ភ្នំពេញ៖ ថ្មីៗនេះលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស បានលើកឡើងនៅឯអង្គការសហប្រជាជាតិថាការបង្ក្រាបបក្សប្រឆាំងកន្លងមក «គឺដោយសារតែគណបក្សប្រឆាំង ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ» ។
ករណីនេះត្រូវបានអ្នកវិភាគ និងអ្នកច្បាប់យល់ឃើញ ផ្ទុយពីការថ្លែងរបស់តំណាងកម្ពុជា។ ចង់ដឹងអ្នកវិភាគ និងអ្នកច្បាប់បកស្រាយយ៉ាងណានោះ ជាបន្ដសូមអញ្ជើញស្ដាប់បទស ម្រង់វិភាគ របស់ កញ្ញា ជុំ ជោគជាតា ដូតទៅ៖
នៅក្នុងសម័យប្រជុំលើកទី៧១នៃមហាសន្និបាតអង្គការសហប្រជាតិ កាលពីថ្ងៃសៅរ៍ទី២៤កញ្ញា រដ្ឋ មន្ដ្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានហៅការរិះគន់ពីអង្គការសហប្រជាជាតិ រួមទាំងសហគមន៍អន្ដរជាតិ រឿងគោរពលទ្ធិប្រជាធិបេតយ្យ ថា ជាការចោទប្រកាន់ដែលយល់ខុស និងព្យាយាមដាក់ការស្ដីបន្ទោស លើរដ្ឋាភិបាល ។
ជាងនេះ លោកក៏បានហៅការស្នើសុំពីសហគមន៍អន្ដរជាតិ ដែលតម្រូវឱ្យ កម្ពុជា ទទួលយកគំរូលទ្ធិប្រជាធិបតេយ្យ ជារឿងមិនសមហេតុ សមផល និងមិនបានគិតដល់ការពិត ដែលគណបក្សប្រឆាំងកំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
បើតាមការដកស្រង់មកចុះផ្សាយដោយការសែត Cambodia Daily លោក ប្រាក់ សុខុន បានលើកឡើងថា៖«នៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស យើងត្រូវបានស្នើឱ្យទទួលយកគំរូលទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ ហើយនេះមិនបានគិតដល់ការពិតដែលថា ប្រទេសមួយចំនួន ផ្សេងទៀតមានវិធីសាស្ដ្រផ្សេងនោះឡើយ។ យើងតែងតែស្ថិតក្នុងស្ថានភាពដែលគណបក្សប្រឆាំងកំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ»។
តែនេះជាលើកដំបូងហើយដែលរដ្ឋមន្ដ្រីក្រសួងការបរទេសថ្មីកម្ពុជា លោក ប្រាក់ សុខុន បានវាយបកលើការរិះគន់របស់សហគមន៍អន្ដរជាតិ មកលើរដ្ឋាភិបាលបែបនេះ ។
ការរិះគន់ និងសំណើ របស់សហគមន៍អន្ដរជាតិ ដែលត្រូវបានលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស ច្រានចោលនៅពេលនេះ ធ្វើអោយអ្នកវិភាគមើលឃើញថា ជាការឆ្លើយការពាររដ្ឋាភិបាល ដែលមិនអាចទៅរួច។
លោក ឡុង គឹមឃន អ្នកសិក្សាពីគោលនយោបាយការបរទេស គិតថាតំណាងកម្ពុជា បានថ្លែងការពារដូចនេះ មិនសមល្មមដើម្បីការពារខ្លួនបានទេ ។
លោក ឡុង គឹម ឃន បានលើកឡើងដូចនេះ៖ «ខ្ញុំយល់ថា វាគឺជារឿងដែលពិបាកនិងយល់ដែរ ហើយមែនទែនទៅខ្ញុំយល់ថាជាការឆ្លើយការពាររដ្ឋាភិបាល ពីព្រោះលោកជារដ្ឋមន្ដ្រីក្រសួងការបរទេស។ ប៉ុន្ដែប្រទេសមួយគោរពលទ្ធិប្រជាធិបតេយ្យ មិនគោរពលទ្ធិប្រជាធិបតេយ្យ គេអាចមើលឃើញយ៉ាងងាយស្រួល ហើយអ្នកណាម្នាក់មិនអាចចេះតែនិយាយយកត្រូវ ដោយខុសពី តថភាពជាក់ស្ដែង នៃរបប និងការដឹកនាំនៅក្នុងសង្គមមួយបានទេ»។
លោក ឡុង គឹមឃន បានលើកឡើងបន្ដថា ការឆ្លើយការពារ របស់រដ្ឋមន្ដ្រីក្រសួងការបរទេស នៅពេលនេះ មិនបានជួយធ្វើអោយមានភាពប្រសើរអ្វីដល់កម្ពុជានោះទេ ប៉ុន្ដែលោកថារឿងនេះអ្នកនយោបាយនៅកម្ពុជា គួរពិចារណាទៅលើអ្វីទៅដែលហៅថាប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
លោក ឡុង គឹមឃន ៖ «ការយល់ឃើញរបស់មិត្តភក្ដិបរទេស គឺជា រឿងដោយឡែកមួយ ប៉ុន្ដែសំខាន់កម្ពុជាយើងគួរមើលទៅលើពីរចំនុច។ មើលទៅលើទីមួយ.អោយយើងមានការយល់គ្នាក្នុងចំណោមអ្នកនយោបាយ ថាអ្វីទៅដែលហៅថាប្រជាធិបតេយ្យ។ ទីពីរ.នៅពេលដែលយើងយល់ឃើញថារឿងហ្នឹងគឺចឹងហើយ យើងត្រូវគិតថាចាប់ផ្ដើមពីកន្លែងណា»។
ទាក់ទងនឹងរឿងនេះដែរ សាស្ដ្រាចារ្យស្រាវជ្រាវពីបញ្ហាសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ដែរថា ការច្រានចោលរបស់លោក ប្រាក់ សុខុន នៅពេលនេះ គ្មានអ្វីប្លែកទេ ដែលលោកថា អោយតែមានការរិះគន់អ្វីមួយ គឺ តែងតែមានមន្ដ្រីរដ្ឋាភិបាល ចេញមុខបកស្រាយការពារបែបនេះ ជាញឹកញាប់។
លោកបណ្ឌិត មាស នី បានបកស្រាយដូចនេះ៖ «តាមពិតខ្ញុំមិនមានការភ្ញាក់ផ្អើលស្អីអំពីទាក់ទងនឹងសេចក្ដីថ្លែងការរបស់ក្រសួងការបរទេស នៅអង្គការសហប្រជាជាតិទេ ព្រោះខ្ញុំបានរំពឹងទុកតាំងពីពេលមុន ថា នឹងប្រាកដឆ្លើយដូចគ្នា និងអ្វីដែលអ្នកនាំពាក្យរដ្ឋាភិបាលធ្លាប់បានធ្វើ ពីមុន…»។
លោកមេធាវី ហុង គឹមសួន បានពន្យល់ដែរថា បុគ្គលនយោបាយ ឬបុគ្គលណាក៏ដោយដែលការពារពីច្បាប់គឺគ្មានកំហុសនោះទេ ហើយគ្រាន់អ្នកនយោបាយបញ្ចេញមតិ ដើម្បីអោយប្រទេសជាតិរីកចំរើន ក៏មិនមែនទោសនោះដែរ។
លោក ហុង គឹមសួន ថា ៖ «រឿងអ្នកនយោបាយ បើគេធ្វើការក្នុងនាមជាអ្នកនយោបាយ មិនមែនជាអ្នកក្បត់ជាតិ ប៉ុន្ដែដោយសារបញ្ចេញមតិរបស់គេ ដើម្បីអោយប្រទេសជាតិរីកចំរើន អាហ្នឹងជារឿងបញ្ចេញមតិ ដែលមិនអាចយកទៅការឡៃ អោយធ្វើជាទោសបាននោះទេ»។
លោក មេធាវី ហុង គឹមសួន បានលើកឡើងបន្ដ បើសិនជាគេយករឿងតុលាការយកមកវែកញ៉ែក គឺ តុលាការគេមានសិទ្ធិធ្វើតាមនីតិវិធីច្បាប់ ក៏ប៉ុន្ដែបើងាកមកមើលរឿងនិនា្នការនយោបាយវិញ គឺងាយណាស់ព្រោះគ្មានច្បាប់ណាចោទប្រកាន់ ពី កំហុសនយោបាយទេ គឺ មានតែបទល្មើសព្រហ្មទណ្ឌប៉ុណ្ណោះ។ លោកថាការប្រើតុលាការ ដើម្បីធ្វើការចោទប្រកាន់ទៅលើបទល្មើសនិមួយៗនេះ គឺគេត្រូវមើល ពីចេតនា ឬក៏ឆន្ទះរបស់អ្នកនយោបាយ ព្រោះបើអ្នកនយោបាយដែលមានអំណាចកំពុងតែធ្វើ ដើម្បីបំបាក់អ្នកនយោបាយម្ខាងទៀត ដោយប្រើអំណាចតុលាការ នោះជារឿងនយោបាយ ។
តែយ៉ាងណាក៏ដោយអ្វីដែលធ្វើអោយប្រមុខការទូតកម្ពុជា ឡើងថ្លែងការពារ បក្សកាន់អំណាចនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ គឺក្រោយពីសហគមន៍អន្ដរជាតិមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញសេចក្ដីសម្រេច ដោយចាត់ទុកកម្ពុជា ជារដ្ឋកំពុងដើរដល់ចំនុចគ្រោះថ្នាក់ នៃការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ការចេញសេចក្តីសម្រេចនេះ ស្របពេលដែលក្រុមគណបក្សប្រឆាំង បានដាក់លិខិតប្ដឹងទៅកាន់ប្រទេសនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ អោយជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ជាមួយគ្នានេះ យ៉ាងហោចណាស់ តំណាងរាស្ដ្របក្សប្រឆាំងពីររូប ត្រូវបានចាប់ឃុំខ្លួន ដោយសារពួកគាត់ បញ្ចេញឆន្ទះជាតិនិយម រឿងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ស្របពេលដែលសកម្មជនសង្គ្រោះជាតិ១៦រូបទៀត ត្រូវបានផ្ដន្ទាទោស ករណីចោទថា ដឹកនាំអោយមានកុបបាកម្ម កាលពីឆ្នាំ២០១៤ ៕