ភ្នំពេញ៖ ប្រធានាធិបតី ថ្មីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ នៅរយៈពេលចុងក្រោយនេះបានបង្ហាញជំហរ ចង់ផ្ដាច់ទំនាក់ទំនងល្អជាមួយអាមេរិកដោយលោក បានព្រមានកាលពីថ្ងៃទី ០៤ ខែ តុលា ថា សមយុទ្ធរវាងហ្វីលីពីន និងអាមេរិក លើកនេះ អាចជាលើកចុងក្រោយ ដែលក្នុងឋានៈលោកកំពុងកាន់អំណាចប្រទេស លោកនឹងមិនអនុញ្ញាតឲ្យមានសមយុទ្ធ ដូចនេះបន្ដទៀតទេ។
ប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ បានប្រកាសឱ្យដឹងកាលថ្ងៃអង្គារថា នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងការបន្តរិះគន់សហរដ្ឋអាមេរិកសម្ព័ន្ធមិត្តរបស់ខ្លួន លោកបានបង្ហាញក្តីសង្ឃឹមថានឹងអាចធ្វើដំណើរទៅប្រទេសរុស្ស៊ី ឆាប់ៗនេះដែរ។ លោក ឌូទើតេ បានធ្វើឱ្យពិភពលោក ភ្ញាក់ផ្អើល ដោយសារលោក បើកប្រតិបត្តិការសម្លាប់ អ្នករត់ពន្ធគ្រឿងញៀន យ៉ាងរង្គាល។
យុទ្ធនាការនេះ នាំឱ្យអាមេរិកថ្កោលទោស យ៉ាងខ្លាំង។ បញ្ហានេះហើយ មើលទៅ បានជា ឌូទើតេ រៀបចំខ្លួនផ្ដាច់សម្ព័ន្ធ ជាមួយអាមេរិកដែលធ្លាប់មាន ជាច្រើនទសវត្សមកហើយ។
ការបង្ហាញជំហររបស់ ប្រធានាធិបតីហ្វីលីពីន ត្រូវបានអ្នកវិភាគយល់ថា ហ្វីលីពីន នឹងខាតបង់សេដ្ឋកិច្ច បើផ្ដាច់ទំនាក់ទំនងជាមួយអារិក ប៉ុន្ដែលោកថា ហ្វីលីពីន ក៏អាចចំណេញនយោបាយផងដែរ ពីប្រទេសដែលមិនកាន់ របបប្រជាធិបតេយ្យ។ លោក លៀ ស៊ីណា រាយការណ៍៖
ប្រហែលមិនយូរ មិនឆាប់ទេ គេនឹងបានដឹងថា ប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់លោក ឌូទើតេ និងផ្ដាច់ខ្លួនពីអាមេរិក ហើយងាកទៅរកប្រទេសមហាអំណាចពីរទៀត គឺ ចិន និងរុស្ស៊ី ដែលជាគូរប្រជែងយ៉ាងខ្លាំងជាមួយសហរដ្ឋអាមេរិក ទាំងវិស័យយោធា នយោបាយ និងសេដ្ឋកិច្ច។
បើយ៉ាងដូចនេះមែន នយោបាយភូមិសាស្ដ្រអាស៊ី នឹងមានការប្រែប្រួល ជាពិសេសភូមិសាស្ដ្រនយោបាយ អាស៊ីអាគ្នេយ៌ ដែលអាមេរិក ចាត់ទុកថា ជាតំបន់មួយមានសក្ដានុពលយ៉ាងខ្លាំងជាមួយខ្លួន។
ហ្វីលីពីន បច្ចុប្បន្នជាប្រទេសមួយ ដែលមានវត្តមានកងទ័ពអាមេរិក នៅលើទឹកដីនេះ ហើយវត្តមានទ័ពអាមេរិកនេះ គឺជាផ្នែកមួយដែលប្រទេសមហាអំណាច មួយនេះ ប្រើប្រាស់ឥទ្ធិពលកងទ័ព របស់ខ្លួនក្នុងតំបន់ ប្រយោជន៍ទប់ទល់ឥទ្ធិពលជាមួយ មហាយក្ស ចិន នៅអាស៊ី។
អ្នកវិភាគមួយរូបដែលវិទ្យុស្ដ្រី បានសុំការបកស្រាយរឿងនេះ បានយល់ឃើញថា បើហ្វីលីពីន ផ្ដាច់ខ្លួនពីអាមេរិក គឺ មានហានិភ័យកើតឡើងចំពោះប្រទេសហ្វីលីពីន ក៏ដូចជាហានិភ័យតំបន់ ដែលលោកថា មានតែបញ្ហាសេដ្ឋកិច្ច និងនយោបាយ។
