loader

អំណាចតុលាការនៅកម្ពុជា

តុលាការមានន័យខ្លីសាមញ្ញថាការថ្លឹងស្ទង់មិនឱ្យមានល្អៀងនូវកិច្ចការនានា។ វាមានប្រវត្តិជាប់ទាក់ទងនឹងរដ្ឋាភិបាលនិងរដ្ឋសភា។ នៅកម្ពុជា ក្រសួងយុត្តិធម៌មានតួនាទីសំខាន់ខ្លាំងណាស់នៅក្នុងប្រព័ន្ធតុលាការ។

« អំណាចតុលាការ » ជានាមបន្សំ ដែលកើតពីនាមសព្ទ « អំណាច » និងនាមសព្ទ « តុលាការ » ។ ក្លាយពីកិរិយាសព្ទ « អាច »[1] ពាក្យ « អំណាច » ដែលឃើញមានប្រើក្នុងសម័យអង្គរ[2] មានន័យថា « ដំណើរអាចធ្វើអ្វីៗបានតាមចិត្ត ឬតាមលំអានច្បាប់ »[3] ឬ « សិទ្ធិបំពេញមុខតំណែង »[4] ។ តាមពិត « អំណាច » ជាបញ្ញត្តិមួយដែលមានអត្ថន័យសំបូរបែប និងដែលបង្កការយល់ច្រឡំយ៉ាងខ្លាំង ទាំងក្នុងជីវភាពប្រចាំថ្ងៃ ទាំងក្នុងចំណោមអ្នកវិទ្យាសាស្ត្រសង្គម ។[5] ចំពោះពាក្យ « តុលាការ » វិញ វាជាល្បាយពាក្យសំស្ក្រឹត និងពាក្យបាលី ដែលកើតពី « តុលា » (ជញ្ជីង) និង « ការ » (កិច្ចឬអំពើដែលត្រូវធ្វើ) ហើយមានន័យថា « ការថ្លឹង ការស្ទង់មិនឲ្យមានល្អៀង អ្នកស្ទង់តម្រង់សេចក្ដី ក្រសួងជម្រះក្ដី ចៅក្រមអ្នកវិនិច្ឆ័យក្ដី »[6], « ស័ក្ដិយសឬមុខងារនៃចៅក្រម ក្រសួងជំរះក្ដី (Magistrature) »[7], « អ្នកកាត់ក្ដីឬស្ថាប័នកាត់ក្ដីដែលលើកតម្កើងមុខងារសំខាន់ខាងការថ្លឹងថ្លែងមិនឱ្យល្អៀង »[8] ។ ដូច្នេះជារួម « អំណាចតុលាការ » មានន័យទូទៅថា សិទ្ធិបំពេញមុខតំណែងឬមុខងារជាអ្នកវិនិច្ឆ័យក្ដី ក្នុងក្របខណ្ឌនៃស្ថាប័នដែលទទួលបន្ទុកខាងជម្រះក្ដី ដោយតម្កល់ការថ្លឹងថ្លែងមិនឱ្យល្អៀងក្នុងការសម្រេចក្ដីឱ្យមានយុត្តិធម៌ ជាអាទិភាពខ្ពស់បំផុត។

ក្នុងនីតិរដ្ឋធម្មនុញ្ញនិងវិទ្យាសាស្ត្រនយោបាយ « អំណាចតុលាការ » ត្រូវបានពន្យល់ថាជា « អំណាចជំរះកាត់សេចក្ដី »[9], « អំណាចមួយក្នុងចំណោមអំណាចទាំងបីរបស់រដ្ឋដែលទទួលបន្ទុកជម្រះក្ដី »[10], « មុខងារគតិយុត្ត ដែលត្រូវបានទទួលស្គាល់ជាផ្លូវការថាជារបស់សាលាក្ដីទាំងឡាយ ដើម្បីវិនិច្ឆ័យវិវាទកម្មគតិយុត្ត និងដើម្បីបង្ក្រាបការប្រព្រឹត្តល្មើសច្បាប់ »[11] ។ វាជាធាតុមួយក្នុងគោលការណ៍នៃការញែកអំណាច ដែលសម្ដែងចេញដោយទស្សនវិទូជនជាតិបារាំងឈ្មោះ ម៉ុងតេស្គីយើ តាមរយៈសៀវភៅ De l’Esprit des Lois [អំពីស្មារតីច្បាប់] បោះពុម្ពនៅឆ្នាំ ១៧៤៨ នៅទីក្រុងហ្ស៊ឺណែវ ។[12] គោលការណ៍នេះស្ថិតលើការញែកអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ តាមរបៀបរហូតទាល់តែអំណាចនីមួយៗឯករាជ្យពីគ្នា ។[13] ការញែកអំណាចបែបនេះចែងអំពីឯករាជ្យភាពនៃអំណាចតុលាការ បើធៀបទៅនឹងអំណាចពីរខាងដើម ដែលធ្វើឱ្យសាលាក្ដីនានាមិនត្រូវស្ថិតនៅក្រោមអ្វីផ្សេងក្រៅពីច្បាប់ឡើយ ។[14]

អំណាចតុលាការត្រូវបានគេចាត់ទុកថាជាអំណាចដែលឈរស្មើនឹងអំណាចនីតិប្បញ្ញត្តិនិងអំណាចនីតិប្រត្តិបត្តិដែរ ហើយនៅក្នុងសហរដ្ឋអាម៉េរិក គេច្រើនចាត់ទុកថា វាជាវិស័យទី៣នៃការគ្រប់គ្រងរដ្ឋ នៅពេលដែលវាមានប្រវត្តិជាអំណាចរណបអង្គការនីតិប្បញ្ញត្តិនៅក្នុងបណ្ដាប្រទេសសភានិយម។[15]

បច្ចុប្បន្ន ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ១២៨ ថ្មី ចែងថា « អំណាចតុលាការជាអំណាចឯករាជ្យ » (កថាខណ្ឌទី ១), « អំណាចតុលាការធានារក្សាអនាគតិនិងការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ » (កថាខណ្ឌទី ២), « អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង » (កថាខណ្ឌទី ៣), « អំណាចនេះត្រូវប្រគល់ឱ្យតុលាការកំពូលនិងសាលាជម្រះក្ដី គ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់ » (កថាខណ្ឌទី ៤) ហើយ មាត្រា ១៣០ ថ្មី បញ្ជាក់ច្បាស់ៗថា « គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិ អាចទទួលអំណាចតុលាការអ្វីបានឡើយ » ។ មាត្រា ១៣២ ថ្មី នៃច្បាប់កំពូល ឆ្នាំ ១៩៩៣ នេះ កំណត់នៅវាក្យខណ្ឌទី ១ ថា « ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ » ។ ជាក់ស្ដែង ព្រះមហាក្សត្រទ្រង់ពុំមាន«អំណាចរឹង» ដើម្បីបំពេញព្រះរាជកិច្ចនេះទេ ដោយហេតុថា « ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ » ( មាត្រា ៧ ) ។ ព្រះអង្គធានាឯករាជ្យភាពនៃអំណាចតុលាការ តាមរយៈឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលស្ថិតក្រោមព្រះរាជាធិបតីភាពរបស់ទ្រង់ និងដែលមានមុខងារជួយព្រះអង្គក្នុងកិច្ចការនេះ។[16]

ការប្រើប្រាស់អំណាចតុលាការស្ថិតនៅក្នុងដែនសមត្ថកិច្ចពេញទីរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាអង្គការកំពូលក្នុងវិស័យយុត្តិធម៌ និងជាអ្នក«សម្រេចដាក់វិន័យលើចៅក្រមដែលបានប្រព្រឹត្តខុស» (មាត្រា ១៣៣ ថ្មី) ព្រមទាំងជាអ្នក«លើកសេចក្ដីស្នើថ្វាយព្រះមហាក្សត្រ អំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជម្រះក្ដីទាំងអស់» (មាត្រា ១៣៤ ថ្មី)។ រីឯសាលាជម្រះក្ដី ដែលចែកចេញជាសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល[17] ក៏អនុវត្តអំណាចនេះនៅក្នុងការបំពេញមុខងាររបស់ចៅក្រមអាសនៈ (ចៅក្រមជំនុំជម្រះក្ដី និងចៅក្រមស៊ើបសួរ) និងព្រះរាជអាជ្ញា (ព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងអគ្គព្រះរាជអាជ្ញា) ដែរ[18]

ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ ដែលជាសមាជិកក្នុងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម[19] និងដែលចំណុះឱ្យរាជរដ្ឋាភិបាល ឬអង្គការនីតិប្រតិបត្តិ[20] ក៏ជាប្រតិបត្តិករដ៏សកម្មនៃអំណាចតុលាការដែរ។ ក្រសួងដែលមាន«សមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងលើវិស័យយុត្តិធម៌»[21] ជាអ្នករៀបចំ ត្រួតពិនិត្យ ព្រមទាំងធានាដំណើរការរដ្ឋបាល និងការប្រព្រឹត្តទៅរបស់អង្គការតុលាការ ដែលរួមមានសាលាជម្រះក្ដីទាំងឡាយ និងអយ្យការអមសាលាជម្រះក្ដីនីមួយៗ[22]។ រចនាសម្ព័ន្ធដែលបញ្ចូលអយ្យការទៅក្នុងអង្គការតុលាការបែបនេះគឺស្រដៀងនឹងការរៀបចំប្រព័ន្ធតុលាការនៅក្នុងប្រទេសបារាំង និងប្រទេសអ៊ីតាលីដែរ។[23]

ក្រៅពីនេះ មានស្ថាប័នពីរទៀតដែលហាក់ដូចជាប្រើអំណាចតុលាការបានដែរ ទោះបីជាមានបទប្បញ្ញត្តិកំណត់ក្នុងមាត្រា ១៣០ ថ្មី នៃរដ្ឋធម្មនុញ្ញក៏ដោយ។ ជាក់ស្ដែង ក្រុមប្រឹក្សាធម្មនុញ្ញ ដែលស្ថិតក្នុងក្រុមនីតិប្បញ្ញត្តិដូចរដ្ឋសភានិងព្រឹទ្ធសភាដែរ ប្រើ « អំណាចតុលាការ » ដើម្បីអនុវត្តសមត្ថកិច្ចរបស់ខ្លួន ក្នុងការពិនិត្យនិងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា[24] តាមរយៈនីតិវិធីស្រដៀងនឹងនីតិវិធីតុលាការ ក្នុងនោះមានជាអាទិ៍ការស្រាវជ្រាវស៊ើបអង្កេត[25] សវនាការសាធារណៈ[26] និងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ[27]។ លើសពីនេះទៀត ក្រុមប្រឹក្សានេះពិនិត្យនិងសម្រេចលើបណ្ដឹងអំពីអធម្មនុញ្ញភាពនៃបទប្បញ្ញត្តិណាមួយនៃច្បាប់ ឬសេចក្ដីសម្រេចរបស់ស្ថាប័ន​នានា[28]។ រីឯក្រសួងការពារជាតិ ដែលចំណុះឱ្យរាជរដ្ឋាភិបាលឬអង្គការនីតិប្រតិបត្តិដូចក្រសួងយុត្តិធម៌ដែរ ប្រើអំណាចតុលាការ ដើម្បីជំនុំជម្រះក្ដីទាក់ទងនឹងអំពើល្មើសនឹងវិន័យយោធា ដែលប្រព្រឹត្តដោយយោធិន ឬទាក់ទងនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយោធា តាមរយៈតុលាការយោធា ដែលជាសាលាដំបូងស្ថិតក្រោមឱវាទរបស់ខ្លួន[29]

 

កំណត់សម្គាល់

[1] ឈុន, “វិធីបង្កើតពាក្យ.”

[2] Jenner, “ʼaṃnāc.”

[3] ជួន et al., “អំណាច.”

[4] តិប and ថាវ, “pouvoir”; TLFi, “POUVOIR.”

[5] Pasquino, “Power.”

[6] ជួន et al., “តុលាការ.”

[7] រ, “តុលាការ.”

[8] ហ៊ែល, តម្រាយុត្តិសាស្ត្រ.

[9] អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, “រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ឆ្នាំ ១៩៤៧.”

[10] ក្រុមប្រឹក្សាជាតិភាសាខ្មែរ, “អំណាចតុលាការ.”

[11] TLFi, “POUVOIR.”

[12] “De l’Esprit Des Lois de Montesquieu : Le Résumé.”

[13] សម្រង់ពី Jur. 1971 នៅក្នុង TLFi, “POUVOIR”.

[14] សម្រង់ពី Branc. Écon. 1978 នៅក្នុង TLFi, “POUVOIR”.

[15] Guarnieri, “Judiciary.”

[16] នរោត្ដម, ព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា; នរោត្ដម, ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម.

[17] នរោត្ដម, ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ.

[18] នរោត្ដម; នរោត្ដម, ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម.

[19] នរោត្ដម, ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម.

[20] នរោត្ដម, ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងយុត្តិធម៌; នរោត្ដម, ព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា.

[21] ហ៊ុន, អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងយុត្តិធម៌.

[22] នរោត្ដម, ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ.

[23] Guarnieri, “Judiciary.”

[24] មាត្រា ១៣៦ ថ្មី នៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣, មាត្រា ១ ថ្មី មាត្រា ២៥ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ឆ្នាំ ២០០៧

[25] មាត្រា ៣០ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ឆ្នាំ ២០០៧, មាត្រា ៣១ ថ្មី និងមាត្រា ៣២ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មមាត្រា ២៦ មាត្រា ២៧ ថ្មី មាត្រា ២៨ មាត្រា ៣១ និងមាត្រា ៣២ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ឆ្នាំ ២០១៨

[26] មាត្រា ២៦.១.២.៣.៤.៥ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មមាត្រា ២៦ មាត្រា ២៧ ថ្មី មាត្រា ២៨ មាត្រា ៣១ និងមាត្រា ៣២ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ឆ្នាំ ២០១៨

[27] សេចក្ដីសម្រេចទាំងឡាយនៃក្រុមប្រឹក្សាជំនុំជម្រះរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានជាអាទិ៍ សេចក្ដីសម្រេច​លេខ ០៥៥/០០៦/២០០៣ កប​ធ ច ចុះ​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០០៣, សេចក្ដីសម្រេច​លេខ ១៤៣/០១៨/២០១៣ កប​ធ.ច ចុះ​ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៣, សេចក្តីសម្រេចលេខ ១៩៦/០០៤/២០១៨ កបធ.ច ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨

[28] មាត្រា ១៩ និងមាត្រា ២០ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ឆ្នាំ ១៩៩៨។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើបញ្ហាបន្ទាន់បង្ខំនៃធម្មនុញ្ញភាព (QPC) អាចជះឥទ្ធិពលលើដំណើរការជំនុំជម្រះនិងសេចក្ដីសម្រេចរបស់តុលាការដែលពាក់ព័ន្ធ។

[29] ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, “មតិយោបល់លើបទបញ្ញត្តិមួយចំនួននៃសេចក្ដីព្រាងច្បាប់ស្ដីពីការចាត់តាំងអង្គការតុលាការ និងអយ្យការ ទាក់ទងនឹងស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ”; Treiber, Behm, and Hout, ការពិចារណាពិស្ដារផ្នែកគតិយុត្តិ៖ ប្រព័ន្ធតុលាការ.

ឯកសារយោង

“De l’Esprit Des Lois de Montesquieu : Le Résumé.” Accessed May 7, 2021. https://www.les-philosophes.fr/montesquieu/esprit-des-lois/philosophie.html.

Guarnieri, Carlo. “Judiciary.” In International Encyclopedia of Political Science, edited by Bertrand Badie, Dirk Berg-Schlosser, and Leonardo Morlino, 5:1382–88. Thousand Oaks: SAGE, 2011.

Jenner, Philip N. “ʼaṃnāc.” In A Dictionary of Angkorian Khmer, 742. Canberra: Pacific Linguistics, Research School of Pacific and Asian Studies, Australian National University, 2009. https://archive.org/details/philip-jenner-a-dictionary-of-angkorian-khmer.

Pasquino, Gianfranco. “Power.” In International Encyclopedia of Political Science, edited by Bertrand Badie, Dirk Berg-Schlosser, and Leonardo Morlino, 7:2099–2109. Thousand Oaks: SAGE, 2011.

TLFi. “POUVOIR.” Dictionary. Trésor de la Langue Française informatisé, 1994. http://stella.atilf.fr/Dendien/scripts/tlfiv5/visusel.exe?12;s=2824308090;r=1;nat=;sol=1;

Treiber, Wilhelm, Andrea Behm, and Sotheary Hout. ការពិចារណាពិស្ដារផ្នែកគតិយុត្តិ៖ ប្រព័ន្ធតុលាការ. សៀវភៅសិក្សា, ផ្នែកទី ៣. ភ្នំពេញ: វិទ្យាស្ថានខ្មែរដើម្បីលិទ្ធិប្រជាធិបតេយ្យ. Accessed May 9, 2021. https://lorkremlaw.files.wordpress.com/.

ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. “មតិយោបល់លើបទបញ្ញត្តិមួយចំនួននៃសេចក្ដីព្រាងច្បាប់ស្ដីពីការចាត់តាំងអង្គការតុលាការ និងអយ្យការ ទាក់ទងនឹងស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ.” ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, ខែឧសភា ឆ្នាំ ២០១៤. https://cambodia.ohchr.org/.

ក្រុមប្រឹក្សាជាតិភាសាខ្មែរ. “អំណាចតុលាការ.” In សន្ទានុក្រមវិទ្យាសាស្ត្រនយោបាយនិងការទូត ខ្មែរ-អង់គ្លេស-បារាំង, ទំព័រ ៥៧. ភ្នំពេញ: ទីស្ដីការគណៈរដ្ឋមន្ត្រី, ខែមិថុនា គ.ស. ២០១៤.

ជួនណាត, ពេជ្រប៉ុណ្ណ, សុធារស, ភាណុវង្ស, ចន្ទ, ថោង, សួស, et al. “តុលាការ.” In វចនានុក្រមខ្មែរ, edited by ជួនណាត, ភាគទី ១:៣៤៩. ភ្នំពេញ: ពុទ្ធសាសនបណ្ឌិត្យ, ១៩៦៧.

———. “អំណាច.” In វចនានុក្រមខ្មែរ, edited by ជួនណាត, ភាគទី ២:ទំព័រ ១៨៤៨. ភ្នំពេញ: ពុទ្ធសាសនបណ្ឌិត្យ, ព.ស. ២៥១២, គ.ស ១៩៦៨.

ឈុនលិះ. “វិធីបង្កើតពាក្យ.” In វេយ្យាករណ៍ខ្មែរសម្រាប់គ្រប់ថ្នាក់, ទំព័រ ១២៩. ភ្នំពេញ: ស្រី ប៊ុនដន, ទៀង ដានី, គ.ស. ២០០៧.

តិបយក់, and ថាវគន្ធ. “pouvoir.” In វចនានុក្រមបារាំង-ខ្មែរ, ទំ. ៩៩៤. ភ្នំពេញ: បណ្ណាគារភ្នំពេញ, ឆ្នាំ ១៩៦៧.

នរោត្ដមសីហនុ. ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងយុត្តិធម៌, នស/រកម/០១៩៦/០៤ ព្រះរាជក្រម § មាត្រា ១ (២៤ មករា ១៩៩៦).

———. ព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ព្រះរាជក្រម § ជំពូកទី ២ អំពីព្រះមហាក្សត្រ, ជំពូកទី ១០ ថ្មី អំពីរាជរដ្ឋាភិបាល (ថ្ងៃទី ២៤ ខែកញ្ញា គ.ស. ១៩៩៣).

នរោត្ដមសីហមុនី. ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម, នស/រកម/០៧១៤/០១៧ ព្រះរាជក្រម § ជំពូកទី ១, ជំពូកទី ២ (១៦ កក្កដា ២០១៤).

———. ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ, នស/រកម/០៧១៤/០១៥ ព្រះរាជក្រម § បទប្បញ្ញត្តិទូទៅ (ថ្ងៃទី ១៦ ខែកក្កដា គ.ស. ២០១៤).

រគោវិទ. “តុលាការ.” In វចនានុក្រមពាក្យថ្មី, ទំព័រ ៦៣. ភ្នំពេញ, ឆ្នាំ ១៩៦១.

ហ៊ុនសែន. អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងយុត្តិធម៌, លេខ ៤៧ អនក្រ.បក អនុក្រឹត្យ § ជំពូកទី ២ (១១ ឧសភា ២០០៧).

ហ៊ែលចំរើន. តម្រាយុត្តិសាស្ត្រ. បោះពុម្ពលើកទី ១. ភ្នំពេញ: រោងពុម្ពភ្នំពេញ, គ.ស. ២០០៩-២០១០.

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ. “រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ ១៩៧៦.” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ១៣៤-១៤៦. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា គ.ស. ២០១១.

———. “រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា ឆ្នាំ ១៩៨៩.” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ១៩០-២៣៣. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា គ.ស. ២០១១.

———. “រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ឆ្នាំ ១៩៨១.” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ១៤៧-១៨៩. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា គ.ស. ២០១១.

———. “រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ឆ្នាំ ១៩៤៧.” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ទំព័រ ១-៨៤. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា គ.ស. ២០១១.

———. “រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា (បោះពុម្ពឆ្នាំ ១៩៦៩).” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ៤៣-៨៤. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា ឆ្នាំ ២០១១.

———. “រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ឆ្នាំ ១៩៧២.” In រដ្ឋធម្មនុញ្ញទាំងឡាយនៃកម្ពុជា, ៨៥-១៣៣. ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ខែកញ្ញា គ.ស. ២០១១.

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ភាពខុសគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្សេងទៀត

ភាពខុសគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្សេងទៀត

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០

(ភ្នំពេញ)៖ តាមការពិត នៅក្នុងសង្គមមនុស្សមានអំព[...]

នាទីច្បាប់៖ ការព្យួរទោស

នាទីច្បាប់៖ ការព្យួរទោស

ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០

ជា​នីតិវិធី​ក្នុង​ប្រព័ន្ធ​តុលាការ​ជន​ជាប់ចោទ[...]

ការរំលោភសេពសន្ថវៈ

ការរំលោភសេពសន្ថវៈ

ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០

(ភ្នំពេញ)៖ តាមប្រពៃណី ស្រ្តីត្រូវស្ថិតនៅជាស្រ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x