loader

អ្នកសង្កេតការណ៍ថា លោកកឹមសុខានឹងដើរឆ្ងាយបន្ដិចពីលោកសមរង្ស៊ីបន្ទាប់ពីទទួលបានសេរីភាពពេញលេញ

ភ្នំពេញ៖ ប្រយោគមួយឃ្លាថា “កឹមសុខា និង សមរង្ស៊ីជាមនុស្សតែមួយ” ត្រូវបានប្រើប្រាស់ភ្លាមៗនិងមានប្រសិទ្ធភាព ដែលនេះ ចេញពីគោលគំនិតរបស់លោកសមរង្ស៊ី ។ ពាក្យស្លោកនេះហើយ បានធ្វើឱ្យ​សម្ព័ន្ធ​ភាព​នៃ​អតីតបក្សសង្រ្គោះជាតិបន្តរឹងមាំ​ទោះបីលោក​កឹមសុខាស្ថិត​ក្នុងភាពស្ងៀមស្ងាត់ក៏ដោយ។​តែយ៉ាងណា អ្នកសង្កេតការណ៍ម្នាក់ បានបញ្ចេញ​ទស្សនៈថាលោកកឹមសុខានឹងដើរឆ្ងាយបន្ដិចពីលោកសមរង្ស៊ីបន្ទាប់ពីទទួលបានការដោះ​លែងអោយមានសេរីភាពពេញលេញ។

កញ្ញា ឆោមពៅនិកា ជូនអធិប្បាយ៖

 

លោកសមរង្ស៊ីតែងបង្ហោះសារយ៉ាងសន្ធឹកសន្ធាប់លើទំព័រហ្វេសប៊ុករបស់លោក ដោយ​ដាស់តឿន មន្ត្រីរបស់លោក១១៨រូបកុំដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយវិញដែលលោក ថា ការទៅសុំសិទ្ធិធ្វើនយោបាយនេះ គឺជាការក្បត់រដ្ឋធម្មនុញ្ញ ហើយទទួលស្គាល់ថាលោកកឹមសុខាក្បត់ជាតិ ទទួលស្គាល់ថាបក្សសង្រ្គោះជាតិសមនឹងត្រូវបានរំលាយ ក៏ដូចជាចូលរួមបំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ផ្ទុយទៅវិញ អ្នកនយោបាយនិរទេសខ្លួនរូបនោះ តែងតែអំពាវនាវទៅដល់សមាជិកគឺទាំងសមាជិកអចិន្រ្ដៃយ៍ និង មិនអចិន្រ្ដៃយ៍បក្សថា ត្រូវតែទាមទារឱ្យមាននូវការអនុវត្តលើចំណុចប្រាំទៅវិញ នោះគឺ« លោកកឹមសុខាត្រូវតែដោះលែង ទម្លាក់ចោលរាល់ការចោទប្រកាន់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ធ្វើយ៉ាងណាឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ សងនូវតំណែងដែលក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សត្រូវបានគេរឹបអូសយកដោយខុសច្បាប់ និង បោះឆ្នោតឡើងវិញ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ»។

ពីចម្ងាយរាប់ម៉ឺនយោជន៍ លោកសមរង្ស៊ីតែងតែឌឺដងផ្លែផ្កាមកកាន់សម្ដេចហ៊ុនសែន និង ថែមទាំងលេងល្បែងភ្នាល់មួយដោយដាក់ករណីកឹមសុខា ដែលថាបើលោកកឹមសុខាត្រូវបានដោះលែងមុនកាលកំណត់ថ្ងៃ ៣ មិនាឆ្នាំ២០១៩ លោកហ៊ុនសែនត្រូវចុះចេញពីតំណែង បើមិនដូច្នេះទេ ពោលគឺមិនមានការដោះលែងលោកកឹមសុខា លោកសមរង្ស៊ីខ្លួនផ្ទាល់នឹងធ្វើមាតុ​ភូមិនិវត្តន៍មកម្ដងទៀតដើម្បីអោយចាប់ខ្លួនម។  តែយ៉ាងនេះ លោក ថា លោក​ពីតជា​មកមែនតែលោក គៀរគរសកម្មជននានាពីក្រៅប្រទេស អមដំណើរដោយស្ម័គ្រចិត្តមកជាមួយលោក។ បែបនេះក្ដី ពេលវេលាកាន់តែរំកិលទៅមុខ ថ្ងៃឱសានវាទខិតជិតមកដល់គឺគេសម្លឹងឃើញ មជ្ឈដ្ឋានជាតិ និង អន្ដរជាតិកំពុងយកចិត្តទុកដាក់តាមដានមើលសកម្មភាពភ្នាល់គ្នារបស់អ្នកនយោបាយ ទាំងពីរ រហូតដល់គេឃើញថា សម្ដេចបានផ្ញើបទចម្រៀងមួយឃ្លា ដែលមានអត្ថន័យចាក់ដោត ទំនងបញ្ជាក់ថា ការភ្នាល់នេះសម្ដេចប្រាកដជាឈ្នះ ហើយលោកសមរង្ស៊ីនៅតែខ្លាចការចូលស្រុក ក្រោមប្រយោគ ថា ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ។

