loader

អ្នកនាំពាក្យ៖ប្រមុខការទូតអាមេរិកផ្ដល់យុត្តិធម៌ឱ្យកម្ពុជាករណីសង្ស័យ​ពីវត្ត​មាន​កង​ទ័ព​​ចិន


លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយកមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសរសេរសារខ្លីមួយបង្ហោះថ្លែងអំណរគុណ និងអបអរសាទរ ចំពោះរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ដែលបានផ្ដល់យុត្តិធម៌ឱ្យកម្ពុជា ហើយ​ថា​នេះ​ជាសច្ចភាពពិត ករណីកម្ពុជាបដិសេធថា មិនអាចមានមូលដ្ឋានទ័ពចិននៅ​លើ​ទឹក​ដី​កម្ពុជា​ឡើយ។
រាយការណ៍ដោយ លក្ខិណា


នៅលើបណ្តាញសង្គម Facebook របស់លោកកាលពីព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩នេះគឺលោកបានសម្តែងនូវការអបអរសាទរ និងអំណរអរគុណជូនទៅដល់លោករដ្ឋមន្រ្តីការបរទេសអាមេរិកដែល បានផ្តល់យុត្តិធម៌សម្រាប់កម្ពុជា ព្រមទាំងទទួលស្គាល់នូវការបកស្រាយរបស់កម្ពុជា ដែលលោកមិនជឿតាមការផ្សាយបំប៉ោង និងបំភ្លៃរបស់អ្នកកាសែតអាមេរិក The Wall Street Journal ថាមានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម ខេត្តព្រះសីហនុ។ នៅក្នុងសារនោះលោកបានសរសេរថា៖«ខ្ញុំបាទសូមអបអរ និងថ្លែងអំណរគុណដល់ ឯកឧត្តម MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការផ្តល់ យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោតែងតែលះបង់ និងពលីគ្រប់បែបយ៉ាងក្នុងកិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ និងកិច្ចប្រឹងប្រែង រក្សាមិត្ត មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ជាដៃគូសហការគ្រប់វិស័យ ជាមួយនឹងប្រជាជាតិទាំងអស់នៅលើពិភពលោក ដោយមិនរើសអើង»។
ការបង្ហោះនូវសារថ្លែងអំណរគុណនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានសម្តែងនូវការស្វាគមន៍ចំពោះការបកស្រាយ និងបដិសេធអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា និងទទួលយកការអះអាង យ៉ាងច្បាស់របស់កម្ពុជាថា មិនមានវត្តមានមូលដ្ឋានកងទ័ពចិននៅកម្ពុជានោះទេ ព្រមទាំងបានធ្វើការកោតសរសើរ ប្រទេសកំពុងអភិវឌ្ឍន៍នេះ ចំពោះការប្តេជ្ងាការពារបូរណភាពដែនដីខ្លួន ហើយលោក ក៏បានស្នើរឲ្យប្រទេសដ៏ទៃយកតម្រាប់តាមប្រទេសកម្ពុជាផងដែរ។ ការលើកឡើងរបស់ លោក Mike Pompeo សរសើរចំពោះកម្ពុជានេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ ម្សិលមិញនេះ។
បើយោងតាមសារព័ត៌មានអន្តរជាតិមួយចំនួនដូចជាសារព័ត៌មាន Bangkok Post, ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នីទីក្រុងបាងកក កាលពីម្សិលមិញនេះ លោក Mike Pompeo បានថ្លែងដូច្នេះថា៖ «ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែលបានកើតឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិកអាស៊ាន។ ប្រទេសកម្ពុជាបានបដិសេធ របាយការណ៍ដែលថា កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិន បង្កើតឡើងនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកស្វាគមន៍ការ ការពារអធិបតេយ្យភាព (បូរណភាពដែនដី) ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំរបស់កម្ពុជា»។
សូមបញ្ជាក់ថា ការសម្តែងការស្វាគមន៍របស់ រដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងការចុះផ្សាយរបស់ សារព័ត៌មានសហរដ្ឋអាមេរិក The Wall Street Journal ដែលបានចុះផ្សាយបំភ្លៃការពិតថា កម្ពុជាបានចុះកិច្ចព្រមព្រៀងឱ្យចិនបោះមូលដ្ឋានទ័ព នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញព័ត៌មានសារព័ត៌មានក្នុងស្រុក បានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។
សម្តេច ហ៊ុន សែន មានប្រសាសន៍អះអាងយ៉ាងច្បាស់ៗថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»។
ដើម្បីឲ្យអស់មន្ទិលសង្ស័យអំពីមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង៧០នាក់ ដឹកនាំដោយ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ចុះពិនិត្យដោយផ្ទាល់ នៅលើមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។
តែយ៉ាងណា អ្នកសង្កេតការណ៍ នៅតែដាក់ការសង្ស័យថា រាជរដ្ឋាភិបាល មិនអាចលាក់​រឿង​នេះ បានយូរទេ បើ ជាការពិតនោះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស.អ.កថាឈឺចាប់រឿង EU យកពន្ធអង្ករហើយ ថែមទាំងរឿងពិចារណាដកEBAទៀត

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាទទួចឱ្យសហភាព[...]

ពលរដ្ឋបុរីកីឡាដាក់សំណើជាថ្មី ឈានទៅបញ្ចប់បញ្ហាតវ៉ារុំារ៉ៃជិត ២០ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ សីហានេះ ពលរដ្ឋបុរីក[...]

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩

PHNOM PENH – Cambodia will conduct a la[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត