ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់កាលពីថ្ងៃទី ១៧ តុលា ថា លោក សម រង្ស៊ី នឹងវិលចូលប្រទេសកម្ពុជាវិញ ហើយលោកព្រមចូលគុកជំនួសសមាជិក និងសកម្មជនគណបក្សទាំងអស់ បើគណបក្សកាន់អំណាច និងតុលាការយល់ព្រមដោះលែងអ្នកទាំងនោះ។
ករណីនេះអ្នកវិភាគបញ្ហាសង្គម និងនយោបាយបានបង្ហាញទស្សនៈពីរ ដាច់ដោយឡែកពីគ្នា ដោយអ្នកវិភាគបង្ហាញមតិថា បើសិនការវិលត្រឡប់របស់មេបក្សប្រឆាំងធំជាងគេនៅកម្ពុជា ប្រឈមនឹងការចាប់ខ្លួន អាចមានផលចំណេញដល់ជាតិ គឺអាចធ្វើឲ្យពលរដ្ឋខ្មែរ កាន់តែហ៊ានក្នុងការចូលរួមសកម្មភាព នយោបាយកាន់តែខ្លាំង។ ប៉ុន្ដែមតិអ្នកវិភាគម្នាក់ទៀត យល់ឃើញថា បើលោក សម រង្ស៊ី វិលមកវិញមានការចាប់ខ្លួន គឺគ្មានផលចំណេញដល់ជាតិអ្វីទេ គឺមានតែបង្កើនការស្អប់គ្នា ការគុំគួនសងសឹកគ្នាតែប៉ុណ្ណោះ។ លោក លៀ ស៊ីណា រាយការណ៍ ៖
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៧ តុលា បន្ទាប់ពីចេញសួរសុខទុក្ខ អ្នកតំណាងរាស្ដ្រ និងសកម្មជនបក្សខ្លួនដែលជាប់ពន្ធនាគារថា លោក សម រង្ស៊ី ព្រមចូលគុកជំនួសសកម្មជនទាំងអស់ ទាំងមន្ត្រីសិទ្ធិមនុស្សផងដែរ បើគណបក្សកាន់អំណាច និងតុលាការយល់ព្រមដោះលែងមនុស្សទាំងអស់នោះ មានសេរីភាពឡើងវិញ។
លោក យឹម សុវណ្ណ៖«ដំណោះស្រាយមួយដែលលោកប្រធាន សម រង្ស៊ី បានមានប្រសាសន៍នៅក្នុង page របស់គាត់ថាគាត់សុខចិត្ដចូលពន្ធនាគារ ជំនួសអ្នកទាំងអស់គ្នា ធ្វើម៉េចឲ្យតែខាងគណបក្សកាន់អំណាច តុលាការ ហ្នឹងគេសុខចិត្ដដោះគឺគាត់សុខចិត្ដចូលជំនួស»។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយបានផ្ដល់បទសម្ភាសន៍ឱ្យ វិទ្យុស្ដ្រីFM102 នៅថ្ងៃទី ១៨ ខែ តុលា នេះថា ក្នុងបរិបទសព្វថ្ងៃនៃប្រទេសកម្ពុជា បើតាមការយល់ឃើញរបស់លោក គឺអ្នកនយោបាយបើចង់មានការផ្លាស់ប្ដូរ លុះត្រាតែអ្នកនយោបាយហ៊ានប្រឈមមុខ ហ៊ានដោះស្រាយបញ្ហាដែលរុំព័ទ្ធខ្លួន។ លោកបន្ថែមថា ប្រសិនបើអ្នកនយោបាយធ្វើខ្លាចមុខខ្លាចក្រោយ គឺមានការលំបាកណាស់ ដើម្បីការផ្លាស់ប្ដូរ ហើយមិនតែប៉ុណ្ណោះក៏ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនបាក់ស្មារតីទៀតផង។
