ភ្នំពេញ៖អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូរកឃើញថាប្រព័ន្ធយុត្តិធម៌មានភាពទន់ខ្សោយក្នុងការពារជនគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ។ ទាក់ទិនរឿងនេះ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ច្រានចោលករណីនេះ។
ស្តាប់សំឡេងព័ត៌មាន ៖
យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការលីកាដូ(Licadho)ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះរកឃើញថាប្រព័ន្ធយុត្តិធម៌មានភាពទន់ខ្សោយក្នុងការការពារជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារដោយ សារប្រព័ន្ធយុត្តិធម៌ខ្វះធនធានមនុស្សនិងការប្រព្រឹត្តិអំពើពុករលួយ។
របាយការណ៍ក្រោមចំណង់ជើង«បើគ្មានការផ្តន្ទាទោសគឺគ្មានការការពារក្នុងការឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា»បង្ហាញថាសំណុំរឿងអំពើហិង្សាក្នុងគ្រួសារបានបិទបញ្ចប់២៣៧ករណីចាប់តាំងពីឆ្នាំ២០១៤ដល់ចុងឆ្នាំ២០១៦។
ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារជាស្ត្រីជាង៤០ភាគរយដែលតុលាការសម្រេចបិទសំណុំរឿងបានត្រឡប់ទៅរួមរស់ជាមួយប្តីឬដៃគូវិញនិង២០ភាគរយតុលាការសម្រេចបិទសំណុំរឿងដោយការលែងលះគ្នាឬរស់នៅបែកផ្ទះប៉ុន្តែពុំមានបណ្តឹងព្រហ្មទណ្ឌប្រឆាំងជនល្មើសទេ។មូលហេតុជនរងគ្រោះសម្រេចបញ្ចប់សំណុំរឿងអាចបណ្តាលមកពីកត្តាសម្ពាធគ្រួសារ ជំនឿសាសនា ភាពក្រីក្រ ការខ្វះខាតធនធានមនុស្សនិងអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ជាដើម។
របាយការណ៍នេះបន្ថែមថាតួលេខជាង២/៣ករណីជនរងគ្រោះដោយអំពើហិង្សាត្រូវបានអាជ្ញាធរលើកទឹកចិត្តឲ្យរួមរស់ជាមួយគ្នាវិញដោយប្តីជាជនល្មើសគ្រាន់តែទទួលការស្តីបន្តោសអំពីការប្រើហិង្សាក្នុងគ្រួសារ។ចំណែងប្រពន្ធជាជនរងគ្រោះត្រូវបានស្តីបន្តោសបន្ថែមអំពីការរអ៊ូរទាំច្រើននិងមិនយកចិត្តទុកដាក់ចំពោះដៃគូរបស់ខ្លួន។
លោកស្រីណាលី ពីឡូក នាយិការងផ្នែកតស៊ូមតិនៃអង្គការលីកាដូបានឲ្យដឹងនៅក្នុងរបាយការណ៍នេះថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវមានវិធានការម៉ឺងម៉ាត់និងអនុវត្តប្រកបដោយប្រសិទ្ធភាពចំពោះអំពើហិង្សាក្នុងគ្រួសារ។លោកស្រីបន្តថាករណីអំពើហិង្សាក្នុងគ្រួសារតិចតួចបំផុតត្រូវបានជំនុំជម្រះដែលជាសញ្ញាអវិជ្ជមានចំពោះជនល្មើសមិនខ្លាចវិធានការផ្លូវច្បាប់។
ក្នុងរបាយការណ៍នេះបានរកឃើញថាជនល្មើសប្រហែល១/៣ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារតិចជាង២ឆ្នាំនិងច្រើនជាង១/៤នៃទោសនោះត្រូវព្យួរ។ទោះបីយ៉ាងណាករណីតិចតួចត្រូវបានតុលាការផ្តន្ទាទោសជនល្មើសដាក់ពន្ធនាគារលើសពីទោសអប្បបរមា។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានច្រានចោលចំពោះការលើកឡើងថាប្រព័ន្ធយុត្តិធម៌មានភាពទន់ខ្សោយចំពោះការដោះស្រាយសំណុំរឿងអំពើហិង្សាក្នុងគ្រួសារ។លោកអះអាងថាក្រសួងយុត្តិធម៌ប្រឆាំងនឹងការប្រើប្រាស់អំពើហិង្សាគ្រប់ទំរងនិងលើកទឹកចិត្តឲ្យជនរងគ្រោះប្ដឹងមកស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសជនល្មើសតាមច្បាប់។
«យើងលើកទឹកចិត្តមិនឲ្យមានការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការព្រោះវាជាបទល្មើសព្រហ្មទណ្ឌដោយមានការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត។ហើយការសម្របសម្រួលក្រៅប្រព័ន្ធតុលាការរំលោភទៅលើការទទួលខុសត្រូវបទល្មើសព្រហ្មទណ្ឌជាអំពើខុសច្បាប់ បើសមត្ថិកិច្ចណាគាត់ធ្វើបែបនេះគាត់ត្រូវទទូលខុសត្រូវចំពោះមុខច្បាប់។»
លោក ជិន ម៉ាលីន បន្ថែមថាក្រសួងយុត្តិធម៌ខិតខំយ៉ាងខ្លាំងក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារដោយមានការផ្សាព្វផ្សាយនៅតាមបណ្តាញផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងវេទិកាសាធារណៈដល់ប្រជាពលរដ្ឋ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់និងប្រឆាំងការប្រើអំពើហិង្សាក្នុងគ្រួសារ។
យោងតាមក្រមព្រហ្មទណ្ឌអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធឬអនីតិសង្វាសជនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។
តែយ៉ាងនេះក្ដីរបាយការណ៍របស់អង្គការលីកាដូសន្និដ្ឋានថាបច្ចុប្បន្នការឆ្លើយតបចំពោះហិង្សាក្នុងគ្រួសារនៅកម្ពុជាពុំទាន់មានប្រសិទ្ធិភាពទេដោយជនរងគ្រោះជាស្ត្រីមានជម្រើសតិចតួចក្រៅតែពីសម្រេចចិត្តរួមរស់ជាមួយប្តីក្នុងស្ថានភាពហិង្សា។
អង្គការលីកាដូអំពាវនាវដល់អាជ្ញាធរត្រូវចាត់ទុកថាអំពើហិង្សាក្នុងគ្រួសារជាបទល្មើសព្រហ្មទណ្ឌ ហើយត្រូវជួយផ្ដល់សេវាកម្មជួយស្ត្រីរងគ្រោះឱ្យបានឆាប់៕