្ឍន៍ណាមួវិញ វារីជាតិ ដែលមានដូចជា ត្រកួន កំប្លោក និងកញ្ឆែត នៅក្នុងបឹងនិងមានអ្វីកើតឡើង? ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ដែលនិយាយអំពីអ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគនៅក្នុងទឹកកង្វក់តាមរយៈវារីជាតិ ដូចតទៅ!
អង្គុយសកកំប្លោកជាចំរៀកៗក្បែរមាត់បឹង នៅទីក្រុងភ្នំពេញ អ្នកស្រី យែម រុន ដែលមានរាងកាយស្គមស្គាំង បានឱ្យដឹងថា គាត់រស់នៅក្បែរទឹកកង្វក់ អស់រយៈពេលជាង ២០ឆ្នាំមកហើយ។ តែបើនិយាយអំពីបញ្ហាសុខភាពវិញនោះ គាត់ពុំដែលបានចាប់អារម្មណ៍លើសុខភាពខ្លួនឯងទាល់តែសោះ។
អ្នកស្រី យែម រុន៖«ស៊ាំទឹកអស់ហើយ លែងរមាស់ លែងអីអស់ហើយ ធ្លាប់ហើយ បើគេខ្លះមកចុះទឹកឡើងរមាស់អេះពេញខ្លួន ហើយបើពួកយើងកាន់ស្លែនៅហ្នឹងទៅហើយ »។
ពុះសកធាងកំប្លោកបណ្ដើរ និយាយបណ្ដើរ អ្នកស្រី យែម រុន បានឱ្យដឹងបន្ដទៀតថា អ្វីដែលគាត់យកចិត្តទុកដាក់ជាចម្បងនោះ គឺការរកប្រាក់សម្រាប់ចិញ្ចឹមជីវិតជារឿងសំខាន់។
អ្នកស្រី យែម រុន៖«ម៉ោង ៥ព្រឹក ម៉ោង ៦ព្រឹក ចេញទៅហើយ(បេះត្រកួន) ពេលថ្ងៃ ម៉ោង ១០ ១១ មកដល់ផ្ទះហើយ មកដល់រោងហ្នឹងវិញ ។តែថ្ងៃនេះ អត់បានត្រកួន បានតែកំប្លោក ។កូនស្រី៖«ម៉ែយកទៅលក់ហើយ ម៉ោង៣ហើយ។ ម៉ែ៖«ទៅហឺកូន»»! ។
អ្នកស្រី យែម រុន មានកូនប្រុសស្រីចំនួន ២នាក់។ ដោយសារតែជីវភាពទីទ័លក្រ ទើបអ្នកស្រីត្រូវទ្រាំ និងការរស់នៅដូចនេះ ជាមួយនិងកូនស្រី។
យកដៃជូតមុខ និងថ្ងាសបន្ថិច រួចនិយាយបន្ដ។ អ្នកស្រី យែម រុន ៖«ដាក់បាន ៤ខ្សែនឹងគេដែរ ប្រហែល ១០ម៉ែត្រ ដើរបេះត្រកួនយូរៗទៅបានមានមុខរបរគេអោយធ្វើកំប្លោកធ្វើអីជួនកាលមករកត្រី ដាក់ម៉ង និងបេះត្រកួនខ្លះផ្សំគ្នា!»។
ក្នុងមួយថ្ងៃ អ្នកស្រី យែម រុន អាចរកប្រាក់បាន ២ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល ពីរបរលក់ត្រកួននេះ។
ត្បិតថា ការដាំត្រកួនរបស់ស្រ្ដីវ័យ ៤១ឆ្នាំរូបនេះ មិនសូវជាទទួលបានកម្រៃច្រើនពិតមែន ប៉ុន្ដែគាត់នៅតែបន្ដដាំត្រកួនលើផ្ទៃបឹងទំហំ ១០ម៉ែត្រដដែល ជាមួយនិងឳពុក លុះត្រាតែ ដំណាំត្រកួនរបស់គាត់ចាក់ដីលុបអស់ទាំងស្រុង មិនតែប៉ុណ្ណោះ នៅថ្ងៃខាងមុខ គាត់គ្រោងដាំឈូក និងត្រកួនបន្ថែម លើដីបឹងទំហំ ១ហិកតាទៀតផង ។