(ពីរដង)សង្សារបងអើយដល់ពេលហើយឬនៅ? ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ.(ពីរដង) ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា។

បើមើលលើការភ្នាល់នេះ អ្នកសង្កេតការណ៍សង្គម គឺ លោកព្រាបកុលបានវិភាគនៅលើបណ្ដាញសង្គមជូនសាធារណជនថា នយោបាយសម្រាប់១២ខែមុខ គឺការកត់សម្គាល់ទីមួយថា ទាក់ទងទៅនឹង ល្បែងភ្នាល់នយោបាយខ្នាតធំជិតដល់ថ្ងៃកំណត់គឺថ្ងៃទី3មិនា ឆ្នាំ2019 ហើយនរណាក៏ដឹងថា លោក សម រង្សី នឹងចាញ់ការភ្នាល់។

លោកបញ្ចាក់ថា គួរតែគិតថា សមរង្សីនឹងចាញ់ក្នុងការភ្នាល់នេះមែនតែលោកថាលោក សម រង្សីភ្នាល់ដើម្បីបានឈ្នះក្នុងការតស៊ូមតិលើឆាកអន្តរជាតិទាក់ទងទៅនឹងដំណើរការត្រួតពិនិត្យ EBA។

អ្នកសង្កេតការណ៍ព្រាបកុល ហៅល្បែងនេះថា ១ស្មើ គឺ ស៊ីគ្រាប់ទៅវិញទៅមក ក្នុងល្បែងអុក ឬលេងរែក។ លោកសរសេរបែបបង្ហុយឥតខ្វល់ថា “ប៉ុន្តែគេអាចដឹងថា លោក សម រង្សី នឹងមិនធ្វើតាមសន្យាក្នុងការភ្នាល់នេះទេ។”

ការព្យាករណ៍ចាប់ពីចំណុចទី២តទៅ លោកព្រាបកុល បានសរសេរទាក់ទងច្រើនទៅនឹងលោក​កឹមសុខា និង លោកសមរង្ស៊ី អំពីដំណើរនយោបាយរួមគ្នារបស់អ្នកទាំងពីរ។ លោកថាលោក​កឹមសុខានឹងត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពពេញលេញចាកចេញពីការត្រួតពិនិត្យពីតុលាការនិង ការឃុំខ្លួនក្នុងគេហដ្ឋាន នៅក្នុងខែមិនា ឬ មុនចូលឆ្នាំ​ហើយនោះលោកហ៊ុនសែនបានឈ្នះលោកសមរង្ស៊ីហើយ នឹងធ្វើឱ្យស្ថានការណ៍នយោបាយមានភាពធូរស្រាលមួយកម្រិត។

លោកបញ្ជាក់ថាតទៅគេនឹងសង្កេតមើលពីស្មារតីនយោបាយរបស់លោកកឹមសុខាវិញម្ដងក្រោយពី ទទួលបានសេរីភាពឡើងវិញ ដែលជៀសមិនផុតពីធ្វើនយោបាយ ជាមួយនឹងមន្រ្ដីដែលស្ម័គ្រស្មោះនឹងលោក។