លោក គឹម សុខ៖«ប្រសិនបើយើងខ្លាចមុខខ្លាចក្រោយ វានឹងពិបាកនាំការផ្លាស់ប្ដូរដល់ប្រទេសកម្ពុជាទាំងមូលពីព្រោះអី កាលណាគាត់មិនហ៊ានចង់ឬមិនចង់ជាក់ស្ដែងសកម្មជននឹងអ្នកគាំទ្រគាត់ហ្នឹងអាចបាក់ទឹកចិត្ដគាំទ្រដល់កម្រិតទាបរហូតអាចចាញ់នយោបាយ»។
អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមក៏បានព្យាករណ៍ដែរថា បើលោក សម រង្ស៊ី វិលមកវិញមានការចាប់ខ្លួន នឹងធ្វើឲ្យមានផលចំណេញនយោបាយជាតិមួយ ដែលបង្ហាញឲ្យពលរដ្ឋខ្មែរឃើញថា ក្នុងនាមជាអ្នកនយោបាយមួយរូប គឺមានភាពក្លាហានដោយហ៊ានប្រឈមមុខរាល់បញ្ហាដើម្បីការផ្លាស់ប្ដូរ ហើយពេលនោះពលរដ្ឋដែលមានបំណងចង់ផ្លាស់ប្ដូរប្រាកដជាមានការចូលរួមសកម្មភាពនយោបាយកាន់តែខ្លាំងពុំខាន។
លោក គឹម សុខ៖«ហេតុដូច្នេះប្រសិនបើគាត់មកវិញ ខ្ញុំយល់ថាជាផលចំណេញ នយោបាយជាតិមួយជាការពញ្ញាក់ស្មារតីនិងដាស់ស្មារតីកូនខ្មែរ ក្នុងនាមគាត់ជាអ្នកដឹកនាំមិនខ្លាចការតស៊ូប្រឈមជាក់ស្ដែងដើម្បីការផ្លាស់ប្ដូរដូច្នេះអ្នកគាំទ្រប្រាកដជាមូលកម្លាំងគ្នាធ្វើការងារសកម្មមិនបាក់ទឹកចិត្ដ ដើម្បីតស៊ូក្នុងផ្នត់នយោបាយរួមដើម្បីការផ្លាស់ប្ដូរហ្នឹងជាផលចំណេញដល់ជាតិ»។
តែយ៉ាងនេះ មានហេតុផលមួយទៀត បើមេបក្សប្រឆាំង ជាប់ពន្ធនាគារ គឺសម្អប់ និងការគុំគួនខាងនយោបាយហើយ បន្ថែមលើនេះ សហគមន៍អន្តរជាតិនឹងចូលអន្តរាគមន៍រឿងជម្លោះនយោបាយនៅកម្ពុជា។
លោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យវិទ្យាសាស្ដ្រនយោបាយ បង្ហាញគំនិតផ្សេងថា បើលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ហើយមានការចាប់ខ្លួន គឺគ្មានការចំណេញដល់ជាតិនោះទេ គឺមានតែការចំណេញដល់បក្សសង្គ្រោះជាតិប៉ុណ្ណោះ ដែលអាចទទួលបានការជឿជាក់បន្ថែមពីសាធារណៈជន។ លោកបន្ថែមថា ព្រោះតែច្បាប់កម្ពុជាស្ថិតក្នុងកម្រិតដែលមតិជាតិ និងអន្ដរជាតិ តែងតែចាត់ទុកថា អនុវត្ដមិនទាន់ស្មើភាពនៅឡើយ ហើយបើលោក សម រង្ស៊ី ត្រូវចាប់ខ្លួនពិតមែនគឺកម្ពុជា នឹងត្រូវបានអន្ដរជាតិចាត់វិធានការ ដែលអាចធ្វើឲ្យខាតបង់ ប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយយល់ថា បញ្ហាអ្នកនយោបាយគឺគ្មានជម្រើសអ្វី ដែលល្អជាជាងការជជែកគ្នាដើម្បីរកចំណុចរួមនោះទេ។
លោក ឯម សុវណ្ណរ៉ា៖«ក្នុងការប្រឈមការទទួលទោសវាល្អសម្រាប់ការអនុវត្ដន៍ច្បាប់គ្រាន់តែច្បាប់យើងនៅក្នុងកម្រិតមួយមិនទាន់មានសុក្រិត្យភាពឲ្យពលរដ្ឋទូទៅឲ្យបានស្មើគ្នានៅឡើយ ដល់អញ្ចឹងទេការសម្របសម្រួលចូលគុកខ្ញុំគិតថាវាអត់សម្របសម្រួលបានទេ អ្នកនយោបាយសម្របស្រួលគ្នាបានគឺមានតែជជែកគ្នាប៉ុណ្ណោះ»។
ដូចគ្នាដែរលោក ឡុង គឹម ឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិ មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា បើលោក សម រង្ស៊ី ត្រូវបានចាប់ខ្លួនខណៈ ដែលវិលចូលប្រទេសកម្ពុជាវិញ លោកថា លោកមើលមិនឃើញផលចំណេញនឹងកើតមានដល់ជាតិនោះទេ។ ប៉ុន្ដែផ្ទុយទៅវិញលោក មើលឃើញថា សាមគ្គីជាតិរវាងខ្មែរនឹងខ្មែរ នឹងត្រូវបំផ្លាញ
លោក ឡុង គឹមឃន យល់ថា បើសិនអ្នកនយោបាយចង់ឲ្យមានសាមគ្គីជាតិ ចង់អភិវឌ្ឍន៍ជាតិ ហើយមិនចង់ឲ្យជាតិមានការហែកហួរគ្នាកាន់តែខ្លាំងបន្ដទៀត គឺ អ្នកនយោបាយត្រូវតែគិតពីការផ្ដល់យុត្ដិធម៌ឲ្យមនុស្សគ្រប់គ្នា ទាំងការធ្វើនយោបាយ នៅក្នុងការប្រកួតប្រជែងការបោះឆ្នោតខាងមុខ។ លោកបន្ដថា បើកាលណាមនុស្សទាំងអស់គ្នាទទួលបានយុត្ដិធម៌ស្របតាមច្បាប់ក្នុងប្រទេសដូចគ្នា ទើបធ្វើឲ្យប្រទេសអាចមាន ស្ថេរភាពពិតប្រាកដ។
លោក ឡុង គឹម ឃន៖«ប្រសិនយើងចង់ឲ្យប្រទេសយើងមានសន្ដិភាពពិតប្រាកដ មិនចង់ឲ្យមានការបែកបាក់នយោបាយ ហើយមិនចង់ឲ្យមានការឈ្លោះកាប់ចាក់គ្នា ព្រោះរឿងមនោគមន៍វិជ្ជានយោបាយ ហើយមិនចង់ឲ្យជាតិយើងកាន់តែហែកហួគ្នា នោះគឺយើងត្រូវគិតពីការផ្ដល់យុត្ដិធម៌សង្គម ឲ្យបានស្មើគ្នា ដែលស្របទៅតាមច្បាប់ក្នុងប្រទេសដែលមាន»។
តែយ៉ាងនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាច កាលពីថ្មីៗនេះបានប្រាប់វិទ្យុស្ត្រីថា កម្ពុជា មិនមានរបប នយោបាយ ដោះដូរអ្នកទោស ទេ។ លោកថា អ្នកមានកំហុស ត្រូវទទួលកំហុស ដោយគ្មានជនណាមកជំនួសបានទេ។
លោក សម រង្ស៊ី ត្រូវបាន តុលាការ ដែលអ្នកសង្កេតការណ៍ខ្លះថា មិនមានភាពឯករាជ្យ កាលពីឆ្នាំ២០១១បានផ្តន្ទាទោស លោក ជាង២០ឆ្នាំករណីលោកទៅដក តម្រុយព្រំដែន មួយនៅស្រុកចន្ទ្រាល ខេត្តស្វាយរៀង ដែលលោកថាវៀតណាម បោះចូលទឹកដីខ្មែរ។ តែយ៉ាងនេះក្ដី កាលពីមុនការបោះឆ្នោត បន្តិច គឺការបោះឆ្នោត សភាថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ លោកបានវិលចូលប្រទេសវិញ ដោយមានអ្នកទៅទទួលលោក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាច្រើនសែននាក់៕