loader

អ្នកវិភាគ​៖​ ប្រទេស​តូច​ត្រូវ​ប្ដឹង​ប្រទេស​ធំ​ទៅ​កាន់​តុលាការអន្តរជាតិ​ គឺ​ដូច​ករណី​ចិន​ចាញ់ក្ដី​ហ្វី​លី​ពី​ន​🔊

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​ ១២​ ក​ក្ត​ដា​ ឆ្នាំ​២០១៦​ តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡា​អេ​ បាន​ប្រកាស​សាលក្រម​ ដោយ​សម្រេច​ឱ្យ​ប្រទេស​ហ្វី​លី​ពិន​ឈ្នះ​លើ​ប្រទេស​ចិន​ ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ហ្វី​លី​ពិន​បាន​ប្តឹង​ចិន​កាលពី​ឆ្នាំ​២០១៣​។​

​ជុំវិញ​ការ​សម្រេច​ក្តី​ឱ្យ​ហ្វី​លី​ពិន​ឈ្នះ​ចិន​ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​ខ្មែរ​យល់​ថា​ ការ​សម្រេច​នេះ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ ហើយ​ក៏​បង្ហាញ​ថា​ ជា​ការ​បង្ហាញ​ទៅ​កាន់​ប្រទេស​មហាអំណាច​ថា​ ប្រទេស​តូច​ជាង​ខ្លួន​ ក៏​មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​ប្រឆាំង​ប្រទេស​ធំ​ ដែល​រំលោភ​ដែន​អធិបតេយ្យ​ខ្លួន​ផង​ដែរ​។​

 

analyser01-text​ជា​ការ​កត់សម្គាល់​មួយ​ ដែល​គេ​កម្រ​ឃើញ​ប្រទេស​តូច​មួយ​ឈ្លានពាន​ប្រទេស​ធំ​។​ តែ​នៅ​ពេល​នេះ​ គឺជា​រឿង​ចំលែក​ ដែល​ប្រទេស​តូច​ហ៊ាន​ប្ដឹង​ប្រទេស​ធំ​ទៅ​កាន់​តុលាការអន្តរជាតិ​។​ ករណី​ទំនង​មាន​តែ​មួយ​គត់​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ដែល​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​អង្គការសហប្រជាជាតិ​ បាន​សម្រេច​ កាត់ក្ដី​ ផ្ដល់​សិទ្ធិ​ទៅ​ឱ្យ​ប្រទេស​ហ្វី​លី​ពិន​ គ្រប់គ្រង​លើ​តំបន់​ជំ​លោះ​ដែនសមុទ្រ​នៃ​សមុទ្រ​ចិន​ខាងត្បូង​  គឺ​ឱ្យ​ឈ្នះ​ប្រទេស​មហាអំណាច​ចិន​។​ ប្រទេស​ដែល​អាង​ខ្លួន​មាន​អំណាច​ផង​ និង​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ប្រកាស​មិន​ចូលខ្លួន​តវ៉ា​ តែ​ទីបំផុត​ក្រុង​ប៉េ​កាំ​ង​អាម៉ាស់មុខ​ដោយ​ ចាញ់​ប្រៀប​ប្រទេស​ហ្វី​លី​ពី​ន​។​ នៅ​លើ​ពិភពលោក​នេះ​មិន​ខ្វះ​ទេ​ ប្រទេស​ធំ​រំលោភ​យក​ដី​ប្រទេស​តូច​ ហើយ​ប្រទេស​តូច​ខ្លះ​មិន​ត្រឹមតែ​មិន​ហ៊ាន​ប្ដឹង​ សូ​ម្បី​ទៅ​ចរចា​ក្នុង​ក្រប​ខណ្ឌ​ស្មើភាព​ក៏​ពុំ​មាន​ដែរ​។​

​តើ​ក្រុម​អ្ន​វិភាគ​យល់​ឃើញ​ដូច​ម្ដេច​ ចំពោះ​ប្រទេស​តូច​ប្ដឹង​ប្រទេស​ធំ​ ហើយ​ឈ្នះក្ដី​ទៀត​នោះ​?

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ នេះ​ថា​ ការ​ដែល​តុលាការអន្តរជាតិ​សម្រេច​ឱ្យ​ហ្វី​លី​ពិន​ឈ្នះ​ចិន​ លើ​ករណី​កាន់កាប់​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ខាងត្បូង​ អាច​មក​ពី​តុលាការ​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ ដែល​ហ្វី​លី​ពិន​បាន​ដាក់​ទៅ​ ក៏​ដូច​ជា​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ច្បាស់លាស់​ ថា​ហ្វី​លី​ពិន​មាន​សិទ្ធិ​កាន់កាប់​ច្រើន​ជាង​ចិន​នៅ​តំបន់​នោះ​។​

​លោក​ថា​ ការ​សម្រេច​នេះ​ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ ព្រោះ​តាម​ទិដ្ឋភាព​ភូមិសាស្ត្រ​កោះ​ទាំងនោះ​ស្ថិត​នៅ​ជិត​ប្រទេស​ហ្វី​លី​ពិន​ជាង​ចិន​។​ លោក​សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​៖«​បើ​យោង​តាម​ច្បាប់​អន្តរជាតិ​ ហ្វី​លី​ពិន​មាន​សិទ្ធិ​ក្នុង​ការ​កាន់កាប់​​»។

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​ បាន​ប្រាប់​បន្ថែម​ថា​ ការ​ដែល​ប្រទេស​ហ្វី​លី​ពិន​ជា​ប្រទេស​តូច​តែ​ហ៊ាន​ប្តឹង​ចិន​ដែល​ជា​ប្រទេស​មហាអំណាច​ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​តួនាទី​ ក្នុង​នាម​ជា​រដ្ឋ​នៅ​លើ​អន្តរជាតិ​ដោយ​ស្មើរ​ភាព​ ដោយ​មិន​គិត​ពី​ទំហំ​ប្រទេស​តូច​ ប្រទេស​ធំ​នោះ​ទេ​ ហើយ​ក៏​ជា​ការ​បង្ហាញ​ទៅ​កាន់​ប្រទេស​មហាអំណាច​ថា​ ប្រទេស​តូច​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​ទៅ​កាន់​ប្រទេស​ធំ​ ដែល​រំលោភ​ដែន​អធិបតេយ្យ​ខ្លួន​ផង​ដែរ​។​  លោក​សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​៖«​វា​ជា​ផ្នែក​មួយ​បង្ហាញ​ទៅ​មហាអំណាច​ថា​ ប្រទេស​តូច​ហ្នឹង​ក៏​មាន​សិទ្ធិ​អាច​ដាក់​បណ្តឹង​ពាក់ព័ន្ធ​ទៅ​ការ​រំលោភ​ ការ​កាន់កាប់​ផ្នែក​ណាមួយ​ ឬ​ការ​រំលោភច្បាប់​អន្តរជាតិ​ជាដើម​ ដូច្នេះ​មក​ទល់​សម័យនេះ​ហើយ​ សតវត្ស​ទី​១២​ នេះ​មិនមែន​ជា​អំណាច​មូ​ណូ​ប៉ូ​ល​ដូច​មុន​ទេ​»​។​

​លោក​ សូ​ ច​ន្ថា​ បន្ត​ថា​ លោក​ចង់​ឃើញ​ប្រទេស​នានា​នៅ​លើ​សកលលោក​ធ្វើ​បែប​នេះ​ផង​ដែរ​ ដើម្បី​បញ្ជាក់​ថា​ ប្រទេស​មួយ​មាន​ឯករាជ្យ​ មាន​ស្វ័យភាព​ និង​មាន​សំឡេង​លើ​អន្តរជាតិ​ ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ខ្លួន​។​

​ទាក់ទិន​បញ្ហា​នេះ​ដែរ​ លោក​ ហេង​ ស្រ៊ា​ង​ អ្នក​ស្រាវជ្រាវ​បញ្ហា​នយោបាយ​កម្ពុជា​ យល់​ថា​ការ​កាត់សេចក្តី​ របស់​តុលាការអន្តរ ជាតិ​គឺ​សម​ស្រប​ ព្រោះ​ដែន​កោះ​នោះ​គឺជា​របស់​ហ្វី​លី​ពិន​តាំងពី​យូរលង់​ហើយ​។​

​អ្នក​ស្រាវជ្រាវ​បញ្ហា​នយោបាយ​រូប​នេះ​ ទទូច​ឱ្យ​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ ជា​ពិសេស​ប្រទេស​ តូចៗ​ ត្រូវ​ជឿជាក់​លើ​តុលាការអន្តរជាតិ​។​ លោក​ថា​ ប្រសិនបើ​មានការ​រំលោភ​ពី​ប្រទេស​ធំៗ​ទៅ​លើ​ប្រ​ ទេស​តូចៗ​ ប្រទេស​តូចៗ​ដូច​កម្ពុជា​គឺ​ត្រូវ​តែ​ប្តឹង​ទៅ​កាន់​អន្តរជាតិ​ ព្រោះ​តុលាការអន្តរជាតិ​កាត់ក្តី​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ មិន​ផ្អែក​ទៅ​លើ​អំណាច​របស់​ប្រទេស​ ឬ​បុ​គ្គ​ណាមួយ​នោះ​ទេ​។​ លោក​បន្ត​ថា​ គួរតែ​នាំ​គ្នា​ជឿជាក់​លើ​តុលាការអន្តរជាតិ​ជា​ធំ​ ទើប​មាន​យុត្តិធម៌​លើ​ពិភពលោក​។​ លោក​ ហេង​ ស្រ៊ា​ង​ ៖«​មិនមែន​កាត់​ផ្នែក​ទៅ​លើ​មហាអំណាច​របស់​ចិន​ ឬ​ក៏​តាម​ទាមទារ​ដូច​អ្វី​ដែល​ចិន​ចង់បាន​នោះ​ទេ​ ហើយ​ក៏​មិនមែន​កាត់​ផ្នែក​ទៅ​លើ​អ្វី​ដែល​ហ្វី​លី​ពិន​ទាមទារ​ចង់បាន​ដែរ​ គឺជា​កាត់​ផ្អែក​ទៅ​លើ​អ្វី​ដែល​ច្បាប់​អន្តរជាតិ​បាន​ចែង​អំពី​ដែនសមុទ្រ​។​ អ​ញ្ចឹ​ង​សូម​ជឿជាក់​លើ​តុលាការអន្តរជាតិ​ជា​ធំ​បាន​វា​មាន​យុត្តិធម៌​លើ​ពិភពលោក​​»

​ជុំវិញ​បញ្ហា​នេះ​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា​ ជំហរ​របស់​កម្ពុជា​គឺ​កម្ពុជា​នឹង​មិន​មាន​យោ បល់​ណាមួយ​ ទាក់ទង​នឹង​ការ​សម្រេច​សេច​លើ​បញ្ហា​សមុទ្រ​ចិន​នោះ​ទេ​។​ លោក​ ផៃ​ ស៊ី​ផា​ន​ ៖«​ក្មួយ​មើល​ជំហរ​របស់​ក្រសួង ការបរទេស​ បង្ហាញ​ហើយ​យើង​បាន​បង្ហាញ​ពី​ដើម​ទី​ថា​យើង​អត់​មាន​យោបល់​អ្វី​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​តុលាការ​ណាមួយ​ យើង​ក៏​អត់​មាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ ឬ​មិន​គាំទ្រ​ គឺ​យើង​អត់​មាន​ជំហរ​​»។

​ក្រោយ​ពី​សាលក្រម​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ប្រកាស​ជា​ផ្លូវការ​ ប្រទេស​ចិន​បាន​ជំទាស់​ដាច់ខាត​ ចំពោះ​សាលដីកា​របស់​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្ដរជាតិ​។​ រីឯ​ប្រទេស​ហ្វី​លី​ពិន​   បាន​ទទូច​ឱ្យ​ក្រុង​ប៉េ​កាំ​ង​ គោរព​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​នេះ​។​

​តាម​ច្បាប់​សមុទ្រ​អង្គការសហប្រជាជាតិ​ឆ្នាំ​ ១៩៨២​ បាន​បែក​ចែក​រវាង​ផ្ទៃ​ទឹក​អន្តរជាតិ​ និង​ ផ្ទៃ​នៃ​តំបន់​ ឬ​ប្រទេស​។​ ច្បាប់​នេះ​ចែង​ថា​ ប្រទេស​ដែល​មាន​អំ​ណេះ​អំណាច​ត្រឹមត្រូវ​ និង​រឹង​មាំ​ ហើយ​មាន​ឆ្នេរសមុទ្រ​របស់​ខ្លួន​ជិត​តំបន់​ជម្លោះ​ គឺ​តំបន់​នោះ​ជា​របស់​ប្រទេស​នោះ​។​

​ច្បាប់​រាប់​ពី​ ៣២០​ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​។​ ឆ្នេរសមុទ្រ​ប្រទេស​ហ្វី​លី​ពី​ន​មាន​ជិត​ ២០០​ គី​ម៉ែត្រ​ នៃ​តំបន់​ជំ​លោះ​នោះ​។​ ចំណែក​ឆ្នេរ​ប្រទេស​ចិន​នៅ​ឆ្ងាយ​ជាង​តំបន់​ជំ​លោះ​នោះ​។​

​សមុទ្រ​ចិន​ខាងត្បូង​មាន​កោះធំៗ​ជា​ច្រើន​ ប៉ុន្តែ​ប្រជុំ​កោះ​ដែល​មាន​ជំ​លោះ​ គឺ​កោះ​ស្ត្រា​លី​ ដែល​មានកូន​កោះ​ចំនួន​ ១៤​ និង​កោះ​ប៉ា​រ៉ា​ហ្សែ​ល​មានកូន​កោះ​ចំនួន​ ៨​ ។​ វា​ជាទី​ជំរក​ជីវៈចម្រុះ​ ធនធាន​សមុទ្រ​ មាន​ ត្រី​ ផ្កាថ្ម​ ជា​ពិសេស​ប្រភព​ប្រេងកាត​។​
​ប៉ុន្តែ​អ្វី​ដែល​មានការ​ចោទសួរ​នោះ​ គឺ​ចិន​ប្រហែល​មិន​អនុវត្ត​តាម​សេចក្ដី​បង្គាប់​របស់​តុលាការ​ម​ជ្ឈឹ​ការ​អន្តរជាតិ​នោះ​ឡើយ​។​ ករណី​នេះ​ហ្វី​លី​ពី​ន​នឹង​ប្ដឹង​ម្ដងទៀត​ សុំ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​ ចូល​អន្តរាគមន៍​។​ តើ​អាច​ទៅ​រួច​ទេ​ បើ​ចិន​ជំទាស់​ព្រោះ​ចិន​ក៏​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​ដែរ​នៃ​ក្រុមប្រឹក្សា​នេះ​?​    

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

អាមេរិកសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារ

កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេង[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត