loader

អ្នកវិភាគចង់ឃើញកម្ពុជាកែប្រែជំហរទាន់ពេលវេលាកុំឱ្យច្បាប់ដាក់ទណ្ឌកម្មចូលជាធរមាន តែអ្នកនាំពាក្យថាមិនខ្វល់ឡើយ

ភ្នំពេញ៖ អ្នកវិភាគចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាកែប្រែជំហរនយោបាយឱ្យបានទាន់ពេលវេលា ដោយអនុវត្តន៍ឱ្យបាននូវស្ដង់ដាលទ្ធិប្រជាធិបតេយ្យទទួលស្គាល់ដោយពិភពលោក មិនមែនស្ដង់ដាកម្ពុជាតែម្នាក់ឯង ដើម្បីទប់ស្កាត់កុំឱ្យច្បាប់ដាក់ទណ្ឌកម្មនានាមកលើកម្ពុជាចូលជាធរមានទាន់ ។ ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថាមិនខ្វល់រឿងនេះទេ ហើយកម្ពុជាមានស្ដង់ដាកម្ពុជា មិនអាចយកស្ដង់ដាប្រទេសដទៃមកអនុវត្តន៍នោះទេ ។ ពាក់ព័ន្ធនឹងករណីនេះ ដោយសារតែប្រទេសប្រជាធិបតេយ្យធំៗ បានចោទជាបញ្ហាថា កម្ពុជាមិនមានប្រជាធិបតេយ្យ រហូតដល់រដ្ឋសភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដោយចោទថាគ្មានប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ។

រាយការណ៍ដោយ លោក សោម លាភ

ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានប្រកាសកាលពីថ្ងៃទី ១៦ កក្កដាថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំគណៈកម្មាធិការកណ្តាលជាថ្មីនៅទី២២ ខែសីហា ឆ្នាំ២០១៩ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ។

បើតាមសេចក្ដីប្រកាសនេះ ធ្វើឡើងចំថ្ងៃដែលសមាជិករដ្ឋសភា​អាមេរិក បាន​អនុម័ត​ច្បាប់ H.R 526 ដែលឈានទៅដល់ ការដាក់​ទណ្ឌកម្មដល់មន្ត្រីកម្ពុជា ដែលសភាអាមេរិកថាបាន រំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​​នៅ​កម្ពុជា ។ ទណ្ឌកម្មនៃច្បាប់នេះ នឹងអាចបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការដល់មន្ត្រីមួយចំនួនរបស់កម្ពុជា មិនឱ្យចូលទឹកដីអាមេរិក ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បង្ហាញភាពភ្ញាក់ផ្អើល និងសោកស្តាយខ្លាំង នៅពេលទទួលបានព័ត៌មាននេះ ។

លោក ផៃ ស៊ីផានថា ច្បាប់ HR 526 នេះ ធ្វើឡើងមានចរិតនយោបាយយ៉ាងជាក់ច្បាស់ និងស្នើឱ្យសភា និងរដ្ឋាភិបាលអាមេរិកពិចារណាឡើងវិញ ដើម្បីបន្តទំនាក់ទំនងល្អជាមួយគ្នាបន្តទៀត ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួង​ការបរទេសនិងសហប្រតិ្តបត្តិការអន្តរជាតិរបស់កម្ពុជា ក៏បាន​ចាត់​ទុក​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ H.R ៥២៦ នេះ ថា​ជា​ការ​ដើរ​ផ្ទុយ​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ភាពជា​ដៃគូ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ​។ ក្រសួងនេះអះអាង​ថា សេចក្ដី​ព្រាងច្បាប់​នេះ មាន​ខ្លឹមសារ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ ដើម្បីប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អែកលើ​ព័ត៌មាន​បំភ្លៃ លម្អៀង និង​ហួស​សម័យ និងក្រោម​ហេតុផល​នយោបាយ រួមទាំងមាន​ស្តង់ដារ​ពីរ ​។

ក្រសួងការបរទេសបន្ថែម​ពីលើ​នេះថា ការ​ចាប់ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​សន្តិ​សន្តិភាព និង​ស្ថិរភាព​សង្គម  ។