បុរសអ្នកសង្កេតការណ៍រូបនេះធ្វើ បទវិភាគសង្ខេបនេះគឺសម្រាប់១ឆ្នាំខាងមុខ លោកក៏ភ្ជាប់នូវចំណុចមួយទៀតថា  លោកកឹមសុខាបាន គ្រប់គ្រងបក្សវិញដោយស្វ័យប្រវត្តិហើយ លោក សម រង្សី អាចនឹងត្រូវបានគេរារាំង និងបិទផ្លូវមិនអោយវិលចូលមកកម្ពុជាវិញបាន និងមិនមានតួនាទីជាផ្លូវការអ្វីក្នុងបក្សដែលដឹកនាំដោយ លោក កឹម សុខានោះទេ។ មិនតែប៉ុណ្ណោះ លោកកឹមសុខា  នឹងព្យាយាមនៅឆ្ងាយ ពីលោក សម រង្សី ប៉ុន្តែមិនប្រកាសចែកផ្លូវគ្នាទេ ព្រោះត្រូវរង់ចាំមើលសន្ទុះនៃការគាំទ្រពីមហាជន និងសហគមន៍អន្តរជាតិសិន។ ប្រសិនបើមានការគាំទ្រគ្រប់គ្រាន់ លោក កឹម សុខា អាចនឹងត្រូវបានជម្រុញឲ្យពិចារណាផាត់ លោក សម រង្សីចេញពីសង្វៀននយោបាយរបស់បក្សតែម្តង។

តែភ្នែកមហាជន និង ជាពិសេសអ្នកដែលមាននិន្នាការថាខ្លួនត្រូវបានគេប្លន់ឆន្ទៈតាមរយៈការរំលាយគណបក្សសង្គ្រោះដែលមានចំនួន ស្ទើរពាក់កណ្ដាលផ្ទៃប្រទេសនឹងនៅតែផ្ដោតលើមេត្រីភាពរបស់ស្ថាបនិកបក្សសង្គ្រោះជាតិទាំងពីររូប។ លោកថាបើភាគីណាក្បត់នូវស្មារតីសមរង្ស៊ី កឹមសុខាជាមនុស្សតែមួយនោះ អ្នកនោះនឹងរងការថ្កោលទោសពីប្រជាពលរដ្ឋ ដែលទិដ្ឋភាពនោះស្រមៃមើលទៅមានការប្រេះបែកគួរឱ្យខ្លាច។
តែបើស្ថានការយ៉ាងនោះមែន អំឡុង១២ខែនេះ ពោលគឺឆ្នាំ២០១៩ កាលៈទេសៈទោះមិនអំណោយផល ក៏លោកសមរង្ស៊ីនឹងមិនខ្លាចក្នុងការបង្កើតឱកាសដែរ ដើម្បីស្វែងរកឥទ្ធិពល
ចំណោម មហាជន និងអ្នកដែលស្មោះត្រង់ចំពោះគាត់ទាំងនៅខ្មែរ និងនៅក្រៅប្រទេស គឺលោកសមរង្ស៊ី នឹងប្រថុយគ្រោះថ្នាក់វិលត្រឡប់មកកម្ពូជាវិញព្រោះវាជាជីវិតនយោបាយចុងក្រោយរបស់គាត់។

ទន្ទឹមគ្នានេះដែរ លោកព្រាបកុល បានបញ្ចេញមតិបន្ថែមថា ដំណើរការដកការអនុគ្រោះពន្ធលើគ្រប់មុខទំនិញនៃជំនួញកម្ពុជា អឺរ៉ុប លើកលែងតែសព្វាវុធ នឹងមានការចរចាត្រឡប់ឱ្យមានស្ថានភាពដើមវិញ រួមមាន អតីតថ្នាក់ដឹកនាំនៃបក្សសង្គ្រោះជាតិ 97% ភាគរយ នឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ បន្ថែមពីនោះ នឹងមានការពិនិត្យឡើងវិញ និងការធ្វើវិសោធនកម្មច្បាប់សំខាន់ៗមួយចំនួន ដូចជាច្បាប់អង្គការមិនមែនរដ្ឋាភិបាល (LANGO) ច្បាប់សហជីព និង​ច្បាប់គណបក្សនិយោបាយ។ លោកបន្ដកត់សម្គាល់នូវ ចំណុចដែលស្មុកស្មាញ និងតានតឹងជាងគេ នោះគឺក្នុងការជជែកពីបញ្ហា គឺពាក់ព័ន្ធទៅនិងសិទ្ធិនយោបាយ។

ថ្មីនេះៗ ក្រុមមេធាវីលោកកឹមសុខារិះគន់លោកសមរង្ស៊ីលើការភ្នាល់ករណីកូនក្ដីខ្លួន ថាយកកិត្តិយសកូនក្ដីខ្លួនមកលេងសើច ខណៈដែលលោកសមរង្ស៊ីគ្មានលទ្ធភាពនឹងឈ្នះការភ្នាល់នេះនោះទេ ហើយថាលោកអាចនឹងជាអ្នកនយោបាយគ្មានតម្លៃ។

មើលពីខាងលោកកឹមសុខានិយមគឺគេឱ្យតម្លៃថា លោកកឹមសុខា និង លោកសមរង្ស៊ីហាក់មិនអាចជាមនុស្សតែមួយនោះទេ ព្រោះអ្នកទាំងពីរមិននៅជិតគ្នា ពិបាកដូចពីមុន ស្ថានភាពលោកកឹមសុខារឹតត្បិតជាក់ស្ដែង ដែលធ្វើឱ្យមាននូវយុទ្ធសាស្រ្ដ និង ទិសដៅផ្សេងគ្នានៅពេលអនាគត។ តែគេត្រូវរង់ចាំមើលពីទំនាក់ទំនងនេះតាមរយៈការដាក់មកវិញនូវភក្ដីភាពសម្រាប់ការចង់បាននូវអ្វីដែលលោកសមរង្ស៊ីថា ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការឱ្យតម្លៃរួមលើឆន្ទៈរបស់អ្នកគាំទ្រ។

សម្រាប់អ្នកវិភាគ ខ្លះទៀត ដែលគេថាជាអ្នកវិភាគមិនលំអៀង ពួកគេ ថាបើលោកសមរង្ស៊ី​វិលមកវិញ គឺនឹងធ្វើអោយលោកកឹមសុខាគិតច្រើនជាងអ្នកនៅជុំវិញខ្លួនលោក ហើយទីបំផុត លោកកឹមសុខាសម្រេចថាត្រូវសាល្បងរួមគ្នាម្ដងទៀតជាមួយលោកសមរង្ស៊ី ដែល​គេថាអ្នក​ជាតិនិយមដូចគ្នា​ងាយ​និយាយត្រូវជាមួយ​គ្នា។​តែបើម្នាក់ បោះបង់ម្នាក់ចោល​មែនគឺអ្នក​នយោ​បាយនោះ ស្ថិតក្នុងការសង្ស័យថាអាចស្ថិត​ក្រោម​​លក្ខខណ្ឌមួយ​របស់ភាគីប្រជែងទី៣ ​ដែល​មាន​ឥទ្ធិពល​លើបរិយាកាសនយោបាយកម្ពុជា។ អ្នកនយោបាយនេះត្រូវបានអ្នកគាំទ្រដាស់​បណ្ដាសារហើយ ចង់មិនចង់គឺអស់ឥទ្ធិពលនយោបាយ៕

ព័ត៌មានទាក់ទង

សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដហៅភ្នំព្រះរាជទ្រព្យជាជង្រុកមាសនៃទេសចរណ៍ចាំបាច់ដុសខាត់ឱ្យភ្លឺ

ភ្នំព្រះរាជទ្រព្យស្ថិតនៅខេត្តកណ្ដាល ចម្ងាយជាង[...]

ប្រជាជនអាល់ហ្សេរីជោគជ័យក្នុងការបណ្ដេញប្រធានា​ធិបតីចង់ក្រាញអំណាច​ប្រាំឆ្នាំទៀត

ល្បែងនយោបាយមិនថាឡើយកើតនៅទីណាទេនៃពិភពលោក។ តែសម[...]

វិភាគ៖ឌុយទើតតេនឹងពង្រីកអាណត្តិប្រធានាធិបតីបន្ទាប់ពីដកខ្លួនពីICCតែទំនងមិនអាចជម្នះនឹងព្រហ្មលិខិតឡើយ

កាលពីថ្ងៃអាទិត្យទី១៧ មិនា លោកប្រធានាធិបតី Rod[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត