loader

អ្នកសារព័ត៌មានវ័យក្មេង បានហ្វឹកហ្វឺនសរសេរព័ត៌មានលើកកម្ពស់ស្ត្រី និងយុវជន

កាលពីព្រឹកថ្ងៃពុធ​  ទី ២៨ ខែកក្កដា ឆ្នាំ២០២១ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានដឹកនាំវគ្គបណ្ដុះបណ្ដាលមួយដល់អ្នកសារព័ត៌មានវ័យក្មេងកម្ពុជា ស្ដីពីការលើកម្ពស់ស្ត្រី និងយុវជនក្នុងភាពជាអ្នកដឹកនាំ។  វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយ: អង្គការតម្លាភាពកម្ពុជា ដែលមានរយ:ពេលពីរថ្ងៃគឺនៅថ្ងៃទី២៨-២៩ ខែ កក្កដា ឆ្នាំ២០២១ នៅឯសណ្ឋាគារ Hyatt Regency Phnom Penh។ ក្រោមការចូលរួមរបស់លោកស្រី អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា គឺមានសិក្ខាកាមដែលជាសមាជិកចំនួន ១១ នាក់ ក្នុងនោះមាន៦ នាក់ ជាអ្នកសារព័ត៌មានស្ត្រីវ័យក្មេងមកពីស្ថាប័នចំនួនបួនផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ។

លោកស្រី អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)

 វគ្គបណ្ដុះបណ្ដាលនេះដែរ ធ្វើឡើងក្នុងគោលបំណងបំប៉នអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានវ័យក្មេងអោយមានជំនាញច្បាស់លាស់ក្នុងសរសេរអត្ថបទព័ត៌មាន ក៏ដូចជាការបញ្ជ្រាប និងផ្សព្វផ្សាយបញ្ហាទាក់ទងស្ត្រី យេនឌ័ លុបបំបាត់ការរើសអើង អំពើហិង្សាលើស្ត្រី ពិសេស ការលើកកម្ពស់ស្ត្រី និងយុវជនក្នុងភាពជាអ្នកដឹកនាំ។

តាមការស្រាវជ្រាវចុងក្រោយស្ដីពី “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជននៅក្នុងប្រទេសកម្ពុជា ” ទើបនឹងចេញផ្សាយកាលពីថ្ងៃទី​19 ខែមីនា ឆ្នាំ 2021 ដោយអង្គការតម្លាភាពកម្ពុជា បានអោយដឹងថា ស្ត្រី និងយុវជន នៅតែមានចំនួនតិចតួចនៅក្នុងវិស័យសាធារណ: ពិសេសក្នុងតួនាទីជាអ្នកដឹកនាំ ទាំងនៅក្នុងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។

បញ្ហានេះ សិក្ខាកាមម្នាក់ ដែលធ្វើការផ្នែកសារព័ត៌មាន  ក្នុងសា្ថប័នមួយនៅរាជធានីភ្នំពេញ បានលើកឡើងថា ស្ត្រីគួរតែចូលរួមអោយបានច្រើនក្នុងការចូលរួមកិច្ចការសង្គម ពិសេសស្ត្រីក្នុងវិស័យអ្នកដឹកនាំនេះតែម្ដង។

យោងតាមលទ្ធផល ​នៃ​ការស្រាវជ្រាវ​ខាងលើក៏បង្ហាញផងដែរ​ថា កត្តាដែលរួមចំណែកនាំឲ្យ​មាន​ស្ថានភាព​នេះគឺមានកត្តា​ចម្បង​ចំនួនបី រួមមាន វប្បធម៌ សង្គម និង​សេដ្ឋកិច្ច។ ហើយការសិក្សា​ដដែល​នេះក៏បានរកឃើញ​ថា ផ្នត់គំនិត និង​ឥរិយាបថ​វាយតម្លៃ​ជាមុន​ចំពោះ​សមត្ថភាព និង​តួនាទី​របស់​ស្ត្រី​ ដែល​មនុស្ស​ទូទៅ​តែង​រំពឹងទុក ក៏ជា​ឧបសគ្គ​ចម្បង​បំផុត​ដែល​រារាំង​ស្ត្រី​ មិន​ឲ្យ​ក្លាយ​ជា​អ្នកដឹកនាំ​បាន។

ចំពោះ​យុវជន​វិញ ការសិក្សា​រកឃើញថា មាន​ឧបសគ្គ​ចម្បង​ចំនួន ៧ ដែល​រារាំង​ពួកគេ​មិន​អាច​ឈាន​ទៅកាន់​តួនាទី​ជាអ្នកដឹកនាំ​បាន។ ឧបសគ្គ​ទាំងនោះ មាន​ដូចជា ការបន្ទច់​បង្អាក់​ពី​ឪពុកម្តាយ ​ដោយ​ខ្លាច​កូន​ពួកគេ​មាន​បញ្ហា​ពេល​ចូល​រួម​កិច្ចការ​សង្គម​ឬ​នយោបាយ ការរើសអើង​លើ​អាយុ ការធ្វើ​ចំណាកស្រុក​ដើម្បី​ការងារ អំពើ​បក្ខពួកនិយម និង​កង្វះ​ជំនាញ​ទន់ជាដើម។

លោកស្រី សេង រាសី នាយិកាប្រតិបត្តិនៃអង្គការ សីលការ  (SILAKA)

យ៉ាងណាម៉ិញ លោកស្រី សេង រាសី ដែលជានាយិកាប្រតិបត្តិនៃអង្គការ សីលការ បានលើកឡើងនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរថា បើចង់អោយស្ត្រីចូលរួមក្នុងកិច្ចការសង្គម លុះត្រាតែសង្គមទាំងមូលចូលរួមលុបបំបាត់ និងផ្លាស់ប្ដូរផ្នត់គំនិត មិនរីកចម្រើនមួយចំនួន ដូចជាស្ត្រីមិនគួររៀនបាន ខ្ពស់ជាដើម ដើម្បីបង្កើនលទ្ធភាព និងជំរុញទឹកចិត្តអោយពួកគាត់ ចូលរួមដឹកនាំគ្រប់វិស័យមិនថា​ក្នុង​ស្ថាប័ន​រដ្ឋ សាធារណៈ ឬអង្គភាពណាមួយនោះទេ ​។

ជារួម អត្ថប្រយោជន៍សម្រាប់សង្គម គឺនៅពេលមានចំនួនស្ត្រីច្រើន នៅក្នុងមុខតំណែងជាអ្នកដឹកនាំកាន់តែច្រើន វាអាចផ្សារភ្ជាប់ជាមួយ នឹងការប្រយុទ្ធប្រឆាំង និងការយាយី​ផ្លូវភេទនៅកន្លែងធ្វើការ ហើយអត្ថប្រយោជន៍នៃចីរភាពសេដ្ឋកិច្ចនេះ ក៏ផ្ដល់ឱកាសអោយស្ត្រីចៀសផុត ពីការជួញដូរ ក៏ដូចជាអំពើរហិង្សា ក្នុងគ្រួសារ និងឈានទៅរកសមភាពយេនឌ័រ ដែលក្នុងនោះស្ត្រីមានសិទ្ធនៅក្នុងការសម្រេចចិត្ត លើគ្រប់វិស័យ។ ដូច្នេះ វាពិតជាចាំបាច់ ក្នុងការធានាឱ្យមានការចូលរួមរបស់ស្ត្រីកាន់តែច្រើននៅក្នុងមុខតំណែងជាអ្នកដឹកនាំ៕

ខាងក្រោមនេះជាសកម្មភាពរបស់សិក្ខាកាម នៅក្នុងវគ្គបណ្ដុះបណ្ដាល៖

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អង្គការសង្គមស៊ីវិលជាង ៣០ ជំរុញភាគីពាក់ព័ន្ធស្វែងរកសំណងសមរម្យឱ្យពលរដ្ឋព្រលានយន្តហោះថ្មី

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលជាង ៣០ បានចេញសេចក្[...]

ក្រសួងទេសចរណ៍ប្រាប់ក្រុមហ៊ុនហោះហើរក្នុងស្រុកត្រៀមបើកដំណើរការឡើងវិញ

(ភ្នំពេញ)៖ ផ្អែកតាមក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខ[...]

ពលរដ្ឋព្រលានយន្តហោះថ្មី៩នាក់ត្រូវដោះលែងខណៈអ្នករត់គេចខ្លួនមិនទាន់ហ៊ានត្រឡប់ចូលផ្ទះ

ភ្នំពេញ៖ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីចំនួន ៩ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x