loader

អ្នកធ្វើការលើកិច្ចការបោះឆ្នោតយល់ឃើញខុសគ្នា​ខណៈអ្នកចុះឈ្មោះបោះឆ្នោតថ្មីថ្ងៃដំបូងមានតិច

ភ្នំពេញ៖ អ្នកចុះឈ្មោះបោះឆ្នោតថ្មីនៅថ្ងៃដំបូងក្នុងឆ្នាំ២០២១នេះ មានជាងមួយម៉ឺននាក់តែប៉ុណ្ណោះ។ការណ៍នេះនាំឱ្យមន្រ្តីជំនាញនិងអ្នកធ្វើការងារលើកិច្ចការបោះឆ្នោតយល់ឃើញខុសគ្នាពីលទ្ធភាពរបស់ប្រជាពលរដ្ឋចេញទៅបោះឆ្នោតនាពេលខាងមុខ។ ខ្លះយល់ថា បញ្ហាកូវីដ-១៩ និងការជាប់គាំងផ្នែកនយោបាយជាកត្តានាំឱ្យប្រជាពលរដ្ឋមិនសូវចូលរួមក្នុងសកម្មភាពនយោបាយនិងការបោះឆ្នោត។ តែខ្លះយល់ថា ចំនួនអ្នកចុះឈ្មោះថ្មីមានតិចមិនមែនជាកត្តាវាស់វែងថា ប្រជាពលរដ្ឋមិនសូវសកម្មនិងចេញទៅបោះឆ្នោតនាពេលខាងមុខនោះទេ។

 លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចេញផ្សាយនៅថ្ងៃទី១៣ខែតុលា ស្តីពីលទ្ធផលបណ្តុះអាសន្នថ្ងៃដំបូងនៃការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២១បង្ហាញថា មានអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួនជាងមួយម៉ឺននាក់។​ ចំនួននេះ ជាចំនួនមួយតិចតួចនៅឡើយបើធៀបនឹងសិត្ថិប៉ាន់ប្រមាណ ដែល គ.ជ.ប ត្រូវការអ្នកចុះឈ្មោះថ្មីក្នុងមួយថ្ងៃ ៣២០០នាក់ក្នុងចំណោមពលរដ្ឋត្រូវចុះឈ្មោះថ្មី ១លាន ៦សែននាក់។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្គេតនៃអង្គការ Comfrel ប្រាប់វិទ្យុស្រ្តីតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១៤ ខែតុលានេះថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនៅថ្ងៃដំបូងក្នុងឆ្នាំនេះ មានចំនួនច្រើនជាងបណ្តាឆ្នាំមុនៗ។ ប៉ុន្តែលោកថា បើគិតពីសិត្ថិប៉ាន់ប្រមាណសម្រាប់ឆ្នាំ ២០២១នេះ ចំនួននេះសម្រេចបានតែ ៣០% តែប៉ុណ្ណោះ បើធៀបជាមួយទិន្នន័យផែនការគ្រោងទុកជាង ៣ ម៉ឺននាក់ក្នុងថ្ងៃនោះ។

លោក កន សាវាង្ស យល់ថា ប្រជាពលរដ្ឋហាក់ព្រួយពីស្ថានភាពនយោបាយ ហើយការចូលរួមក្នុងសកម្មភាពជាមួយគណបក្សនយោបាយ និងការបញ្ចេញមតិលើរឿងនយោបាយនៅមានកម្រិតនៅឡើយ។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្គេតនៃអង្គការ Comfrel ។

 

អ្នកជំនាញលើកិច្ចបោះឆ្នោតរូបនេះយល់ថា ដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខ មានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព អ្នកនយោបាយត្រូវបើកឱ្យមានការសន្ទនាផ្នែកនយោបាយនិងស្តារស្ថានភាពនយោបាយឡើងវិញ។ ជាងនេះ ត្រូវធានាសេរីភាពក្នុងការបញ្ចេញមតិ ការពិនិត្យមើលច្បាប់បោះឆ្នោតដែលបានវិសោធនកម្មក្រោយឆ្នាំ២០១៧ និងការធានាលើឆន្ទៈម្ចាស់ឆ្នោតផងដែរ។

ទាក់ទងក្នុងរឿងនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យដឹងថា ទោះបីនៅថ្ងៃដំបូងមានអ្នកទៅចុះឈ្មោះបោះឆ្នោតតិចមែន តែពលរដ្ឋអាចទុកលទ្ធភាពចុះឈ្មោះនៅថ្ងៃបន្តបន្ទាប់ព្រោះពេលវេលាសល់ជាង៥០ថ្ងៃទៀត។ លោក ហង្ស ពុទ្ធា ជឿជាក់ថា ប្រជាពលរដ្ឋនឹងចាប់អារម្មណ៍ខ្លាំងទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ និងចេញទៅបោះឆ្នោតច្រើននៅឆ្នាំក្រោយ ព្រោះថាមានគណបក្សនយោបាយតូចជាច្រើនបានបង្កើតថ្មី ហើយពលរដ្ឋក៏មានទំលាប់និងជំហរចូលរួមក្នុងកិច្ចការកសាងប្រទេសជាតិតាមរយៈការបោះឆ្នោតនេះជាយូរមកហើយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះ។

 

គួរបញ្ជាក់ថា​ គ.ជ.ប បានបើកដំណើរការការិយាល័យពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១ នៃការពិនិត្យ និងចុះឈ្មោះថ្មីនេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានជាងមួយម៉ឺននាក់។ ចំណែកអ្នកត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតមានជាង ៣ ពាន់ អ្នកត្រូវលុបឈ្មោះកែទិន្នន័យមានជាង ២ ពាន់នាក់ និងអ្នកផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២៦៣៣នាក់។

ដោយឡែកទាក់ទិននឹងការលុបឈ្មោះពលរដ្ឋចេញពីបញ្ជីបោះឆ្នោតវិញអ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា មានជាង ៨ ម៉ឺននាក់នៅឆ្នាំនេះ ដែលចំនួននេះមានការកើនឡើងធៀបនឹងបណ្តាឆ្នាំមុនៗ ខណៈប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវបានស្លាប់ដោយសារជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតថ្មីចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២១ ដែលមន្រ្តីបោះឆ្នោតធ្វើការចុះឈ្មោះពលរដ្ឋជារៀងរាល់ថ្ងៃ។ គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះដើម្បីស្នើសុំកែទិន្នន័យប្រសិនបើមានចំណុចខុសឆ្គង។ ដោយឡែកប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ ឆ្នាំនិងមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន គ.ជ.ប សូមអញ្ជើញទៅចុះឈ្មោះឱ្យបានគ្រប់គ្នា។ ហើយពលរដ្ឋអាចពិនិត្យមើលឈ្មោះខ្លួនឯងក្នុងបញ្ជីឈ្មោះបោះឆ្នោតតាមរយៈគេហទំព័ររបស់ គ.ជ.ប មានអាសយដ្ឋាន www.nec.gov.kh៕

1 1 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប[...]

ខេមបូចារកឃើញករណីមន្ត្រីថ្នាក់លើបើកផ្លូវឱ្យអាជ្ញាធរយាយីអ្នកកាសែតពេលបំពេញការងារ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)ព[...]

នាយករដ្ឋមន្រ្តីផ្តួចផ្តើមគំនិតត្រៀមរៀបចំបើកប្រទេសឡើងវិញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញគំនិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x