ភ្នំពេញ៖នៅពេលដែលសភាពការណ៍នយោបាយថយកម្ដៅ គឺជាសញ្ញាល្អនៃការបង្រួបបង្រួមជាតិ។ នេះសម្រាប់ប្រទេសដទៃ។ តែសម្រាប់កម្ពុជាវិញបើមានដូចនេះ មានតែការភ័យផងអរផងគឺមានទស្សនៈចម្រុះ។ អ្នកខ្លះគិតថា អាចចាញ់ល្បិច ហើយអាចគេទិញបានទៀតផង។
តែអ្នកខ្លះគិតថា ភាគីម្ខាងសុទ្ធតែលាក់ល្បិចរបស់ខ្លួនហើយចង់មិនចង់ អុ្នកព្យាយាមទិញឬប្រើល្បិចខិលខូចក៏អាចបរាជ័យដែរ ។ យ៉ាងណាក៏ដោយប្រវត្តិពិតមានរួចហើយ សម្រាប់កម្ពុជា។ គណបក្សមួយកើតចេញពីអ្នកតស៊ូ ជាយដែនដឹកនាំដោយសែរាជវង្ស បានបែកបាក់គ្នា ស្ទើរអស់ការគាំទ្រពីម្ចាស់ឆ្នោត។ ការបែកបាក់នេះគឺតាមរូបភាពនៃការទិញ និងអោយតំណែងធ្វើអោយបក្សនេះប្រមូលផ្ដុំកម្លាំងពិតដែលបានកន្លងមក គឺចាញ់ឆ្នោតរហូតគ្មានអាសនៈនៅក្នុងរដ្ឋសភា។ នេះគឺជាមេរៀនមួយសម្រាប់អ្នក នយោបាយ ដែលកំពុងមានឥទ្ធិពលនិងប្រជាប្រិយភាព ត្រូវយកមកពិចារណានិងគេចអោយឆ្ងាយ។
ក្នុងន័យហើយ មើលទៅបានជាអ្នកវិភាគ ទទួលស្គាល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា ជាមេដឹកនាំម្នាក់ដែលជាគូប្រជែងមិនវាយលុកឬ ថ្ពក់ទឹកចិត្តបានឡើយ។ ការមិនងប់ងុលនឹងអំណាចឬ លុយកាក់នេះហើយដែលអ្នកវិភាគយល់ថា ជាហេតុធ្វើអោយដៃគូប្រជែងរុញលោកទៅឈរជើងក្រៅប្រទេស នឹងមានរឿងក្ដីនៅតុលាការកាន់តែច្រើន ហើយត្រូវបានគេសុំដោះដូរតំណែងប្រធានសភាសំឡេងភាគតិចពីលោកទៀតផង។
ចំណែកលោក កឹម សុខា អនុប្រធានរបស់លោកពេលនេះមានសេរីភាពឡើងវិញហើយដោយទទួលបានតំណែងជាប្រធានសមាជិកសភានៃគណបក្សសង្គ្រោះជាតិ ។ តាមរយៈតំណែងនេះ លោកកឹមសុខា មានឋានៈស្មើនាយករដ្ឋមន្ត្រីនិង ជាដៃគូសន្ទនាជាមួយប្រធានគណបក្សប្រជាជនកម្ពុជាដែលជាបក្សនយោបាយមួយកំពុងកាន់អំណាច។ ចាប់ពីថ្ងៃនេះតទៅលោក កឹម សុខា តែម្នាក់គត់នៃគណបក្សសង្គ្រោះជាតិ មានឱកាសជួបសម្ដេច ហ៊ុន សែន បានគ្រប់កាលៈទេសៈចាំបាច់ជំនួសលោក សម រង្ស៊ី ដែលបក្សកាន់អំណាចរករឿងរហូតលោកគេចខ្លួននៅក្រៅប្រទេស។ មិនថាឡើយតែប្រទេសកម្ពុជាដែល បក្សនយោបាយតែតែងប្រើល្បិចលួងលោមឬទិញទឹកចិត្តគូប្រជែងរបស់ខ្លួន គឺសូម្បីប្រទេសដទៃទៀតក៏គេអាចប្រើយុទ្ធសាស្ត្រនេះដែរបើគេមានឱកាស។
លោក សូ ណារ៉ូ ពលរដ្ឋខ្មែរអាមេរិក ដែលត្រូវបានគេរាប់ថាជាអ្នកវិភាគរឿងកម្ពុជាផងដែរនោះ លោកបណ្ឌិតវិទ្យាសាស្ត្រនយោបាយរូបនេះបានហៅលោក សម រង្ស៊ី ថាជាកូនសិស្សបានប្រឡងជាប់វិញ្ញា សារបស់នាយករដ្ឋមន្ត្រី។ លោកថា លោក សម រង្ស៊ី បានជោគជ័យ ដោយសារលោកមិនទទួលនុយ សន្ទូចរបស់សម្ដេចនាយករដ្ឋមន្ត្រី។ ចំណែកលោក កឹម សុខា ក៏លោកគិតថា ក៏គេចពីផ្លែសន្ទូចរបស់នាយករដ្ឋមន្ត្រីបានដូចគ្នាដែរ។ ប៉ុន្តែលោកចាត់ទុកថា គឺជាកាលៈទេសៈលំបាកបំផុត ដែលលោកកឹមសុខា ត្រូវតាំងខ្លួនជាមេដឹកនាំស្អាតស្អំ។
ក្រោយពីលោក កឹម សុខា ជួបសម្ដេច ហ៊ុន សែន ជាសម្ងាត់តែពីរនាក់រយៈពេលមួយម៉ោង កាលពីថ្ងៃទី៧ ធ្នូ នៅឯមន្ទីររដ្ឋសភាក៏បាននាំឱ្យមានការគិតខុសៗគ្នាពីអនាគតរបស់ប្រធានសមាជិកសភាសំឡេងភាគតិចរូបនេះថា មានន័យដូចម្ដេចពីជំនួបសម្ងាត់នេះ។ ការជួបសម្ងាត់មានហេតុផលពីរយ៉ាងគឺទីមួយបាននិយាយរឿងអាថ៍កំបាំងរបស់ជាតិ ផលប្រយោជន៍ជាតិ និងទី២ អាចនិយាយពីរឿងគ្រួសារច្រើនជាងរឿងជាតិ។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនិងនយោបាយថា បើទោះជាយល់ស្របតាម ការវិភាគរបស់លោកបណ្ឌិត សូ ណារ៉ូ ក៏ដោយតែលោកថា លោក កឹម សុខា ត្រូវប្រាប់លោក សម រង្ស៊ី ពីអ្វីដែលបាននិយាយជាមួយសម្ដេចនាយករដ្ឋមន្ត្រីហើយរឿងរ៉ាវជាតិមួយចំនួនបើអាចគេចរួចគួរកុំយល់ព្រម។ យ៉ាងណាក៏ដោយលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធការយល់ឃើញរបស់អ្នកវិភាគ។ លោកបញ្ជាក់ថា គ្មានការទិញទឹកចិត្តឬក៏ដាក់សន្ទូចទៅដៃគូសន្ទនាអ្វីទេ។ ប៉ុន្តែលោកទទួលស្គាល់ថា ការធ្វើនយោបាយគេមិនឱ្យគូប្រកួតខ្លាំងទេ។
តែបែបនេះក្ដី នៅពេលលោក សម រង្ស៊ី ជាដៃគូសន្ទនាជាមួយសម្ដេច ហ៊ុន សែន ក៏ប្រមុខរដ្ឋាភិបាលកាន់អំណាចជាង៣០ឆ្នាំ បង្ហាញមនោសចេតនា ល្អូកល្អឺនច្រើនដែរគឺមានរហូតទទួលទានអាហារជាលក្ខណៈគ្រួសារ និងថតរូបអនុស្សាវរីយទៀតផង។ តែទីបំផុត គូសន្ទនាកើតមានតែជាងមួយឆ្នាំប៉ុណ្ណោះ ក៏រលាយទៅវិញនៅពេលដែលលោក សម រង្ស៊ី ចាប់ផ្ដើមរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល ហើយក្រោយមកទៀតស្រាប់តែសាលាឧទ្ធរណ៍គាស់រឿងចាស់ជាច្រើនឆ្នាំ ដែលលោក ហោ ណាំហុង ប្ដឹងពីបទបរិហារកេរ្ដិ៍ មកចេញដីការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះនាំឱ្យដៃគូសន្ទនាម្នាក់នៅក្នុងស្រុកម្នាក់នៅក្រៅប្រទេស។
អ្នកវិភាគយល់ថា យុទ្ធសាស្ត្ររបស់គូប្រកួតមិនត្រឹមតែផ្ដួលសមភាគីនោះទេគឺគេរិះរកមធ្យោបាយធ្វើឱ្យ មន្ត្រីថ្នាក់ក្រោមរបស់គូប្រកួតប្រជែងបែកបាក់ផងដែរ៕