បុរសម្នាក់ដែលអះអាងថាបានសម្លាប់លោក បណ្ឌិត កែម ឡី កំពុងស្ថិតនៅក្រោមការសាកសួររបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
លោកបានប្រាប់អ្នកសារព័ត៌មានតាមរយៈតេឡេក្រាមនៅព្រឹកថ្ងៃទី១១ ខែកក្កដា នេះថាបុរសម្នាក់ដែលសារភាពថា ជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ជនដៃដល់មានឈ្មោះ ទិត សំអុល ហៅ ជួប សម្លាប់ បានសារភាពថា ហេតុផលនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយសារតែ ជននោះចោទប្រកាន់ថា លោក កែម ឡី ជំពាក់លុយ៣ពាន់ដុល្លារ ហើយមិនសង។
គួរំឮកថាលោក បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ ត្រូវបានគេបាញ់សម្លាប់ នៅក្នុង Star Mart មួយនៅក្នុងខណ្ឌចំការមន ក្បែរស្តុបបូកគោ នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ដែលត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវកុំឱ្យយកករណីមរណៈភាព លោកបណ្ឌិត កែម ឡី ជាបញ្ហារឿងនយោបាយ ដែលសម្ដេចថា មានឃាតកម្ម កើតឡើងទៅលើបុគ្គលលិចធ្លោជាច្រើន កន្លងមក នេះ។
សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ ក្នុងពិធីសម្ពោធ អាគារកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស នៅថ្ងៃនេះថាសម្ដេចមានការសោកស្ដាយ ចំពោះការបាត់បង់ លោក កែម ឡី ដែលសម្ដេចសង្ឃឹមថា ករណីនេះ មិនត្រូវយក ធ្វើជារឿងនយោបាយទេ។
ក្នុងពិធីនេះសម្ដេចបានរំលឹក ពីករណី ឃាតកម្មលើកងទ័ពដែលមានតួនាទី ខ្ពង់ខ្ពស់ ហើយមានទាំង អ្នកនយោបាយ និងឧកញ្ញា ក៏មានដែរ។ សម្ដេចថា រដ្ឋាភិបាល ខិតខំរក្សាសន្តិសុខ និងសន្តិភាព គឺដើម្បីអ្វីដែលសម្ដេចថា ការពារអាយុជីវិតមនុស្ស គ្រប់រូប៕