សម្រាប់ពលរដ្ឋខ្មែរ គ្មានអ្នកណាម្នាក់អាចបំភ្លេចបានឡើយនូវព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែល គួរឲ្យកោតស្ញប់ស្ញែង គឺព្រះបាទជ័យវរ្ម័នទី៧។ ព្រះអង្គជាមហាក្សត្រល្បីល្បាញ ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ សតវត្សទី១២ ។ ព្រះបរមនាម និងស្នាព្រះហស្ថរបស់ព្រះអង្គល្បីរន្ទឺមិនត្រឹមតែនៅក្នុងកម្ពុជាទេ ប៉ុន្តែធ្វើឲ្យរញ្ជួយខ្ទរខ្ទារដល់អ្នកប្រវត្តិវិទូល្បីៗនៅលើពិភពលោកថែមទៀត។ ព្រះអង្គជាស្ដេចប្រកាន់ភ្ជាប់នូវ ទសពិធរាជធម៌ ដើម្បីនគរ ដើម្បីរាស្ត្រ និងមន្ត្រីថ្នាក់ក្រោម។ ព្រះអង្គជាស្ដេចមានស្នាដៃក្នុងការបង្រួបបង្រួមជាតិ ការពារជាតិយ៉ាងខ្លាំង។អ្នកប្រវត្តិសាស្ត្រនិង អ្នកស្រាវជ្រាវ កិច្ចការសង្គមនិងនយោបាយ បានហៅព្រះអង្គថា ជាស្ដេចមួយអង្គដែលមានគុណបំណាច់មិនអាចភ្លេចបានឡើយ។ ពួកគាត់បានទទូចឱ្យមេដឹកនាំខ្មែរបច្ចុប្បន្ន ដើរតាមគន្លងនៃទសពិធរាជធម៌របស់ព្រះអង្គគឺដើម្បី ការឯកភាពជាតិ ប្រកបដោយការអធ្យាស្រ័យ។
ដើម្បីជ្រាប !សូម ស្ដាប់ អត្ថាធិប្បាយ របស់លោកនួន បូរិន ដូចតទៅ៖
ទសពិធរាជធម៌ មាន ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងរាស្ត្រប្រជាឲ្យប្រព្រឹត្តផង។
ទសពិធរាជធម៌នៃអ្នកដឹកនាំមានដូចជា៖
១-ទានៈ គឺ ការធ្វើអំណោយ
២-សីលៈ គឺការរក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល
៣-បរិច្ចាគៈ គឺ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ
៤-អាជ្ជវៈ គឺ មានសេចក្ដីត្រង់
៥-មទ្ទវៈ គឺ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា
៦-តបៈ គឺ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ
៧-អក្កោធនៈ គឺ ការមិនធ្វើឱ្យអ្នកដទៃក្ដៅក្រហាយ
៨-អវិហឹសា គឺ ការមិនបៀតបៀនអ្នកដទៃ
៩-ខន្តី គឺការមានសេចក្ដីអត់ធន់
១០-អវិរោធនៈ គឺការមិនបំពានលើធម៌លើច្បាប់ ។
អ្នកប្រវត្តិសាស្ត្រ ខ្មែរនិងបរទេស បានកត់ត្រា នូវ ទស្សនទាន របស់ព្រះបាទជ័យវរ្ម័នទី៧ ដោយភ្ជាប់ នឹង ទ្រឹស្ដី ទសពិធរាជធម៌ របស់ព្រះអង្គមក ធ្វើការបកស្រាយ និងទទួចឱ្យមានការយកប្រតិបត្តិ ដល់ រាស្រ្តនាសម័យនេះ។ អ្នកប្រវត្តិសាស្ត្រ និងអ្នកវិភាគ មើលឃើញថា ការដឹកនាំរបស់ព្រះបាទជ័យវរ្មនទី៧ ដែលមានអោយខ្មែរខ្លាំងនៅពេលនោះ គឺការអត់ឱន និងការ បង្រួបបង្រួមកម្លាំងជាតិ ក្រោមអំណាចនៃបារម៉ីតា និង ការខន្តីទាំង១០របស់ព្រះអង្គ។
ពួកគាត់ថា បើមេដឹកនាំធ្វើបាន គឺកម្ពុជាមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តហើយប្រទេសមានការឯកភាពជាតិ ។ចំណែកប្រទេសជិតខាងក៏មិនប្រមាទ ខ្មែរ។