អ្នកស្រី យែម រុន៖«មកនេះរកលុយអីគ្រាន់បានហូប បើថាយើងទៅស្រុកវិញវាពិបាករក មកហ្នឹងទៅគ្រាន់រកដៃកំប្លោកតិចតួចអីក៏បានលុយដែរ ។ តែបើគេត្រូវការដី ហើយគេបិទបឹងហ្នឹងជិតមិនដឹងទៅធ្វើម៉េចទេ មានតែទៅស្រុកហ្នឹងហើយ»។
ក្ដីប្រាថ្នារបស់អ្នកស្រី យែម រុន ស្របពេលដែលគម្រោងចាប់ដីលុបបឹងបានលេចចេញជារូបរាងជាបណ្ដើរៗ។
នៅក្នុងឯកសារមួយចំនួនដែលរាជរដ្ឋាភិបាលបានចេញផ្សាយនាពេលកន្លងមកឱ្យដឹងថា តំបន់អភិវឌ្ឍន៍បឹងទំពុន និងតំបន់ជើងឯក គឺជាទីក្រុងរណបមួយ ហើយរាជរដ្ឋាភិបាលមានបំណងកែប្រែតំបន់ទាំងនេះ អោយមានវិសាលភាពធំ ដូចជា កោះពេជ្រ ជ្រោយចង្វា និងពោងពាយជាដើម។
បឹងទំពុន គឺជាប្រភពផ្គត់ផ្គង់ត្រកួនធំជាងគេនៅលើទីផ្សារក្នុងរាជធានីភ្នំពេញ និងចែកចាយបន្ដទៅតាមបណ្តាខេត្តមួយចំនួន។ ត្បិតថា ព័ត៌មានពីគម្រោងអភិវឌ្ឍន៍តំបន់បឹងទំពុនមិនទាន់ត្រូវបានលាតត្រដាង ប៉ុន្តែសកម្មភាពបូមខ្សាច់លុបផ្នែកខ្លះនៃតំបន់បឹងទំពុននាពេលបច្ចុប្បន្ននេះ ឃើញថា ផ្ទៃបឹងត្រកួន និងកំប្លោក ដ៏ធំល្វឹងល្វើយនៅតំបន់បឹងទំពុនបានបាត់រូបរាងជាបណ្ដើរៗ។
ការបាត់រូបរាងជាបណ្ដើរនៃពពួកវារីជាតិទាំងនេះ ធ្វើឲ្យអ្នកដាំដំណាំត្រកួនមួយចំនួន បារម្ភពីអំពីជីវភាពរស់នៅរបស់ខ្លួន។ ប៉ុន្ដែនៅក្នុងនោះ គេរកឃើញថា មិនមែនមានតែអ្នកដាំត្រកួន ឬអ្នកដែលប្រកបរបរពាក់ព័ន្ធនឹងវារីជាតិ នោះទេ ដែលមានក្ដីបារម្ភ ប៉ុន្ដែក៏ជាបញ្ហារួមសម្រាប់សុខភាពរបស់ប្រជាជនកម្ពុជាផងដែរ មុនពេលដែលទឹកកង្វក់ទាំងអស់នោះត្រូវបានហូរចូលទៅក្នុងទឹកទន្លេ ដោយពុំមែនការទប់ស្កាត់ និងប៊ឺតច្រោះពីពពួកវារីជាតិទាំងនេះ ខណៈដែលកម្ពុជាពុំទាន់មានអាងប្រព្រឹត្ដកម្មទឹកកង្វក់នៅរាជធានីភ្នំពេញ។
លោក ថី ចន្ទោ មន្រ្ដីទទួលបន្ទុកការងារអប់រំផ្នែកអនាម័យក្នុងសហគមន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បឹងទំពុន ឬបឹងតាមោក ដែលភាគច្រើនតែងតែស្គាល់ថា ជាកន្លែងដែលសំបូរទៅដោយរុក្ខជាតិក្នុងទឹក និងត្រីរស់នៅបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់បរិស្ថាន និងការរស់នៅរបស់មនុស្ស។ ប៉ុន្ដែបើករណីផ្ទៃបឹងទាំងមូលត្រូវបានលុបអស់នោះ គឺជាបញ្ហាដែលថ្នាក់ជាតិត្រូវគិតគូរផងដែរ។
លោក ថី ច័ន្ទោ៖«ទឹកស្អុយចេញពីភ្នំពេញមក វាហូរចូលបឹងទំពុន! ហើយសួរថា ទឹកបឹងនេះវាធ្លាក់ទៅណា គឺវាធ្លាក់ទៅទន្លេតទៅទៀត។ ចឹងទាមទារអោយមុននិងទឹកនេះធ្លាក់ចូលទន្លេ ត្រូវតែមានប្រព័ន្ធច្រោះទឹកមួយធំ ដែលហៅថា មជ្ឈការ»។
ជុំវិញរឿងនេះដែរ លោក លឹម សុខតៃ អនុប្រធាននាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកង្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាសាស្រ្ដចារ្យនៃសាលាតិចណូ លោកទទួលស្គាល់ថា នៅទីក្រុងភ្នំពេញសព្វថ្ងៃនៅមិនទាន់មានអាងប្រព្រឹត្តិទឹកង្វក់នៅឡើយទេ។ លោក លឹម សុខតៃ មានប្រសាសន៍ឱ្យដឹងទៀតថា ទឹកកង្វក់ដែលហូរធ្លាក់ចូលទៅក្នុងបឹង ដែលមានដូចជា បឹងទំពុន និងទន្លេ គឺទទួលបានពីការហូរច្រោះមេរោគ ពីត្រកួន និងកំប្លោកដែលជាពពួកវារីជាតិទាំងនោះ។
លោក លឹម សុខតៃ៖«យើងមិនមានស្ដង់ដាត្រឹមត្រូវ ប៉ុន្ដែយើងក៏មានជាលក្ខណៈអាងប្រព្រឹត្តិកម្មបែបធម្មជាតិ ដូចជា យើងឃើញបឹងទំពុន បើសិនណាយើងមើលពីកន្លែងបូមហូរចូលទឹកឡើងខ្មៅ ស្អុយ ប៉ុន្ដែបើយើងទៅមើលចុងម្ខាងទៀតនឹងឃើញទឹកស្អាតល្អ… »។
តាមមន្រ្ដីដដែលនេះ នៅឆ្នាំ ២០២០ រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់អាងប្រព្រឹត្តិកម្មទឹកកង្វក់មួយនៅរាជធានីភ្នំពេញ ដែលគម្រោងសាកល្បងនេះ អាចជួយច្រោះទឹកកង្វក់បាន ៥ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ។
លោក លឹម សុខតៃ៖«ប្រាំពាន់ម៉ែត្រគូបនៅក្នុងមួយថ្ងៃនេះ មិនមែនអាចដោះស្រាយបញ្ហទីក្រុងភ្នំពេញទាំងមូលបានទេ ព្រោះកំណើនប្រជាជនសព្វថ្ងៃ ការបំពុលពីទឹកបង្គន់ និងកាកសំនល់ផ្សេងៗវាលើសពីប្រាំពាន់ម៉ែត្រគូបទៅទៀត ប៉ុន្ដែនេះគ្រាន់តែជាគម្រោងសាកល្បងមួយដើម្បីដោះស្រាយបញ្ហាខ្លះសិនទេ ចឹងបើជាយើងមានដំណាក់កាលនិងគម្រោងជាបន្ដបន្ទាប់ទៀត ដើម្បីដោះស្រាយទៅលើការបំពុលនេះ »។
អ្វីដែល លោក លឹម សុខ តៃ លើកយកមកបង្ហាញនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការត្រៀមធ្វើអាងប្រព្រឹត្តិកម្មទឹកកង្វក់បែបមជ្ឈការ។
តាមការបញ្ជាក់ពីលោក លឹម សុខតៃ អនុប្រធាននាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកង្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានស្នើឲ្យភាគីជប៉ុនសិក្សាពីគម្រោងបង្កើតប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់មួយនៅតំបន់បឹងជើងឯក។
បញ្ជាក់ផងដែរថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកង្វក់នៅកម្ពុជាសព្វថ្ងៃមាន ៣កន្លែង រួមមាន ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
បច្ចេកទេសនៃការបំលែងទឹកកង្វក់អោយទៅជាទឹកស្អាតនៅក្នុងប្រទេសកម្ពុជា មាន ២ធំៗ គឺបែបមជ្ឈការ និងបែបវិមជ្ឈការ។ ប៉ុន្ដែដោយសារ តែកម្ពុជាមិនទាន់មានបច្ចេកទេស និងថវិកាគ្រប់គ្រាន់សម្រាប់ធ្វើប្រព្រឹត្តកម្មតាមបែបមជ្ឈការ ឬថ្នាក់ជាតិនៅឡើយ ទើបការច្រោះទឹកកង្វក់ ត្រូវពឹងផ្អែកលើវារីជាតិមួយផ្នែកធំ។ តែអ្វីដែលគួរអោយព្រួយបារម្ភនោះ គឺការបាត់បង់ពពួកវារីជាតិទាំងនេះនៅថ្ងៃណាមួយពីគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ខណៈដែលគម្រោងសាងសង់អាងប្រព្រឹត្តកម្មច្រោះទឹកកង្វក់នៅរាជធានីភ្នំពេញស្ថិតនៅក្នុងគម្រោងសាកល្បង ដែលមិនទាន់លេចចេញជារូបរាង។
អ្នកស្រី យែម រុន ដែលរស់នៅបណ្ដោយផ្លូវ មហាវិថីតេជោ ឬហៅផ្លូវ ៦០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវ២៧១ ត្រង់ចម្រុះជ្រូកក្បាលថ្នល់ទៅផ្លូវជាតិលេ២ បានចូលរួមការពារបរិស្ថាន និងកាត់បន្ថយជាតិពុលនៅក្នុងទឹកបឹង តាមរយៈឆន្ទៈ និងសកម្មភាពប្ដេជ្ញាបន្ដការដាំត្រកួនរបស់គាត់។
អ្នកស្រី យែម រុន ៖«ទោះបីមិនជួបខែទឹកស្រក់អោយតែឃើញឈូកហ្នឹងពួកខ្ញុំជាអ្នកដាំ ហើយ។ ខ្ញុំថា ឆ្នាំនេះខ្ញុំដាក់ដាំដើមឈូកដែរហើយ ដាំអោយទាន់ដកយកក្រអាវ»។
បឹងដែលសំបូរទៅដោយវារីជាតិ ដូចជា ត្រកួន និងកញ្ឆែតជាដើមនោះ មិនត្រឹមតែជាដំណាំបន្លែដែលផ្ដល់នូវអាហារសម្រាប់មនុស្សយកទៅបរិភោគប៉ុណ្ណោះទេ។ ប៉ុន្ដែ ពពួកវារីជាតិទាំងនេះ ក៏ចូលរួមជួយកាត់បន្ថយមេរោគនៅក្នុងទឹកកង្វក់ផងដែរ។ គេបានហៅពួកវាថា ជាផ្ទៃអាងច្រោះទឹកកង្វក់បែបធម្មជាតិ ៕