អ្នកសិក្សាពីអភិបាលកិច្ច និងប្រជាធិបតេយ្យ លោកបណ្ឌិត ចាន់ វិបុល ថាប្រធានាធិបតីថ្មី នៃប្រទេសហ្វីលីពីន ទំនងលោក ចង់អនុវត្ដន៍យុទ្ធនាការ បោសសំអាតគ្រឿងញៀន នៅប្រទេសលោកឲ្យចប់អាណត្ដិ បានជាក្នុងរយៈពេលថ្មីៗទៅនេះ មានសារបង្ហាញដល់ សហរដ្ឋអាមេរិក ថាចង់ផ្ដាច់ខ្លួនចេញ ហើយងាកទៅបង្កើនទំនាក់ទំនងល្អជាមួយចិនដែលជាប្រទេសមហាអំណាចមួយ លើពិភពលោក ហើយជាប្រទេសមួយ មិនចាប់អារម្មណ៍ច្រើនពីការរំលោភសិទ្ធិមនុស្ស។
តែលោកយល់ផ្សេងនេះបន្តិចថា ហ្វីលីពីនបានរងឥទ្ធិពលរបស់អាមេរិក អស់រយៈកាលជាច្រើនទសវត្សមកហើយ ដែលធ្វើឱ្យ ហ្វីលីពីន មិនមានការរីកចម្រើនអ្វីច្រើនហើយម្យ៉ាងទៀត ហ្វីលីពីន ក៏មិនដែលបានអនុវត្ដន៍ច្បាប់របស់ខ្លួន បានពេញលេញបានដែរ ព្រោះតែគំនាបពីសហរដ្ឋអាមេរិក។
យ៉ាងណា អ្នកសិក្សាពីអភិបាលកិច្ចរូបនេះគិតថា ហ្វីលីពីន នឹងខាតបង់សេដ្ឋកិច្ចខ្លាំង បើសិនប្រទេសនេះពិតជាសម្រេចផ្ដាច់ខ្លួនចេញពីអាមេរិកមែននោះ។ ជាងនេះលោកថា បើផ្ដាច់ខ្លួនពីអាមេរិក ហ្វីលីពីន គឺមិនមែនខាត់បង់សេដ្ឋកិច្ចត្រឹមតែអាមេរិកទេ គឺខាតទាំងអស់ព្រោះសហភាពអឺរ៉ុប ក៏ដូចអាមេរិកដែរ គឺពួកគេនឹងមិន ឱ្យហ្វីលីពីន រស់ងាយស្រួលទេ។
លោក ចាន់ វិបុល៖ «ហ្វីលីពីននៅក្នុងផែនការណ៍របស់គាត់ដែលគេហៅថា Globalization ដែលជាដំណើឆ្ពោះទៅទិសខាងលិចជាជាងឆ្ពោះទៅរកសាធារណៈរដ្ឋចិន ប៉ុន្ដែនៅក្នុងរបបនេះលោកប្រធានាធិបតីលោកចង់ ពន្លះមួយឈ្នះដៃសិនដើម្បីកម្ចាត់អំពើពុករលួយ និងបញ្ហាអំពីគ្រឿងញៀននេះ ប៉ុន្ដែក្នុងរយៈពេលខ្លីគាត់អាចនឹងថយមកវិញ បើសិនមានការបោះឆ្នោតក្នុងរយៈពេលប្រាំឆ្នាំខាងមុខ»។
យ៉ាងណាក៏ដោយ អ្នកនយោបាយ មិនចង់និយាយពីផលលំបាក របស់ប្រទេសហ្វីលីពីន ទៅថ្ងៃខាងមុខនោះទេ បើទោះជា វិទ្យុស្ត្រីសុំការពន្យល់ក៏ដោយនោះ ដោយម្នាក់ៗចាត់ទុកថា ជាកិច្ចការផ្ទៃក្នុងរបស់ ហ្វីលីពីន។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា រឿងផ្ទៃក្នុងប្រទេសហ្វីលីពីន លោកមិនអាចនិយាយថា យ៉ាងណាបានទេ។ តែលោកយល់ថា ហ្វីលីពីន អាចមានការធុញទ្រាន់នឹង អាមេរិក ដែលតែងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ខ្លួនទើប ហ្វីលីពីន ចង់ងាកចេញពី អាមេរិក ហើយទៅចាប់ដៃជាមួយ ចិន។លោកបន្តថារឿងកិច្ចការផ្ទៃក្នុង របស់ប្រទេសមួយចំនួនគឺគេមិនគួរលូកដៃទេ។
លោក សុខ ឥសាន្ដ៖«ទីកន្លែងណាដែលអាមេរិកចូលទៅ គឺមានបញ្ហាដោះស្រាយមិនចេញ វិវាទដែលកើតឡើងហ្នឹងមិនអាចដោះស្រាយចេញ អញ្ចឹងទេគាត់ចង់ផ្ដាច់ខ្លួនហ្នឹង ឥឡូវគាត់មានទំនាស់ជាមួយចិនហើយស្រាប់តែគាត់មកសហការជាមួយចិនហ្នឹង បានន័យថា គាត់មើលឃើញទស្សនៈវិស័យវែងឆ្ងាយការប្រយុទ្ធប្រឆាំង ជាមួយចិនយកឈ្នះចិនមិនបានទេ មានតែលែងធម៌ត្រជាក់ដោយសន្ដិវិធីដើម្បីស្រាយ»។
ទាក់ទិនបញ្ហាហ្វីលីពីន នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា មានប្រសាសន៍ថា ក្នុងនាមជាប្រទេសខាងក្រៅ គឺមិនអាចដឹងពីកិច្ចការផ្ទៃក្នុង របស់ប្រទេសគេបានទេ ដែល សូម្បីកម្ពុជាក៏មានបញ្ហារបស់ខ្លួន ដែលមិនទាន់ដោះស្រាយបានដូចគ្នា។
លោក យឹម សុវណ្ណ៖«ដូចខ្ញុំជម្រាបអញ្ចឹងរឿងផ្ទៃក្នុងប្រទេសគេទេ ដែលគេដឹង ចំណែកយើងគឺមិនអាចទៅដឹងផ្ទៃក្នុងប្រទេសគេបានទេ ហើយសូម្បីតែយើងនៅក្នុងប្រទេសកម្ពុជាយើង ក៏នៅមានបញ្ហាជាច្រើនទៀតដែលយើងត្រូវដោះស្រាយដោយខ្លួនយើង»។
លោក រ៉ូឌ្រីហ្គូ ឌូទើតេ បានឡើងកាន់តំណែងជាប្រធានធិបតីថ្មី នៃប្រទេសហ្វីលីពីនកាលពីថ្ងៃទី ៣១មិថុនា ឆ្នាំ២០១៦ តាមរយៈការបោះឆ្នោត។ លោកបានចូលកាន់តំណែងកំពូលរបស់ប្រទេស សាធារណរដ្ឋមួយនេះ ចំពេល តុលាការ មជ្ឈឹត្តការអន្តរជាតិ បានកាត់ក្ដីឱ្យហ្វីលីពីន មានសិទ្ធិចូលទៅកាន់កាប់វិញ នៅតំបន់សមុទ្រចិនខាងត្បូងដែល ក្រុងប៉េកាំងបានចូល កាន់កាប់។ ភ្លាមៗ បន្ទាប់ពីទទួលជ័យជម្នះលើប្រទេសចិន ហ្វីលីពីន ព្រមានដឹកនាំទ័ពចូល តំបន់នោះ តែចិនព្រមាន ថាបើក្រុងម៉ានីលហ៊ាននាំទ័ពចូលតំបន់នោះ គឺក្រុងប៉េកាំងមិន ទុកឱ្យទ័ពហ្វីលីពីន រស់ឡើយ។ ក្រុងប៉េកាំងព្រមានថានឹងផ្ទុះសង្គ្រាម ភ្លាម បើមានការចលនាទ័ព ចូលដែនទឹកប្រវត្តិសាស្ត្រ របស់ខ្លួននៅសមុទ្រចិនខាងត្បូង។
បន្ទាប់ពីការព្រមានធ្ងន់ៗពីក្រុងប៉េកាំង គេសង្កេតឃើញក្រុងម៉ានីល ឆាប់ប្រញាប់ កែពាក្យពេចន៍ឡើងវិញ។ លោក ឌូទើតេ បានបញ្ចូន ប្រេសិតជាន់ខ្ពស់របស់លោកទៅក្រុងប៉េកាំង ដើម្បីសម្របសម្រួលឱ្យ ចិន ទទួលស្គាល់ សាលដីការបស់ តុលាការអន្តរជាតិ ហើយ ប្រាប់ថា ហ្វីលីពីនចង់បានសិទ្ធិមួយផ្នែកលើ តំបន់ជំលោះ ជាមួយចិន ហើយចង់បានតំបន់នោះ ក្លាយជាផលប្រយោជន៍របស់ហ្វីលីពីន។ ករណីនេះហើយមើលទៅទើបក្រុងម៉ានីល ប្រាថ្នាយកចិត្ត មហាមិត្តហើយទុកអាមេរិក មួយឡែកសិន ព្រោះអាមេរិក ក៏ត្រូវបានក្រុងប៉េកាំងចោទថា ជាអ្នកនៅពីក្រោយ ក្រុងម៉ានីលក្នុងរឿង ជំលោះដែនទឹកនៃសមុទ្រចិនខាងត្បូងនេះដែរ។
យ៉ាងណាក៏ដោយគេត្រូវរង់ចាំមើលថែមទៀតថា តើហ្វីលីពីន នឹងមានជំហរដូចមេ្ដច ចំពោះក្រុងវ៉ាស៊ីនតោន ខណៈប្រទេសមហាអំណាចលេខមួយលើពិភពលោកនេះ នឹងមានមេដឹកនាំថ្មីនៅដើមឆ្នាំក្រោយនេះ៕