ក្រោយពីសភាជាន់ទាបអាមេរិកអនុម័តច្បាប់នេះជាឯកឆន្ទ ប្រជាពលរដ្ឋខ្មែរ​ជាច្រើននាក់ មកពីបណ្ដារដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក និងកាណាដា បាន​មក​ចូលរួម​បាតុកម្ម កាល​ពី​ថ្ងៃ​ទី ១៧​ខែ​កក្កដា នៅ​វិមាន​រដ្ឋសភា ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក ។ គោលបំណងនៃការធ្វើបាតុកម្មនេះ គឺដើម្បី​ទាមទារ​ឲ្យរាជរដ្ឋាភិបាលកម្ពុជា​ស្តារ​ប្រជាធិបតេយ្យ​  ​គោរព​សិទ្ធិមនុស្ស​ និងនីតិរដ្ឋ ​។ ជាងនេះ ពួកគាត់ ក៏​បាន​ទទូច​ដល់​ព្រឹទ្ធសភា​អាមេរិក​ ពន្លឿន​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ និងជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ១៨ កក្កដា ដោយលោកចង់ឃើញថ្នាក់ដឹកនាំកម្ពុជាគួរធ្វើយ៉ាងណាឆ្លើយតបទៅសហរដ្ឋអាមេរិកកុំឱ្យច្បាប់នេះ រួមទាំងច្បាប់មួយចំនួនទៀតដែលដាក់ទណ្ឌកម្មពាណិជ្ជកម្មលើកម្ពុជាចូលជាធរមានទាន់ ។

លោកបន្ថែមថា កម្ពុជាគួរតែទទួលស្គាល់ និងអនុវត្តន៍តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលពិភពលោកទទួលស្គាល់ ។

លោក សម រង្ស៊ី មានប្រសាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ១៧ កក្កដាថា ការអនុម័តច្បាប់ដាក់ទណ្ឌកម្មដល់មន្ត្រីកម្ពុជានេះ អាចនឹងធ្វើឱ្យផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាបែកបាក់ ហើយមន្ត្រីទាំងនោះ នឹងដាក់បន្ទុក និងកំហុសទៅលើនាយករដ្ឋមន្ត្រីកម្ពុជា ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ការនឹងបើកកិច្ចប្រជុំនៅថ្ងៃខាងមុខនេះ ធ្វើឡើងដើម្បីជាការវាយតម្លៃសម្មិទ្ធិផលដែលសម្រេចបានកន្លងទៅ និងដាក់ផែនការដើម្បីអនុវត្តន៍បន្ត ។

លោក សុខ ឥសាន្តថា កិច្ចប្រជុំនេះមិនមែនធ្វើឡើងពិភាក្សាដោយសារតែរដ្ឋសភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មដល់មន្ត្រីកម្ពុជានោះទេ ពោលគឺកិច្ចប្រជុំនេះប្រុងនឹងធ្វើតាំងពីថ្ងៃទី ១០ កក្កដាមកម្ល៉េះតែដោយសារតែនាយករដ្ឋមន្ត្រីកម្ពុជាមានបញ្ហាសុខភាពបន្តិចបន្តួច ។

លោក សុខ ឥសាន្តបន្តថា ការចោទថាកម្ពុជាមិនមានការគោរពសិទ្ធិមនុស្ស គ្មានប្រជាធិបតេយ្យ គឺជាការមិនត្រឹមត្រូវនោះទេ ។

លោកថា  កម្ពុជាមានស្ដង់ដាប្រជាធិបតេយ្យកម្ពុជាមិនអាចយកស្ដង់ដាប្រជាធិបតេយ្យប្រទេសផ្សេងមកអនុវត្តន៍នៅកម្ពុជានោះទេ ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ដោយថាមិនមានកង្វល់ជាមួយនឹងច្បាប់ដែលរដ្ឋសភាអាមេរិកបានអនុម័តកន្លងទៅនោះទេ ព្រោះមន្ត្រីទាំងនោះគ្មានលុយឯណាទៅដាក់នៅធនាគារបរទេសនោះទេ ហើយបើមាន ក៏ខាងធនាគារគេមិនបា្រប់ដែល បានន័យថាគេជួយលាក់ការជាចាំបាច់ ។

ច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ ២០១៩ ឬហៅកាត់ថា HR 526 ត្រូវបានសមាជិករដ្ឋសភាអាមេរិកសម្រេចអនុម័តជាឯកឆន្ទ ហើយត្រៀមនឹងបញ្ជូនទៅព្រឹទ្ធសភានៃប្រទេសនេះ ដើម្បីឆ្លងទៅកាន់ប្រធានាធិបតីចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ[...]

តើNATOនឹងចាត់ការយ៉ាងណាចំពោះទង្វើឈ្លានពានស៊ីរីរបស់ទួគីជាសមាជិកខ្លួន?

ក្នុងចំណោមប្រទេសខ្លាំងៗបណ្ដាទ្វីបអឺរ៉ុប និង អ[...]

វិភាគ៖ចិនព្យាយាមធ្វើឱ្យតៃវ៉ាន់ឯកាបំផុត តើទៅរួចឬអត់?

ឯកា មិនមានអ្នករាប់រកគឺស្មើនឹងការមិនទទួលស្គាល់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត