ភ្នំពេញ៖ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយដ៏ល្បីនៅកម្ពុជាចង់ឃើញលោក សម រង្ស៊ី មេបក្សប្រឆាំងទទួលបានបរម្យងាជាសម្ដេច គឺដូចនឹងថ្នាក់ដឹកនាំមួយចំនួននៃគណបក្សកាន់អំណាចផងដែរ ក្នុងនោះមាននាយករដ្ឋន្ត្រីសម្ដេច ហ៊ុន សែន ។ ការទូលថ្វាយទៅព្រះមហាក្សត្រសុំផ្ដល់បរម្យងាទៅលោក សមរង្ស៊ី និងការប្រទានការលើកលែងទោសនោះ គឺចំពេលដែលមេបក្សប្រឆាំរូបនេះរៀបចំចូលប្រទេសវិញដើម្បីប្រកួតប្រជែងនយោបាយផ្ទាល់នៅកម្ពុជា ។ តែអ្វីដែលលោកឡៅ ម៉ុងហៃចាប់អារម្មណ៍នោះទំនងលោកផ្ដោតទៅលើលោក សម រង្ស៊ីដែលប្រកាសផ្ដល់ដំណែងថ្នាក់ដឹកនាំជាតិធំៗទៅយុវជនជំនាន់ក្រោយ ហើយខ្លួនលោកត្រឹមតែជាទីប្រឹក្សាតែប៉ុណ្ណោះ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជា បានស្នើឱ្យព្រះមហាក្សត្រព្រះរាជទានការលើកលែងទោសទាំងអស់ និងផ្ដល់ងារជាសម្ដេច ដល់លោក សម រង្ស៊ី ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី ១៩ មីនា ម្សិលមិញ ។
តាមរយៈសារស្នើរបស់លោក ឡៅ ម៉ុងហៃនេះ លោកសរសេរដោយភ្ជាប់ជាមួយនឹងវីដេអូរបស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ដែលលោកថ្លែងឱ្យមានការបើកឱកាសដល់យុវជនអាចចូលរួមក្នុងជីវភាពនយោបាយដឹកនាំប្រទេស ហើយខ្លួនលោកផ្ទាល់ធ្វើត្រឹមតែព្រឹទ្ធាចារ្យ ឬទីប្រឹក្សាតែប៉ុណ្ណោះ ។
អ្នកវិភាគរូបនេះបញ្ជាក់ថា លោក សម រង្សី ជារដ្ឋបុរសខ្មែរ ជាបណ្ឌិតព្រឹទ្ធាចារ្យមួយរូប ។
ជាក់ស្ដែងលោក សរសេរបែបនេះថា «សូមព្រះមហាក្សត្រជាទីគោរពសក្ការ:របស់ប្រជាជាតិខ្មែរ ព្រះមេត្តាព្រះរាជទានការលើកលែងទោសទាំងអស់ដល់គាត់ និងព្រះរាជទានបរមងារជា សម្តេច ដល់គាត់» ។
លោកបន្ថែមថា ការលើកលែងទោស និងបរមងារ ដែលលោក សម រង្ស៊ី សមទទួលបាននេះ នឹងច្បាស់ជាប្រកបដោយធម៌ បានមកដោយធម៌ និងកើតឡើងដោយធម៌ យ៉ាងពិតប្រាកដ ។
លោកបណ្ឌិតឡៅម៉ុងហៃ ត្រូវបានដាក់ឈ្មោះថាជាអ្នកវិភាគជើងចាស់ដ៏ល្បីឈ្មោះ ក្នុងចំណោមអ្នកវិភាគ ជនជាតិខ្មែរមួយចំនួនទៀត ។ តែលោកត្រូវបានរកឃើញថាជាអ្នកវិភាគម្នាក់សិ្នទ្ធនឹងលោកកឹមសុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ។ ការវិភាគរបស់លោក ពេលខ្លះ មានចំណុចកណ្ដាលល្អណាស់ តែពេលខ្លះលោក ហាក់ចំអកឱ្យលោកសមរង្ស៊ី។ យ៉ាងណា សម្ដេចហ៊ុនសែនក៏ធ្លាប់វាយប្រហារ លោកបណ្ឌិតឡៅម៉ុងហៃដែរ។
លោក សម រង្ស៊ី បានប្រកាសជាច្រើនដងថា លោកនឹងវិលចូលកម្ពុជាវិញនៅឆ្នាំ ២០១៩នេះ ដែលលោកថា មកស្វែងរកប្រជាធិបតេយ្យពេញលេញនៅកម្ពុជា ។ តែលោកបញ្ជាក់ក្នុងវីដេអូកាលពីម្សិលមិញថា លោកមិនត្រូវការដំណែងណាមួយនោះទេ ដោយគ្រាន់តែលោកជំនះរាល់ឧបសគ្គទាំងឡាយដើម្បីបើកផ្លូវឱ្យយុវជនដឹកនាំប្រទេសដែលបានមកពីការប្រកួតប្រជែងពិតប្រាកដទៅបានហើយ។
លោកសមរង្ស៊ី ធ្លាប់ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅដើមទសវត្ស១៩៩០។ លោកជារដ្ឋមន្ត្រី មកពីគណបក្សហ្វ៊ុនស៊ីនប៉ិច ។ លោកចាប់ផ្ដើមល្បីឈ្មោះ គឺដោយសារតំណែងស្នាដៃរបស់លោក ជារដ្ឋមន្ត្រីហើយក្រោយមកជាមេបក្សប្រឆាំងតែម្នាក់គត់នៅកម្ពុជា ដែលប្រឈមនឹងហានិភ័យ ដល់អាយុជីវិតជាច្រើន។ លោកសមរង្ស៊ីនិងសម្ដេចហ៊ុនសែន ត្រូវសង្កេតឃើញថា ជាដៃគូប្រកួតប្រជែងខ្លាំងក្លាបំផុតលើសង្វៀនប្រកួតនៅកម្ពុជា។
តែអតីតរដ្ឋមន្ត្រីរូបនេះ ត្រូវបានកាត់ទោសជាច្រើនដង និងកំពុងមានទោសរាប់សិបទៀត ។ តែយ៉ាងណា លោកថាទោសរបស់លោកជារឿងនយោបាយ ។ បើព្រះមហាក្សត្រទទួលយកសំណើរបសលោកបណ្ឌិតឡៅម៉ុងហៃ គឺបរមងារ សម្ដេចនឹងកើនមួយទៀត ដោយរាប់ទៅអាចមានដប់រូប ក្នុងនោះ មានទាំងនាយករដ្ឋមន្ត្រីដែលទទួលបានបរមងារទាំងសម្ដេចផង ឋាន្តរស័ក្ដនៃបរមងារជាតេជោថែមទៀត ។
គេនៅចាំបានថា ឪពុកក្មេករបស់លោកសមរង្ស៊ី គឺលោកញឹកជូឡុង ក៏មានងារជាសម្ដេច ចក្រីតេជោធិបតី ញឹក ជូឡុង ដែល បរមងារនេះ លោកញឹកជូឡុង បានទទួលតាំងពីសង្គមរាស្ត្រនិយម ដោយការប្រទានពីសម្ដេចព្រះបាទនរោត្តមសីហនុ។
យ៉ាងណាសាររបស់លោកបណ្ឌិតឡៅម៉ុងហៃ មិនទាន់មានចាប់អារម្មពីលោកសម រង្ស៊ីនៅឡើយទេ ៕
អត្តបទដោយ៖ សោម លាភ