en     km
en     km

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធយល់ថា យន្តការថ្មីសម្រាប់បុគ្គលស្វ័យនិយោជន៍ចុះប.ស.សមានភាពស្មុគស្មាញ

Share

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ តទៅ បុគ្គលស្វ័យនិយោជន៍ដែលចង់ចុះបញ្ជីជាសមាជិក ប.ស.ស. ត្រូវភ្ជាប់មកបន្ថែមនូវវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះជាយន្តការថ្មីរបស់រាជរដ្ឋាភិបាលក្នុងការកំណត់អត្តសញ្ញាណអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តែអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធថា យន្តការថ្មីនេះបង្កភាពស្មុគស្មាញ និងខាតពេលវេលាច្រើន។ អ្នកស្រី វ៉ាយ វត្តីជូន សេចក្តីរាយការណ៍

 

លោក កូប យូសុះ មានមុខរបរលក់ប្រហិតចៀនបានប្រាប់វិទ្យុស្រ្តីថា លោកមានបំណងចង់ចុះបញ្ជីជាសមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ តែបច្ចុប្បន្ននេះ ខាងប.ស.ស តម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតម្រូវឱ្យទៅចុះឈ្មោះនៅការិយាល័យច្រកចេញចូលតែមួយ  ត្រូវចំណាយពេលវេលាច្រើន​ និងមានភាពស្មុគស្មាញច្រើន បើប្រៀបធៀបកាលពីលើកមុន លោកថា គ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចចុះបញ្ជីជាសមាជិក ប.ស.សបានហើយ។

លោក កូប យូសុះ ៖« ខ្ញុំគិតថាជារឿងស៊ាំញ៉ាំមួយអូសបន្លាញ ពីមុនដើមឡើយយើងគ្រាន់តែយកអត្តសញ្ញាណបណ្ណចុះនៅ ប.ស.សគឺបានតែម្តង តែចាប់ពីថ្ងៃអនុវត្តន៍ទី២២ខែមករាឆ្នាំ២០២៥ខ្ញុំគិតថារឿងនេះវាស៊ាំញ៉ាំ វាអូសបន្លាយពេលវេលា អូសបន្លាយសាច់រឿងឱ្យកាន់តែធ្វើឱ្យពិបាក»

ថ្មីៗនេះ បេឡាជាតិសន្តិសុខសង្គម ឬហៅកាត់ ប.ស.ស បានប្រកាសអំពីលក្ខខណ្ឌថ្មី សម្រាប់ការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ)ក្នុងប.ស.ស។ លក្ខខណ្ឌនោះរួមមាន ទី១ មានអាយុមិនលើសពី៦០ឆ្នាំ ទី២ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាព និងទី៣ មានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចេញដោយ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ការអនុវត្តចាប់ពីថ្ងៃទី២២ ខែមករាឆ្នាំ២០២៥។

ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (សមាគមIDEA)  លោក វ៉ន ពៅ បានស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលលើចំណុចទី៣ របស់បេឡាជាតិសន្តិសុខសង្គម ដើម្បីសម្រួលនីតិវិធីក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កុំឱ្យមានភាពស្មុគស្មាញ ធ្វើឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រុញរាទៅចុះបញ្ជីជាសមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍។

លោក វ៉ន ពៅ ៖«កាលពីមុនយើងអត់ពិបាកទេ យើងគ្រាន់តែយកអត្តសញ្ញាណបណ្ណទៅ យើងចុះជាបុគ្គលស្វ័យនិយោជន៍ ហើយប្រាប់ថាយើងប្រកបមុខរបរអីគឺគេចុះឱ្យ ដល់ក្រោយនេះរដ្ឋថែមចំណុចមួយទៀតគឺត្រូវមានបង្កាន់ដៃវិញ្ញាបនបត្របញ្ជាក់ពីគណៈកម្មាធិការសេដ្ឋកិច្ច និងឌីជីថលតាមរយៈច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ធ្វើឱ្យពួកយើងអ្នកចុះបញ្ជីកាន់តែលំបាក មានន័យថាទំរាំបាន ប.ស.ស យើងត្រូវទៅច្រកចេញចូលតែមួយ តាមស្រុក ខណ្ឌ មួយសា អ៊ីចឹងទៅ បានហើយទើបត្រលប់មក ប.ស.ស ទៀតអ៊ីចឹងវាបកទៅបកមក ធ្វើឱ្យមានឧបសគ្គក្នុងការគឺគាត់ចំណាយច្រើនក្នុងការធ្វើដំណើរ»។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានប្រាប់ឱ្យដឹងថា កន្លងមកធ្លាប់មានករណីអ្នកមកចុះបញ្ជី រាយការណ៍មិនពិតពីស្ថានភាពរបស់ខ្លួន។ ជាក់ស្តែង ប.ស.ស. មិនអាចចុះឈ្មោះអ្នកបម្រើតាមផ្ទះ ថាជាបុគ្គលស្វ័យនិយោជន៍នោះទេ ព្រោះពួកគាត់ត្រូវទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពេញលេញដូចហ្នឹងនិយោជិតដទៃទៀត។ ម្ចាស់ផ្ទះ ត្រូវបំពេញតួនាទីក្នុងនាមជានិយោជក តាមរយៈការចុះបញ្ជិកា និងប្រកាសភាគទានទាំង របបហានិភ័យការងារ ថែទាំសុខភាព និងប្រាក់សោធន។

អគ្គនាយករង ប.ស.ស រូបនោះជឿជាក់ថា បន្ទាប់ពីយន្តការថ្មី នៃការចុះបញ្ជី អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលនេះ  ដំណើរការ ប.ស.ស. នឹងកាន់តែងាយស្រួលក្នុងការកំណត់មុខរបររបស់ពួកគាត់តាមរយៈការប្រកាស និងមានវិញាបនបត្រត្រឹមត្រូវ។

លោក ហេង សុផាន់ណារិទ្ធ៖«យោងតាមតម្រូវការជាក់ស្តែងក្នុងការទទួលបានវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទៅចុះបញ្ជីតាមមធ្យោបាយដូចជាទី១ទៅកាន់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ (ចំណាយពេល១ថ្ងៃ នៃថ្ងៃធ្វើការ) ទី២ ដើម្បីសម្រួលកាន់តែមានភាពងាយស្រួល រាជរដ្ឋាភិបាល បានបង្កើតថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធីទូរស័ព្ទដៃ Cam-IE ដែលមានន័យថាអាចចុះបញ្ជីបានតាមប្រព័ន្ធអនឡាញដោយខ្លួន»។

លោក វ៉ន ពៅ មើលឃើញថា ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ ប្រាក់ចំណូលគ្មានបច្ចុប្បន្ននេះ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​មួយចំនួនកំពុងពិចារណា និងរុញរា ក្នុងការទៅចុះបញ្ជីចំនួនពីរកន្លែងផ្សេងគ្នាធ្វើឱ្យគាត់ពិបាកនិងចំណាយច្រើន។

លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ឱ្យដឹងថា បុគ្គលស្វ័យនិយោជន៍គឺ សំដៅដល់ជនដែលប្រកបរបរ រកចំណូលផ្ទាល់ខ្លួន មិនមានប្រាក់ឈ្នួល និងមិនមានប្រើប្រាស់កម្មករនិយោជិតក្នុងសកម្មភាពការងាររបស់ខ្លួន ហើយ បុគ្គលស្វ័យនិយោជន៍ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស លើរបបថែទាំសុខភាពតែមួយប៉ុណ្ណោះ៕

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង