ភ្នំពេញ៖ ប្រជាពលរដ្ឋបឹងកក់៧គ្រួសារ នាំគ្នាប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ ក្នុងគោលបំណងដាក់ញ្ញត្តិ ដើម្បីឱ្យសាលារាជធានីភ្នំពេញ ដោះស្រាយពីបញ្ហាដីធ្លីនៅសេសសល់ដែលមិនទាន់បានដោះស្រាយជូនពួកគេ។ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារផ្ទៃដីទំហំ ១០០% នៃផ្ទៃដីដែលពួកគេធ្លាប់មាន។
អ្នកតវ៉ាទាំងនោះឱ្យដឹងថា កន្លងមកពួកគេទាមទារសុំដំណោះស្រាយដីធ្លីតែ ៥៣% ប៉ុណ្ណោះ ប៉ុន្តែសាលារាជធានីភ្នំពេញមិនបានផ្តល់ដំណោះស្រាយជូនពួកគេ។
អ្នកស្រី លី ចាន់ណារី រស់នៅភូមិ១ តំបន់បឹងកក់ ស្ថិតក្នុងចំណោមអ្នកតវ៉ា ៧ គ្រួសារ ដែលមិនទាន់ទទួលបានដំណោះស្រាយពីសាលារាជធានីភ្នំពេញ និយាយថា គាត់មកសាលាក្រុងភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះ ក្នុងគោលបំណងដើម្បីទាមទារដីធ្លីដែលអាជ្ញាធរមិនទាន់បានដោះស្រាយជូនគាត់។
អ្នកស្រី ចាន់ណារី បន្តទៀតថា កាលពីខែមេសា សាលាក្រុងបានដោះស្រាយដីធ្លីនៅក្នុងភូមិអ្នកស្រី ដែលមាន ១៣ គ្រួសារ ប៉ុន្តែការដោះស្រាយពេលនោះបានតែ ៦ គ្រួសារទេ នៅសល់ ៧ គ្រួសារទៀត ដែលមិនទាន់ទទួលបានដំណោះស្រាយ។
គាត់ថា ដោយសារតែការដោះស្រាយនោះមានការយឺតយ៉ាវ ទើបគាត់យកញ្ញត្តិមកដាក់នៅសាលាក្រុង ឱ្យដោះស្រាយជូនរូបគាត់ ដោយឲ្យសាលាក្រុងផ្តល់ដីដែលគាត់បាត់បង់ដោយការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ូកាគូអ៊ីន ទៅឱ្យគាត់វិញដោយមានសំណងសមរម្យ៖ «ខ្ញុំទាមទារយកតែដីខ្ញុំគ្រប់វិញ ១០០ភាគរយ ដីខ្ញុំប៉ុនណាខ្ញុំយកប៉ុណ្ណឹងវិញ ខ្ញុំធ្វើការតស៊ូមតិទាល់តែមានដំណោះស្រាយ…»។
ស្ត្រីម្នាក់ទៀត គឺអ្នកស្រី សែន ទូច ដែលមិនទាន់ទទួលបានដំណោះស្រាយពីសាលាក្រុងភ្នំពេញដែរ បាននិយាយថា ពីមុនមកគាត់ធ្លាប់ទាមទារសុំដំណោះស្រាយដីធ្លីតែ ៥៣% នៃទំហំដីរបស់គាត់ ប៉ុន្តែដោយសារតែមានការពន្យារពេលក្នុងការដោះស្រាយនៃទំនាស់ដីធ្លីនេះ ទើបគាត់សម្រេចចិត្តនាំគ្នាមកសាលាក្រុង ដើម្បីឱ្យសាលាក្រុងភ្នំពេញដោះស្រាយជូនពួកគាត់។
អ្នកស្រី សែន ទូច បន្តថាការដាក់ញ្ញត្តិនៅថ្ងៃនេះ គាត់ទាមទារដីធ្លី ១០០% វិញ លែងទាមទារ ៥៣% ដូចលើកមុនទៀតហើយ ព្រោះសាលាក្រុងមិនបានដោះស្រាយជូនពួកគាត់។ ប៉ុន្តែអ្នកស្រីបានបញ្ជាក់ថា ប្រសិនបើសាលាក្រុងឆាប់ដោះស្រាយពីការទាមទាររបស់ពួកគាត់ នោះគាត់នឹងនៅតែបន្តយក ៥៣%នៃទំហំដីរបស់ពួកគាត់។
អ្នកស្រី សែន ទូច បន្ថែមថា ប្រសិនបើសាលាក្រុងនៅតែពន្យារពេលក្នុងការដោះស្រាយពីបញ្ហានេះទៀត នោះគាត់នឹងដាក់ញ្ញត្តិបន្តទៅស្ថាប័នពាក់ព័ន្ធឱ្យរកជួយអន្តរាគមន៍៖ ពីមុនមកខ្ញុំទាមទារ ៥៣% ប៉ុន្តែសាលាក្រុង មិនបានដោះស្រាយឱ្យខ្ញុំទេ ប៉ុន្តែឥឡូវនេះ ខ្ញុំមកនេះទាមទារ ១០០% ពេញតែម្តង ព្រោះពួកខ្ញុំចាំយូរពេក ពួកខ្ញុំចាំលែងបានហើយ។ ប្រសិនបើដោះស្រាយថ្មីៗនេះ ៥៣% ខ្ញុំនឹងយកបើថាយូរពេក ពួកខ្ញុំលែងយកហើយ…»។
ទាក់ទងនឹងការលើកទ្បើងខាងលើនេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ទ្បុង ឌីម៉ង់ បានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ នេះថា លោកមិនបានដឹងពីការសុំដំណោះស្រាយដីធ្លី ៥៣% នៃទំហំដី របស់ពលរដ្ឋបឹងកក់ដែលនៅសេសសល់ ៧ គ្រួសារនោះទេ។ លោក ទ្បុង ឌីម៉ង់ បានមានប្រសាសន៍បន្តថា សាលាក្រុងនឹងដោះស្រាយបញ្ហាដីធ្លីដែលមិនទាន់បានដោះស្រាយនោះជូនពួកគេ តាមរយៈការពិភាក្សាគ្នា និងតាមមិត្តភាពដែលសាលាក្រុងមាន។
លោកបន្តថា បើការទាមទារនោះលើសពីលទ្ធភាពរបស់សាលាក្រុង នោះនឹងមិនអាចដោះស្រាយបានទេ។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់បន្ថែមថា ទាក់ទងនឹងករណីនេះដែរ សាលាក្រុងគឺកំពុងតែធ្វើការដោះស្រាយ៖ «ខ្ញុំអត់បានដឹងទៅលើ ៥៣ មិន ៥៣នោះទេ អ្វីដែលសំខាន់គឺថាយើងដោះស្រាយឲ្យគាត់តាមការពិភាក្សាគ្នា នឹងការមិត្តភាពដែលសាលាក្រុងមាន មិនអាចប្រៀបធៀបទៅនឹងដីរបស់គាត់រស់នៅមុន ១០០% ដូចដែលគាត់និយាយហ្នឹងទេ ព្រោះអីទីតាំងដែលគាត់រស់នៅមុន ដែលគាត់ប្រើពាក្យថា ១០០% ហ្នឹងជាដីមិនស្របច្បាប់ទេ ជាដីសាធារណៈរបស់រដ្ឋ ឥឡូវយើងខិតខំធ្វើ ធ្វើដើម្បីឱ្យដីនោះក្លាយជាដីស្របច្បាប់របស់គាត់…»។
គួរបញ្ជាក់ថា សាលាក្រុងបានទទួលយកញ្ញត្តិនោះហើយកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះ ដោយមិនទាន់បានបញ្ជាក់ថា នឹងធ្វើការដោះស្រាយយ៉ាងណានៅទ្បើយទេ។
សូមជម្រាបជូនថា គ្រួសាររងគ្រោះដោយសារតែគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ ដែលនៅពេលនោះសាលារាជធានី និងក្រុមហ៊ុនស៊ូកាគូអ៊ីន បានបូមខ្សាច់ពន្លិចដីធ្លី និងបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិ កាលពីឆ្នាំ២០១០ នោះ នៅមានប្រជាពលរដ្ឋបឹងកក់ដែលនៅសេសសល់មិនទាន់បានដោះស្រាយដីធ្លីនោះមានចំនួន ៧ គ្រួសារ៕