loader

អ្នកវិភាគ​ថា​ ដើម្បី​ជួយ​អ្នកក្រ​ ត្រូវ​កាត់​បន្ថយពន្ធ​សាំង​ មិនមែន​ពន្ធ​ផ្លូវ​តិចតួច​នោះ​ទេ​

Cover-gasoline-Total
ខណៈ​ពេល​រដ្ឋាភិបាល​បាន​ប្រកាស​ឈប់​យកពន្ធ​ផ្លូវ​លើ​ម៉ូតូ​ ទូក​នេសាទ​ខ្នាត​តូច​ និង​​ត្រាក់ទ័រ​ ចាប់តាំងពី​ឆ្នាំ​២០១៦​ តទៅ​ អ្នកវិភាគ​លើក​ឡើង​ថា​ យុទ្ធសាស្ត្រ​នោះ​មិន​បាន​ជួយ​ដល់​អ្នកក្រ​ពិតប្រាកដ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ នេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​
ឱ្យ​ស្ករ​គ្រាប់​ ដើម្បី​លួង​កូន​ក្មេង​កុំឱ្យ​យំ​តែ​ប៉ុណ្ណោះ​។​ អ្នកវិភាគ​លើក​ឡើង​ថា​ យុទ្ធសាស្ត្រ​ដែល​ជួយ​អ្នកក្រ​ និង​ប្រជា​កសិករ​ពិតប្រាកដ​ គួរតែ​កាត់​ពន្ធ​សាំង​ ។​

​តំណាង​បណ្តាញ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា​ និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ប្រចាំ​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ ការ​សម្រេច​ឈប់​យកពន្ធ​នេះ​ ជា​យុទ្ធសាស្ត្រ​យក​ស្ករ​គ្រាប់​លួង​ចិត្ត​កូន​ក្មេង​កុំឱ្យ​យំ​។​ លោក​ថា​ ក្រោយ​ពី​អស់​ស្ករ​គ្រាប់​ ក្មេង​នឹង​យំ​ដដែល​។​

លោក សន ជ័យ តំណាងបណ្តាញគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា
លោក សន ជ័យ តំណាងបណ្តាញគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា

​លោក​បន្ត​ថា​ ការ​បន្ថយពន្ធ​សាំង​ទើប​ជា​យុទ្ធសាស្ត្រ​ សង្គ្រោះ​អ្នកក្រ​ អ្នកមាន​ចំណូល​ទាប​ និង​សេដ្ឋកិច្ចជាតិ​ ដែល​ហាក់​ពឹង​លើ​ការ​នាំ​ចូល​ភាគច្រើន​ ព្រោះ​វា​នាំ​ឱ្យ​អាច​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ​ ពេល​អ្នករាជការ​បាន​កើន​ប្រាក់ខែ​ខ្លះៗ​។​ លោក​បន្ថែម​ថា​ នៅ​ពេល​ដែល​បន្ថយពន្ធ​សាំង​ ពេល​នោះ​រដ្ឋាភិបាល​នឹង​មាន​ទឹកមាត់ប្រៃ​បន្តិច​ សម្រាប់​គ្រប់គ្រង​លើ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​។​

​ចំណែក​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ ក៏​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដែរ​ថា​ពេល​នេះ​កម្ពុជា​កំពុង​ដើរ​ចេញពី​ការ​ពឹងផ្អែក​លើ​វិស័យ​​កសិកម្ម​ មក​ចាប់​យក​វិស័យ​ឧ​ស្សហកម្ម​ និង​សេវាកម្ម​ ដែល​ជា​ប្រាក់​ចំណូល​សំខាន់​វិញ​។​ លោក​ថា​ កម្លាំង​ពលកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ កំពុង​ដើរ​ចេញពី​វិស័យ​កសិកម្ម​ ទៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ ឬ​រក​ការងារ​នៅ​ទីក្រុង​វិញ​ ដោយ​រួម​ទាំង​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ស្រុក​ផង​ដែរ​។​

​លោក​ មាស​ នី​ បន្ត​ថា​ នៅ​តាម​តំបន់​ជនបទ​ ចំនួន​ជន​ចំណាកស្រុក​មាន​រហូត​ដល់​ជាង​១០%​ ក្នុងភូមិ​នីមួយៗ​ ជា​ហេតុ​ធ្វើ​ឱ្យ​កម្លាំង​ពលកម្ម​ ហាក់ដូចជា​កំពុង​ងាក​ចេញពី​ការ​ផលិត​សម្រាប់​ផ្តល់​ឱ្យ​អ្នក​ហូប​ ហើយ​បែរ​ទៅ​ជា​នាំ​គ្នា​ធ្វើ​ជា​អ្នក​ហូប​ដោយ​ខ្លួនឯង​កាន់តែ​ច្រើន​ឡើងៗ​ទៅ​វិញ​។​

