ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល រំលឹកពលរដ្ឋខ្មែររស់នៅតាមព្រំដែនកម្ពុជាវៀតណាម កុំជួលដីរបស់ខ្លួនឱ្យពលរដ្ឋវៀតណាម ដែលទំនងសម្ដេចចង់និយាយថាជាការពិបាក គ្រប់គ្រង។ តែនេះជាការដាស់តឿនថ្មីទៀត របស់ប្រមុខរដ្ឋាភិបាល ខ្មែរ ដែលឆ្នាំទៅមិញ រដ្ឋាភិបាលបានចេញសារាចរឱ្យពលរដ្ឋខ្មែររស់នៅតាមព្រំដែន ត្រូវបញ្ឈប់ការជួលដីដូចនេះដែរ។
ប៉ុន្ដែអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ថា ការទទូចរបស់ប្រមុខរដ្ឋាភិបាលដែលពុំមានវិធានការជាក់លាក់ នឹងមិនធ្វើឲ្យពលរដ្ឋវៀតណាម បញ្ឈប់ការជួលដីកសិករខ្មែរបានឡើយ។ លោកថា ក៏អាចធ្វើឲ្យមានការបាត់បង់ទឹកដីថែមទៀតផង។ លោក លៀ ស៊ីណា រាយការណ៍៖
ក្រោយពីបានចុះជួបសួរសុខទុក្ខសិស្សានុសិស្សនៅវិទ្យាល័យមួយក្នុងខេត្ដតាកែវ កាលពីថ្ងៃអង្គារទី១៦សីហា
សម្តេច ហ៊ុន សែន បានបញ្ជា «ហាមដាច់ខាតការជួលដីឲ្យប្រជាជនវៀតណាម តែនេះមិនមែនសម្រាប់តែខេត្តតាកែវមួយទេ គឺសម្រាប់ខេត្តទាំងអស់ដែលមានព្រំប្រទល់ជាមួយវៀតណាម » ។
សម្ដេចបានបញ្ជាក់ដូចនេះ តាមរយៈហ្វេសប៊ុករបស់សម្ដេច ដែលបានផ្សព្វផ្សាយ នៅថ្ងៃពុធទី១៧ សីហានេះ។
ជុំវិញសារក្រើនរំលឹករបស់សម្ដេចនាយករដ្ឋមន្ដ្រីនេះដែរលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមបានផ្ដល់បទសម្ភាសន៍ជាមួយ វិទ្យុស្ដ្រីFM102 នៅថ្ងៃពុធ ទី ១៧សីហានេះថា លោកសាទរ ដែលប្រមុខរាជរដ្ឋាភិបាលគិតគូ ពីបញ្ហាពលរដ្ឋខ្មែរបន្ដជួលដីឲ្យទៅប្រជាជនវៀតណាម។ ប៉ុន្ដែលោកយល់ថា បើសិនជាមានតែសារាចរលើក្រដាស ឬការអំពាវនាវត្រឹមតែមាត់គ្មាន យន្ដការទប់ស្កាត់ច្បាស់លាស់ ទោះជាអំពាវនាវច្រើនយ៉ាងណាក៏មិនបានលទ្ធផលអ្វីដែរ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍក៏បានបង្ហាញពីក្ដីព្រួយបារម្ភថា ប្រសិនជាពលរដ្ឋខ្មែរ នៅខេត្ដឆ្ងាយៗ មិនបានទទួលដំណឹងពីការហាមប្រាមរបស់ក្រសួងមហាផ្ទៃ ពីការមិនឲ្យជួលដីឲ្យប្រទេសជិតខាង ក៏ដូចជាការអំពាវនាវរបស់សម្ដេច ហ៊ុន សែន នាពេលនេះ នោះពួកគេគឺនៅតែបន្ដជួលដីឲ្យទៅប្រជាជនវៀតណាម កាន់តែច្រើនបន្ដទៀត ដែលអាចនាំឲ្យប្រទេសកម្ពុជាប្រឈមនឹងការបាត់បង់ដីតាមបណ្ដោយព្រំដែន។
ប្រការនេះលោកបណ្ឌិត មាស នី គិតថាប្រមុខរាជរដ្ឋាភិបាលគួរតែចាត់វិធានការជាក់ស្ដែង ដោយចុះទៅពិនិត្យមើលពីទំហំដីដែលពលរដ្ឋខ្មែរបានជួលឲ្យពលរដ្ឋវៀតណាម មានទំហំប៉ុនណា ដើម្បីធ្វើការដោះស្រាយឲ្យបានសមស្រប និង បញ្ចៀសបញ្ហា ទំនាស់ណាមួយដែលអាចកើតឡើង។
លោកបណ្ឌិត មាស នី៖«ប៉ុន្ដែសកម្មភាពតាមព្រំដែនដែលខ្ញុំបានធ្វើដំណើរថ្មីៗនេះ ឃើញថាគ្មានអ្វីប្លែកទេ គឺនៅដដែលអញ្ចឹងខ្ញុំគិតថា គ្រាន់តែអំពាវនាវប៉ុណ្ណេះទៀត ហើយមិនមានធ្វើអីទេ រឿងហ្នឹងគ្រាន់តែជាការស្រែកៗទៅកុំឲ្យស្ងាត់ផ្ទះ ហ្នឹងក៏ជាការព្រួយបារម្ភមួយដែរសម្រាប់ ប្រព័ន្ធគ្រប់គ្រងរបស់យើង»។
ចំណែកលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការថ្លែងរបស់សម្ដេច ហ៊ុន សែន នាពេលនេះគឺជាការជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋាន តាមបណ្ដោយព្រំដែន ឲ្យធ្វើការពិនិត្យឲ្យជាក់លាក់ជុំវិញវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបញ្ឈប់ការជួលដីនេះ។ លោកបន្ថែមថា រាជរដ្ឋាភិបាលបានចុះសិក្សាស្រាវជ្រាវពីទំហំនៃដីដែលប្រជាពលរដ្ឋខ្មែរបានជួលឲ្យទៅប្រជាជនវៀតណាម និងប្រទេសជិតខាងដទៃទៀតរួចរាល់ហើយ។
ប៉ុន្ដែលោកថា ដោយសារកិច្ចសន្យាជួលដីឲ្យទៅប្រជាជនប្រទេសជិតខាងមិនទាន់ដល់ការបញ្ចប់ ទើបរាជរដ្ឋាភិបាលទុកពេលឲ្យកិច្ចសន្យាទាំងនោះបញ្ចប់សិនទើប បន្ដដំណើរការផ្សេងៗ។
អ្នកនាំពាក្យបក្សកាន់អំណាច បង្ហាញជំនឿចិត្ដថា កម្ពុជាមិនអាចនឹងបាត់បង់ដីដែលជួលឲ្យទៅប្រទេសជិតខាងដោយសារ ពលរដ្ឋមិនដឹងពីសារាចរ របស់រាជរដ្ឋាភិបាលនោះទេ។ លោកថា រាជរដ្ឋាភិបាលនៅតែបន្ដអនុវត្ដសារាចរដែលដាក់ចេញ រហូតដល់លែងមាន ការជួលដីពីពលរដ្ឋខ្មែរឲ្យទៅប្រជាជនប្រទេសជិតខាង។
លោក សុខ ឥសាន្ដ៖«យើងមានបញ្ហាខ្លះត្រង់ថា ដោយសារកិច្ចសន្យាមិនទាន់ចប់ ហើយដីណាដែលជាប់កិច្ចសន្យាយើងពន្យាពេលទុកឲ្យចប់ហើយមិនអោយធ្វើកុងត្រាថ្មីទេ ចំពោះអ្នកដែលមិនទាន់ធ្វើកុងត្រាគឺមិនឲ្យកុងត្រាជួលទេ ចំណុចនេះយើងមានវិធានការរួចហើយ»។
សូមជម្រាបថា ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ បានចេញសារាចរណែនាំមួយដោយតម្រូវ ឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាប់ព្រំដែន មន្ទីរ និងអង្គភាពជំនាញ ជុំវិញខេត្ដជាប់ព្រំដែនទាំងអស់ ឲ្យបញ្ឈប់សកម្មភាពជួលដីនៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេស ជាប់ព្រំដែនទាំងអស់នេះរួមមានប្រទេស វៀតណាម ថៃ និងឡាវ ដែលវានឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រង និងអាចបង្កឲ្យមានភាពស្មុគស្មាញផ្សេងៗ។ ក្នុងសារាចរនោះក៏បានតម្រូវឲ្យ មានការរៀបចំចាត់ចែងអនុវត្ដឲ្យមានប្រសិទ្ធិភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ផងដែរ៕