ក្រោមកិចុ្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសកម្ពុជា ដោយមានភាពស្និតស្នាល និងស្អិតរមួតនោះ សកលវិទ្យាធិការនៃសាកលវិទ្យាល័យ ក្វាងស៊ី លោកស្រី Shang Nahong បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់អាហារូបករណ៍ដល់និស្សិខ្មែរឲ្យបានច្រើន ដើម្បីបន្តការសិក្សានៅសកលវិទ្យាល័យក្វាងស៊ីដែលជាសកលវិទ្យល័យល្បីជាងគេនៅខេត្តក្វាងស៊ី ប្រទេសចិន។

លោកស្រីសកលវិទ្យាធិការបានបន្តថា ទាក់ទងនឹងវិស័យអប់រំ បច្ចុប្បន្នសាកលវិទ្យាល័យ ក្វាងស៊ី (Guangxi) មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាតិចតួចនៅឡើយ។ លោកស្រី Shang Nahong បានអំពាវនាវឲ្យនិស្សិតខ្មែរ បន្តការសិក្សានៅសាលាក្វាងស៊ី ប្រទេសចិនឲ្យបានច្រើន តាមរយៈការផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។
បច្ចុប្បន្នមាននិស្សិតខ្មែរតែ១៦នាក់ប៉ុណ្ណោះ ទទួលបានអាហារូបករណ៍នេះ ខណៈដែលរដ្ឋាភិបាលចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យទៅសិក្សានៅសកលវិទ្យាល័យវ័យដ៏ចំណាស់ជាងគេនៅក្នុងខេត្តក្វាងស៊ីនេះ រហូតដល់ទៅ៨០កន្លែងក្នុងមួយឆ្នាំ។ បច្ចុប្បន្ននេះ មាននិស្សិតបរទេសជិត២ពាន់នាក់ដលកំពុងសិក្សានៅសាកលវិទ្យាល័យក្វាងស៊ី Guangxi ហើយ ៩០% ជានិស្សិតមកពីបណ្តាប្រទេសសមាជិកអាស៊ាន។

តំណាងក្រុមនិស្សិតខ្មែរនៅដែលកំពុងបន្តការសិក្សានៅសកលវិទ្យាល័យ Guangxi កញ្ញា សារ៉េត សិរីអង្គារិទ្ធ បានលើកឡើងថា និស្សិតអាហារូបករណ៍ខ្មែររៀននៅសកលវិទ្យាល័យនេះ ភាគច្រើនពួកគេរៀនផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សំណង់ ផ្នែកធនាគារ
និងហិរញ្ញវត្ថុ ជាដើម។ និស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិរីអង្គារិទ្ធ បានពន្យល់ពីមូលហេតុដែលមិនសូវមាននិស្សិតខ្មែរនៅសកលវិទ្យាល័យក្វាងស៊ី Guangxi នេះថា មានមូលហេតុ៣គឺ៖ ទី១ មកពីសកលវិទ្យាល័យ Guangxi មិនសូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសកលវិទ្យាល័យនៅកម្ពុជា។ ទី២ មកពីនិស្សិតខ្មែរមិនបានដឹងព័ត៌មានពីការផ្តល់អាហារូបករណ៍ទៅសិក្សានៅសកលវិទ្យាល័យ Guangxi និងទីបី គឺសកលវិទ្យាល័យ Guangxi តម្រូវឲ្យសិក្សាជាភាសាចិន៕