ក្នុងបទសម្ភាសមួយជាមួយវិទ្យុស្រ្តី លោក ឯមសុវណ្ណារ៉ា អ្នកវិភាគនយោបាយកម្ពុជា បានបង្ហញទស្សនៈរបស់លោក អំពីាស្នាព្រះហស្ថរបស់ព្រះអង្គដែលមនុស្សខ្មែរគ្រប់ជំនាន់មិនអាចភ្លេចឡើយ។ ទស្សនៈដ៏ល្អបំផុតគឺ ទុក្ខរបស់រាស្ត្រគឺជាទុក្ខរបស់ព្រះអង្គដែរ។ តែលោកថា មេដឹកនាំខ្មែរ ជំនាន់នេះ មិនអាចធ្វើបានទេ។
និយាយពីទសពិធរាជធម៌ វិញ អ្នកវិភាគរូបនេះ បានទទួលស្គាល់ពីភាពដឹកនាំរបស់ព្រះអង្គ ដែលនាំអោយមានការឯកភាពជាតិ ។ លោកថាការអធ្យាស្រ័យរបស់មេដឹកនាំទៅថ្នាក់ក្រោម ទៅអ្នកនយោបាយ បក្សដទៃ និងពលរដ្ឋ គឺជាគុណបំណាច់មួយរបស់ព្រះអង្គ ដែលគួរអ្នកនយោបាយ ជំនាន់ក្រោយយកមកអនុវត្ត។
ព្រះបាទជ័យវរ្ម័នទី៧ ដើមឡើយឈ្មោះជ័យធន ប្រសូតប្រហែលនៅឆ្នាំ ១១២៥ ហើយព្រះអង្គឡើងគ្រងរាជ្យក្នុងគ.ស ១១៦២ ក្នុងចន្លោះសតវត្សទី១២ និងដើមសតវត្សទី១៣។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានផ្ទៃនគរធំទូលាយខាងកើតទល់និងប្រទេសចាម ខាងត្បូងទល់និងសមុទ្រ ខាងលិចទល់និងភូមា ខាងជើងទល់និងប្រទេសចិន ។ភាពធំធេងនៃនគរខ្មែរ នាសម័យនោះ ពុំមែនជាលទ្ធផលនៃវាតទីនិយមទេ ព្រះអង្គគ្រាន់តែកាន់កាប់ដោយពង្រឹងតំបន់នានា ដែលជាអតីតទឹកដីខ្មែរតែប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រេ ឌៀម សុផល បានហៅព្រះបាទជ័យវរ្ម័នទី៧ ជាស្ដេចចក្រព័ត្រា ។ លោកថាស្ដេចខ្មែរដ៏ល្បីល្បាយនេះ បានបន្សល់ទុកច្រើនណាស់នូវសម្បត្តិវប្បធម៌ ដល់មនុស្សខ្មែរគ្រប់ជំនាន់។
លោក ថា ព្រះអង្គជាស្ដេចមួយអង្គដែល អោយតម្លៃដល់ថ្នាក់ដឹកនាំ និងថ្នាក់ក្រោម។
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រអង្គរ។
ព្រះអង្គជាស្តេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ អ្នកប្រវត្តិសាស្រ្តអំពីប្រទេសកម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បានសិក្សាពីព្រះបាទជ័យវរ្ម័នទី៧ និងសន្និដ្ឋានថា ជាក្សត្របង្កើតសម័យដ៏រុងរឿងបំផុតនៃប្រទេសកម្ពុជា។ ការបង្រួបបង្រួមជាតិរបស់ព្រះបាទជ័យវរ្ម័នទី៧ បានចាប់ផ្តើមចុះផ្សាយនៅក្នុងព្រឹត្តិបត្រ សាលាបារាំងចុងបូព៌ា ដោយសារលោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) នូវអត្ថបទសិលាចារឹកសំស្រ្កឹតមួយ ដែលប្រទះឃើញដោយលោក ហ្ស៊ក ម៉ាស្ប៉ឺរ៉ូ (Georges Maspero) នៅត្រង់សាយហ្វុង (Say Fong) ជិតក្រុងវៀងចន្ទន៍ ដែលផ្តល់ព័ត៌មានពីការកសាងមន្ទីរពេទ្យនៅ គ.ស ១១៨៦៕