ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ព័ត៌មានអន្តរជាតិមួយចំនួនបានចុះផ្សាយយ៉ាងគំហុកពីបទល្មើសនៅកម្ពុជាដូចជាការបង្ខាំងនិងចាប់ជំរិតមនុស្សឱ្យធ្វើការងារខុសច្បាប់ដែលក្នុងនោះមានទាំងសាសន៍ផ្សេងផងនោះ បានធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់ព្រោងព្រាតទៅលើភាពអសកម្មរបស់អាជ្ញាធរនៅតាមបណ្តាញសង្គមនានា។ ក៏ប៉ុន្តែសេចក្តីរាយការណ៍នេះទាំងនេះ ត្រូវបានក្រសួងទេសចរណ៍ច្រានចោលថាជាព័ត៌មានក្លែងក្លាយក្នុងចេតនាប្រឌិតឱ្យមានការភាន់ច្រឡំមកលើកម្ពុជាប៉ុណ្ណោះ។ យ៉ាងណា អ្នកវិភាគ និងអ្នកជំនាញទេសចរណ៍ ស្នើឱ្យ រដ្ឋាភិបាល គួរធ្វើការជាមួយ កូរ៉េខាងត្បូងដើម្បីលាងមន្ទិលលើព័ត៌មានចាប់ចំរិតនៅកម្ពុជា។
(កញ្ញា កែវ សុជាតា រាយការណ៍)
អ្នកវិភាគ និងអ្នកជំនាញមួយចំនួន អំពាវនាវដល់រាជរដ្ឋាភិបាលឱ្យស៊ើបអង្កេតឱ្យបានច្បាស់លាស់ ជុំវិញការចុះផ្សាយរបស់សារព័ត៌មានកូរ៉េពីបទល្មើសនៅកម្ពុជាដូចជាការបង្ខាំងនិងចាប់ជំរិតមនុស្សឱ្យធ្វើការងារខុសច្បាប់ដែលក្នុងនោះមានទាំងសាសន៍ផ្សេង។
ដើម្បីលាងមន្ទិលសង្ស័យនានារបស់បណ្តាសាធារណជនក្រៅស្រុកមកកាន់កម្ពុជា លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសង្គមមួយរូប យល់ថា រាជរដ្ឋាភិបាលកម្ពុជាគប្បីបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់ជុំវិញករណីនេះថាតើការផ្សព្វផ្សាយនេះមានគោលបំណងអ្វី ហើយថាហេតុការណ៍នេះមានមែននៅក្នុងកម្ពុជាដែរឬទេ ហើយតើរាជរដ្ឋាភិបាលគួរមានចំណាត់ការយ៉ាងណាចំពោះបណ្តាញសារព័ត៌មាននិងបុគ្គលដែលផ្សព្វផ្សាយព័ត៌មានទាំងនេះ?
លោក យង់ ពៅ
ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្រសួងទេសចរណ៍នៅថ្ងៃទី២៥ ខែតុលា ចេញសេចក្ដីប្រកាសបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េខាងត្បូង អំពីករណីពលរដ្ឋកូរ៉េត្រូវបានចាប់ជំរិតបង្ខាំងឱ្យធ្វើការខុសច្បាប់នៅកម្ពុជា។ ក្រសួងទេសចរណ៍ចាត់ទុកថា នេះគ្រាន់តែជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។ យោងតាមសេចក្តីប្រកាសនេះដដែល អគ្គស្នងការនគរបាលជាតិធ្លាប់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េ ក្នុងករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើឱ្យមានការភាន់ច្រឡំពីសាធារណជនជាតិ និងអន្តរជាតិ។
នៅថ្ងៃ២៥ តុលា ដដែលនេះ ក្រសួងមហាផ្ទៃក៏បានបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសមួយចំនួនដែលថា កម្ពុជាបណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center (ភ្នាក់ងារទទួលទូរសព្ទ) ខុសច្បាប់ជាដើម។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានមកពីក្រៅប្រទេសមួយចំនួន ហាក់ផ្ទុយស្រឡះពីវិជ្ជាជីវៈសារព័ត៌មានដោយយករូបភាពគ្មានប្រភពច្បាស់លាស់ ឬរូបភាពចាស់ៗដែលកម្លាំងសមត្ថកិច្ចធ្លាប់ចុះអន្តរាគមន៍ យកមកផ្សព្វផ្សាយនិងអត្ថាធិប្បាយខុសពីការពិត។
លោក ទូច សុឃៈ
ទោះយ៉ាងណាលោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ថា វិស័យទេសចរណ៍អាចនឹងរងផលប៉ះពាល់មួយផ្នែកបន្ទាប់ពីមានការផ្សព្វផ្សាយមិនល្អអំពីប្រទេសកម្ពុជា បើទោះជារាជរដ្ឋាភិបាលចេញមុខច្រានចោលព័ត៌មានក្រៅប្រទេសទាំងនោះក្តី។ សម្រាប់អ្នកទេសចរណ៍ថ្មីថ្មោងដែលមិនធ្លាប់ស្គាល់កម្ពុជាអាចនឹងមានចិត្តរារែកស្ទាក់ស្ទើរមកកម្សាន្ត ដ្បិតខ្វល់ខ្វាយពីបញ្ហាសុខសុវត្ថិភាពរបស់ប្រទេស។ លោកបញ្ជាក់ទៀតថា ការផ្សព្វផ្សាយនេះក៏ជះផលអវិជ្ជមានទៅកាន់អ្នកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនោះ លោកផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលគួរគិតគូរធ្វើការជាមួយអន្តរក្រសួង ពិសេសក្រសួងការបរទេសដើម្បីឱ្យភាគីទាំងសងចេញសេចក្តីរាយការណ៍បកស្រាយក្នុងគោលបំណងបញ្ឈប់ការភ័ន្តច្រឡំ។ ជាងនេះ លោកបន្ថែមថា ការស្វែងរកការពិតក៏ជាកត្តាសំខាន់ផងដែរ ប្រសិនជាក្នុងករណីកម្លាំងសមត្ថកិច្ចអាចដោះស្រាយបានទាន់ពេលវេលា។
លោក ហូ វណ្ណឌី
ស្រដៀងគ្នានេះដែរ លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា យល់ថា រដ្ឋាភិបាលកម្ពុជាគួរមានវិធានការនិងចំណាត់ការសមស្របណាមួយជាជាងការច្រានចោលព័ត៌មានអន្តរជាតិ។ ថ្វីបើព័ត៌មាននោះពិតក្តី ឬប្រឌិតក្តី លោកបញ្ជាក់ថា ត្រូវតែមានការស៊ើបអង្កេតដើម្បីបង្ហាញភាពស្អាតស្អំរបស់កម្ពុជាក្នុងឆាកអន្តរជាតិ ជៀសវាងផលប៉ះពាល់ទៅលើវិស័យទេសចរណ៍និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ការណ៍នេះក៏អាចប៉ះពាល់ទៅដល់ចំណូលប្រជាពលរដ្ឋដែលលក់ដូរនៅតាមរមណីយដ្ឋានទេសចរណ៍នានា ដោយសារតែភាពភ័យខ្លាចនៃភ្លៀវទេសចរណ៍មកកម្សាន្តនៅកម្ពុជា។ ជាងនេះ លោកលើកទឹកចិត្តឱ្យស្ថាប័នរដ្ឋដែលពាក់ព័ន្ធទាំងអស់ ពង្រឹងវិធានការចំពោះច្រកចេញចូល និងដាក់ទោសទណ្ឌឱ្យបានតឹងរឹងចំពោះជនខិលខូចដែលរកស៊ីខុសច្បាប់នៅកម្ពុជា ខណៈលោកបញ្ជាក់ដែរថា ករណីរកស៊ីខុសច្បាប់ពិសេសតាមប្រព័ន្ធអនឡាញកើតមានឡើងច្រើនករណីហើយនាពេលបច្ចុប្បន្ននេះ ដូច្នេះកម្ពុជាគួរមានចំណាត់ការឱ្យបានប្រសើរ។
លោក ទូច កុសល
ស្រដៀងគ្នានេះដែរ លោក យង់ ពៅ បានឱ្យដឹងផងដែរថា ការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានក្រៅស្រុកនេះមិនត្រឹមតែអាចធ្វើឱ្យវិស័យទេសចរណ៍មានផលអវិជ្ជមានប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ទៅដល់មុខមាត់និងកិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិផង ប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ផង និងវិស័យនានារបស់កម្ពុជាផងដែរ ដែលទាមទារឱ្យរដ្ឋាភិបាលធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញភាពស្អាតស្អំ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចុះបង្ក្រាបទីតាំងកាស៊ីណូគ្មានច្បាប់មួយកន្លែងស្ថិតនៅអគារដ៏ធំមួយលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣២ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលយ៉ាងហោចណាស់មនុស្សជាង១០០០នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះភាគច្រើនជាជនជាតិចិននិងកូរ៉េ។ ក្រុមការងារវិទ្យុស្រ្តីបានព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនរគបាលជាតិ ក៏ប៉ុន្តែលោកជាប់រវល់មិនអាចលើកទូរសព្ទរបស់ក្រុមការងារបាននោះទេ។ យ៉ាងណា ហេតុការណ៍នេះកំពុងស្ថិតក្នុងការស្រាវជ្រាវរបស់កម្លាំងជំនាញ។
ជាក់ស្តែង នៅឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួនជាង ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥%។ សម្រាប់ប្រាំបួនខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ៤,៨ លា ២២.២% ក្នុងនោះមានទេសចរកូរ៉េចំនួន ១៤៤,២៩៣ នាក់ កើនឡើង ១៤,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ តាមការព្យាករណ៍កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់ នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ស្នើឱ្យបណ្តាញសារព័ត៌មានពាក់ព័ន្ធ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ៕