ភ្នំពេញ ៖ ការបញ្ចូលសម្លេងនៅក្នុងខ្សែភាពយន្តនីមួយៗ មិនអាចនិយាយបានថាជាការងាយស្រួល ឬពិបាកពេកទេ តែទាមទាឲ្យអ្នកដែលបញ្ចូលសំលេងនោះ មានបច្ចេកទេសក្នុងការបញ្ចូលសំលេង និងអាចបែងចែកសំលេងរបស់ខ្លួនឲ្យដាច់ នៅពេលដែលបញ្ចូលសម្លេងតួផ្សេងគ្នា ។ នៅក្នុងនាទីសិល្បៈ និងកំសាន្តនៅថ្ងៃនេះ នឹងនាំអារម្មណ៍នាងកញ្ញា លោក លោកស្រី ទៅស្វែងយល់ពី បច្ចេកទេសក្នុងការបញ្ចូលសម្លេង និងស្វែងយល់ខ្លះៗពីវិស័យបញ្ចូលសម្លេង ។ ដើម្បីជ្រាបច្បាស់ថា យ៉ាងណានោះជាបន្តទៅនេះ សូមអញ្ជើញស្តាប់នាទីកំសាន្តដែលរៀបចំដោយ កញ្ញា ប៉ូ សាគុន ដូចទៅ ៖
នាងកញ្ញា លោក លោកស្រី ប្រាកដជាធ្លាប់មើលខ្សែភាពយន្តនៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជានៅតាមរោងកុននានា តែលោកអ្នកប្រហែលជាមិនធ្លាប់បានដឹងថា តើអ្នកបញ្ចូលសំលេងរឿងទាំងនោះជាអ្នកណា ហើយថាតើអ្នកបញ្ចូលសំលេងទាំងនោះមានបច្ចេកទេសអ្វីក្នុងការបញ្ចូលសំលេងនោះឡើយ ។ នៅថ្ងៃនេះ អ្នកស្រី មួង ឡៃស៊ីម អ្នកបញ្ចូលសំលេងភាពយន្ត នឹងចែករំលែកពីបច្ចេកទេសក្នុងការបញ្ចូលសម្លេងភាពយន្ត ជូនប្រិយមិត្តអ្នកស្តាប់នៅថ្ងៃនេះ ។
បច្ចុប្បន្ននេះ អ្នកស្រី មួង ឡៃស៊ីម មានអាយុ៤២ឆ្នាំ អ្នកស្រីចូលប្រឡូកក្នុងវិស័យបញ្ចូលសំលេង តាំងពីឆ្នាំ១៩៩៣មកម្លេះ ដោយកាលណោះអ្នកស្រីទើបតែមានអាយុ១៧ឆ្នាំតែប៉ុណ្ណោះ ។
អ្នកស្រី មួង ឡៃស៊ីម បាននិយាយថា ចំណុចពិបាកក្នុងការបញ្ចូលសំលេង សម្រាប់អ្នកស្រីនោះ គឺនៅពេលដែលអ្នកស្រីត្រូវបញ្ចូលសំលេងជាតួអង្គស្លូត ឬសុភាព ដែលមិនសូវត្រូវនឹងជំនាញរបស់អ្នកស្រី ។ អ្នកស្រីលើកឡើងថា សំលេងអ្នកស្រីគឺត្រូវនិងតួកាច តួចាស់ តួកូនក្មេង និងតួកំប្លែងជាដើម ។
លើពីនេះទៀត អ្នកស្រីបញ្ជាក់ថា បញ្ហាសុខភាពគឺជារឿងសំខាន់សម្រាប់អាជីពជាអ្នកបញ្ចូលសំលេងភាពយន្ត ។ ពោលគឺអ្នកបញ្ចូលសំលេងភាពយន្ត ត្រូវតែថែរក្សាសុខភាព ឱ្យបានខ្លាំងបំផុត ជាពិសេសកុំឱ្យមានជំងឺផ្តាសសាយ ឬឈឺបំពង់កជាដើម ។
«ពេលខ្លះសុខភាពយើងអត់ស្រួល ឬក៏ឈឺបំពង់ករ និយាយរួមយើងពិបាកហក់តាមតួណាស់ តួខ្លះគេក្លុក និយាយញាប់ចឹងយើងមិនអាចហក់តាមគេបានទេ» ។
ខ្សែភាពយន្ត ដែលអ្នកស្រីបញ្ចូលសំលេងមានច្រើន ដូចជារឿងភាគខ្មែរ ថៃ ចិន ឥណ្ឌាជាដើម។ អ្នកស្រីថា អ្នកដែលបញ្ចូលសំលេងកុន គឺមិនចាំបាច់ចេះគ្រប់ភាសានោះទេ តែសំខាន់ត្រូវតែចេះភាសាខ្មែរឲ្យច្បាស់ ។
បើតាមអ្នកស្រី មូង ឡៃស៊ីម ការបញ្ចូលសំលេងក្នុងរឿងនីមួយៗតែងតែមានខុសខ្លះជៀសមិនផុតឡើយ ។ ហើយការបញ្ចូលសំលេងនោះទៀតសោត ពេលខ្លះការបកប្រែពីភាសាបរទេសមកភាសាខ្មែរអាចនឹងពិបាកយល់នៅឃ្លោងឃ្លាមួយចំនួន ដូចនេះ អ្នកស្រីត្រូវសំរួលនូវឃ្លាខ្លះៗដើម្បីឲ្យងាយយល់ និងងាយបញ្ចូលសំលេង ។
ការបញ្ចូលសម្លេងភាពយន្តគឺមិនចាំបាច់ទាល់តែតួទាំងអស់មកជុំគ្នា ទើបបញ្ចូលសំលេងបាននោះទេ បើសិនជាតួណាមកមុន អាចបញ្ចូលមុនរួចទើបកាត់តជាក្រោយ ។
អ្នកស្រី មួង ឡៃស៊ីម បាននិយាយថា តម្លៃនៃការបញ្ចូលសំលេងក្នុងរឿងភាគខ្មែរទទួលបានកំរៃច្រើនជារឿងភាគផ្សេងៗទៀត នេះក៏ព្រោះតែរឿងខ្មែរពិបាកក្នុងការបញ្ចូលសំលេង និងត្រូវការបញ្ចូលអារម្មណ៍ខ្លាំងជាងរឿងផ្សេងៗ ។
អ្នកស្រី មួង ឡៃស៊ីម អាចដើរតួបានពី៤ ទៅ៥សំលេង ។ អ្នកស្រីពន្យល់ពីការបែងចែកសំលេងយ៉ាងដូច្នេះថា៖ «ធ្វើប្រហែលជាបានបួនប្រាំសម្លេងអីណឹង មិនមែនសម្លេងយើងដាច់ម៉ងទេណា គឺយើងចែកស្ទីល ក្មេងគេបញ្ចូលបែបផ្សេង ចាស់បែបផ្សេង តួវ័យកណ្តាលបែបផ្សេង តួកាចផ្សេង កំប្លែងអីចឹងទីណាស់ គ្រាន់តែដូស្ទីលទេ សម្លេងយើងនៅបំពង់ករយើងតែមួយតើអូន ។ ស្ទើរយំស្ទើរមិនយំបានន័យថាអួល ទឹកភ្នែកដក់នៅក្នុងភ្នែកវាអត់ទាន់ហូរមក យើងប្រើសម្លេងអួល យើងចាត់ទុកថាយើងជាម្នាក់់ណឹង សម្លេងចាស់ដើមករ សម្លេងក្មេងនេះនៅកន្លែងម្តំថ្កៀម យើងនិយាយបើកមាត់ឲ្យអស់ម៉ោ ហើយក្មេងយើងរៀងត្បៀតបំពង់ករបន្ទិចម៉ោ សម្លេងកំប្លែងកាម៉ាប់ក៏ត្បៀតបំពង់ករ» ។
នៅពេលដែលសួរថា តើធ្វើដូចម្តេចទើបអាចខ្លាយជាអ្នកបញ្ចូលសំលេងបាន ?
អ្នកស្រី មួង ឡៃស៊ីម ឆ្លើយថា ចំពោះបុគ្គលិកលក្ខណៈ អ្នកដែលអាចបញ្ចូលសំលេងបាន គឺមិនចាំបាច់មានអ្វីច្រើនទេ គ្រាន់តែមានចំណង់ចំណូលចិត្តទៅលើវិស័យនេះ មានភាពតស៊ូព្យាយាម និងជាពិសេសមានអត្តចរិក ល្អជាការស្រេច ។ «អ្នកខ្លះអត់ចេះមាត់ចេះកក៏អាចនិយាយបានដែរអូន ឲ្យតែគេចេះមើលអក្សរខ្មែរ ហើយគេមានចំនង់ចំណូលចិត្ត ចង់ចាប់យកអាជីពណឹងគេព្យាយាមរៀនគេច្បាស់ជាចេះ ចរិកត្រូវចូលឲ្យចុះជាមួយគេ កំឆ្លើយកំអីយើងរៀនឆាប់ចេះ បើយើងអំនួតលើខ្លួនឯងគ្មានអ្នកណាចេះដូចអញ គេប្រដៅមិនបាន គេប្រាប់មិនបានគឺអត់អាចទៅរយចទេអូន» ។
ជាចុងក្រោយ អ្នកស្រី មួង ឡៃស៊ីម បានសំណូមពរឱ្យទស្សនិកជនជួយគាំទ្រ និងលើកស្ទួយវិស័យនេះ ឱ្យកាន់តែច្រើនបន្ថែមទៀត ។
«បងមានសំណូមពរទៅកាន់អ្នកស្តាប់ឲ្យគាំទ្របងកាន់តែច្រើន ឲ្យគេទទួលស្គាល់ ហើយអគុណទស្សនិកជន អគុណអ្នកគាំទ្រដែលបានគាំទ្របង បងមានអាជីបនេះសព្វថ្ងៃដោយសារទស្សនិកជនគាំទ្របង» ៕