​លោក​ មាស​ នី​ បាន​សម្ដែង​មតិ​ទៀត​ថា​ ដើម្បី​ប្រឈម​នឹង​បញ្ហា​បាត់បង់​កម្លាំង​ពលកម្ម​ផ្នែក​កសិកម្ម​ដូច​រៀបរាប់​ខាងលើ​ ពេល​នេះ​កសិករ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បាន​នាំ​គ្នា​ទិញ​គ្រឿងចក្រ​កសិកម្ម​មក​ប្រើ​ជំនួស​វិញ​។​

​លោក​ថា​ តាម​របាយការណ៍​មួយ​ថ្មីៗ​នេះ​ បាន​រក​ឃើញ​ថា​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១២​ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​គោ​យន្ត​ចំនួន​ប្រមាណ​ជា​ ១២៩.០០០​ គ្រឿង​ ដែល​ចំនួន​នេះ​បាន​កើនឡើង​ពី​ចំនួន​តែ​ ៨.៨០០​ គ្រឿង​ កាលពី​ឆ្នាំ​ ២០០១​ ហើយ​ចំនួន​នេះ​មិន​បាន​បូក​សរុប​ទាំង​ប្រភេទ​គ្រឿងចក្រ​កសិកម្ម​ធុន​ធំ​ និង​ធុន​តូច​ផ្សេងៗ​ទៀត​នោះ​ឡើយ​។​

លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

​លោក​ មាស​ នី​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ នេះ​ថា​ ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ ជា​ពិសេស​កសិករ​ រដ្ឋាភិបាល​គួរតែ​ពិចារណា​ទៅ​លើ​ការ​បញ្ចុះ​នូវ​ពន្ធ​សាំង​ ជា​ជាង​ការ​ឈប់​យកពន្ធ​ម៉ូតូ​ ព្រោះថា​ពន្ធ​ម៉ូតូ​ក្នុង​មួយ​ឆ្នាំ​ប្រជាពលរដ្ឋ​ចំណាយ​អស់​តែ​ ១​ ដុល្លារ​ ឬ​ជាង​១​ដុល្លារ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​ការ​បញ្ចុះ​ពន្ធ​សាំង​ គឺ​ទាក់ទង​ផ្ទាល់​ទៅ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តែ​ម្តង​ ហើយ​ការ​ប្រើប្រាស់​សាំង​របស់​កសិករ​ ក៏​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។​

​សូម​រំឭក​ថា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ កាលពី​ថ្ងៃ​ទី​១៩​ តុលា​ ថា​ លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​លក់​ប្រេងឥន្ធនៈ​ ដើម្បី​កំណត់​ និង​ដោះស្រាយ​បញ្ហា​ ដែល​ក្រុមហ៊ុន​ចេះ​តែ​ដំឡើង​ និង​បញ្ចុះតម្លៃ​ដោយ​គ្មាន​គោលការណ៍​ជាក់លាក់​។​

​ក្នុង​ពិធី​ដាក់​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ ជ្រោយចង្វារ​ទី​២​ កាលពី​ថ្ងៃ​ទី​២២​ ខែតុលា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ ចាប់ពី​ឆ្នាំ​២០១៦​ ម៉ូតូ​ រ៉ឺ​ម៉ក​កង់​បី​ រួម​ទាំង​គ្រឿងយន្ត​កសិកម្ម​ ត្រាក់ទ័រ​ គោ​យន្ត​ កាណូត​ រដ្ឋាភិបាល​នឹង​ឈប់​យកពន្ធ​ទៀត​ហើយ​។​

​ចំណែក​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០១៦​ ដែល​ដាក់​ទៅ​រដ្ឋសភា​ ដើម្បី​អនុម័ត​នៅ​ពេល​ខាង​មុខ​នេះ​ បានឱ្យ​ដឹងផង​ដែរ​ថា​ ដើម្បី​បន្ត​លើក​ស្ទួយ​ដល់​វិស័យ​កសិកម្ម​ ពិសេស​ដើម្បី​លើកទឹកចិត្ត​ និង​សម្រាល​បន្ទុក​របស់​កសិករ​ រដ្ឋាភិបាល​នឹង​លុប​ចោលការ​យកពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ ដូច​ជា​ត្រាក់ទ័រ​និង​គ្រឿងយន្ត​ប្រហាក់ប្រហែល​។​ រដ្ឋាភិបាល​ក៏​លុប​ចោលការ​យកពន្ធ​លើ​ជលយាន​យន្ត​ធុន​តូច​ ដើម្បី​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​​ប្រជាពលរដ្ឋ​ ដែល​ប្រើប្រាស់​ជលយាន​យន្ត​ទាំងនោះ​ ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​ប្រកប​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត