loader

អៀង​ ស៊ីធុល​៖ ​«​សិល្បៈ​បុរាណ​ខ្មែរ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រជា​ជន​នៅ​ប្រទេស​ក្រៅ​… ​តែ​មិន​មាន​ការ​គាំ​ទ្រ​ពី​ប្រជា​ជន​ខ្មែរ​នៅ​ក្នុង​ស្រុក​»

ភ្នំពេញ៖ បើ​​ទោះ​​បី​ជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​យុវវ័យ​និង​ប្រជាពលរដ្ឋខ្មែរ​ក៏ដោយ ក៏សិល្បៈ​ខ្មែរ​បុរាណ​មិន​បាន​សាប​សូន្យ​ឡើយ ។ មិន​សាប​សូន្យ​ដោយ​សារ​តែ​មាន​អ្នក​ស្រឡាញ់ អ្នក​ចូល​ចិត្តសិល្បៈ​បុរាណ​របស់​ដូនតា​ខ្មែរ បាន​ព្យាយាម​អភិរក្ស​ទម្រង់​សិល្បៈ​មួយ​នេះ​ឱ្យ​មាន​វត្តមាន​គង់វង្ស​ជា​បន្ត។ ក្នុង​នោះ​ដែរ ​លោក អៀង ស៊ីធុល អ្នក​ចម្រៀង​បុរាណ​និង​ប្រពៃណី​ខ្មែរ បាន​បង្កើត​ក្រុម​សិល្បៈ​មួយ​ឈ្មោះថា «​ក្រុម​សិល្បៈ​មរតកកុមារ​បាសាក់​» ​ដើម្បី​​​បន្សល់​ទុក​ដល់​​កូន​​ខ្មែរ​​ជំនាន់​​ក្រោយ​។

ស្ថាប​​និកក្រុមសិល្បៈ​មរតក​​កុមារ​​បាសាក់ ​លោក​ អៀង​ ស៊ីធុ​ល បាន​ឱ្យ​ដឹង​ថា ក្រុមសិល្បៈរបស់លោក​បង្កើត​ឡើង​​នៅ​​ឆ្នាំ​​២០០១ និងបាន​​ជ្រើស​​រើស​​កុមារ​​ប្រមាណ​​ជាង ៣០​​នាក់ ពី​​តំបន់​​ដី​​ក្រហម តំបន់​​ប៊ូ​ឌីង និង​​កុមារ​​រស់​​នៅតាម​​ចិញ្ចើម​​ថ្នល់​​ជា​​ដើម មក​​ធ្វើ​​ការ​បណ្តុះ​​បណ្តាល​​ផ្នែក​​សិល្បៈ​​បុរាណ​​ខ្មែរ។ ​គោល​​បំណង​ក្នុង​​ការ​​​​​បង្កើត​​ក្រុ​ម​​សិល្បៈ​​នេះ​​វិញ​មាន​បី៖ ​ទីមួយ ដោយសារតែ​​ចិត្តស្រឡាញ់​​​សិល្បៈបុរាណ​ខ្មែរខ្លំាង។ ទីពីរ​ គឺលោកចង់​ឱ្យ​កុមារ​ដែល​មាន​ជីវភាព​ក្រីក្រ​លំបាក កុមារ​អនាថា​គ្មាន​ទីពឹង គ្មាន​ទី​ស្នាក់​អាស្រ័យ ទទួល​បាន​ការ​អប់រំ​និង​ការ​បណ្ដុះ​បណ្តាល​ផ្នែកសិល្បៈ​បុរាណ​ខ្មែរ​។ ទីបី រូបលោក មាន​បំណង​ចង់​ថែ​រក្សា​ការពារ​សិល្បៈ​បុរាណ​ខ្មែរ​មាន​ដូចជា ចម្រៀង របាំ​បុរាណ ដែល​ជា​វប្បធម៌​របស់​ខ្មែរ និង​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ពី​សិល្បៈ​បុរាណ​ទាំង​នោះ ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​បាន​ដឹង​បាន​ស្គាល់​ពីវប្បធម៌​របស់​ខ្លួន។

នាដ្យការីនៃក្រុមសិល្បៈ « មរតកកុមារបាសាក់» រាំរបាំបាចផ្កាជូនភ្ញៀវទស្សនានៅសារមន្ទីជាតិ នាពេលរាត្រី - (រូបភាពពីទំព័រហ្វេសប៊ុករបស់ក្រុមសិល្បៈមរតកកុមារបាសាក់)
នាដ្យការីនៃក្រុមសិល្បៈ « មរតកកុមារបាសាក់» រាំរបាំបាចផ្កាជូនភ្ញៀវទស្សនានៅសារមន្ទីជាតិ
នាពេលរាត្រី – (រូបភាពពីទំព័រហ្វេសប៊ុករបស់ក្រុមសិល្បៈមរតកកុមារបាសាក់)

«ខ្ញុំ​​អាណិត​​ក្មេងៗ​​ ពួក​​គេ​​ជា​​ក្មេង​​កំព្រា​ ក្មេង​​អនាថា​ ក្មេង​​អូស​​រទេះ​​ជា​​ដើម​ ខ្ញុំ​​ក៏​​បាន​ប្រមូល​​ពួក​​គេ​​ទាំង​​នោះ​​ឱ្យ​​បាន​​ចូល​​មក​​ហ្វឹក​​ហាត់​​សិល្បៈ​​បុរាណ​ … ខ្ញុំ​​ចង់​​ឱ្យ​​ក្មេង​ៗ​​មាន​​ចំណេះ​​ដឹង​​ផ្នែក​​សិល្បៈ​ ​ផល​​​លំ​បាក​នៃ​​ការ​​ហាត់​​រៀន​​សិល្បៈ​​មិន​​មែន​​យើង​​ចេះ​​តែ​​រៀន​​ដោយ​​​គ្មាន​​​មូល​​​ដ្ឋាន​​​ច្បាស់​​​លាស់​​នោះ​​​ទេ​​ ទាល់​​តែ​​មាន​​ការ​បង្រៀន​​ត្រឹម​​ត្រូវ​​ »​។ នេះ​ជា​ការ​លើក​ឡើង​របស់​សិល្បករ​ល្បី​ឈ្មោះ​ លោក​ អៀង​​ ស៊ី​ធុ​ល​។ និយាយ​​ដោយ​​សម្តី​​ស្រទន់​​ សិល្បករ​​ពោរ​ពេញ​​ដោយ​​ទេព​​កោសល្យ​​ម្នា​ក់​នេះ​ បាន​​​រៀប​​​រាប់​​​ប្រាប់​ផង​​ដែរ​​ថា​ ក្រុម​សិល្បៈ​​ ចាប់​​ផ្តើម​​ល្បី​​ឈ្មោះ​​ចាប់​​តាំ​ង​​ពី​​ឆ្នាំ​ ២០០៣​ មក​ម្ល៉េះ​។ លើស​​ពី​​នេះ​​ទៅ​​ទៀត​​ ​​​តាំង​ពី​​ផ្តើម​​​ហ្វឹក​​ហាត់​​និង​​បាន​​បង្ហាញ​​វត្ត​​មាន​​សម្តែង​​ចម្រៀង​​របាំ​​បុរាណ​ខ្មែរ ជូនដល់​​អ្នក​​ទស្សនា​​ជាតិ និង​​អន្តរ​​ជាតិ​​ជា​​ច្រើន​​លើក​​ច្រើន​​សារមក ក្រុម​របស់​លោក​ទទួល​បាន​​​ការ​​​គាំ​​ទ្រ​​​កោត​​សរសើរ​​ពី​​​​​បែប​បទ​​នៃ​​ការ​​សម្តែង​​របស់​​នាដ្យ​ការី​​និងសិល្បៈ​​ករ​​យ៉ាង​​​ខ្លាំង។ ជាពិសេស ភាព​ល្បី​ល្បាញ​នេះ បាន​ធ្វើ​ឱ្យក្រុម​សិល្បៈ មរតក​កុមារ​បាសាក់ បាន​ចេញ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​មាន អូស្តា្រលី សិង្ហបុរី ជប៉ុន កូរ៉េ ស្កុតលែន អង់គ្លេស និង​សហរដ្ឋ​អាមេរិច​ជា​ដើម។

ត្បិត​ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​ត្រូវ​បាន​ប្រជា​ជន​នៅ​ប្រទេស​ក្រៅ​មាន​ការ​គាំ​ទ្រ​ក៏​ពិត​មែន ប៉ុន្តែ​អ្វី​ដែល​ក្រុម​សិល្បៈ​មរតកកុមារ​បាសាក់ ក៏​នៅជួប​ប្រទះ​ការ​លំបាក​ ពីព្រោះមិន​មាន​ការ​គាំ​ទ្រ​ពី​ប្រជា​ជន​ខ្មែរ​នៅ​ក្នុងស្រុក ខណៈ​ក្រុម​សិល្បៈ​នេះចេញ​សម្តែង​ម្តង​ៗ​។ អ្នក​គ្រប់​គ្រង​ទូទៅ​ លោក អៀង ស៊ីធុល បាន​ឱ្យ​ដឹង​ថា ក្រុម​សិល្បៈ​របស់​លោក​នៅ​ក្នុង​ពេលបច្ចុប្បន្ន​នេះ មិនមាន​ការ​ជួយ​ឧបត្ថម​គាំ​ទ្រ​ថវិកា​ពីសប្បុ​រស​ជន​ណា​មួយ​នៅ​ឡើយ​នោះ​ទេ​។​ កត្តា​​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​សិល្បៈ​មរតក​កុមារ​បាសាក់ប្រឈម​មុខ​នឹង​ការ​ស្វះ​ស្វែង​ខ្វែង​ដៃ​ខ្វែង​ជើង​រក​ថវិកា តាម​រយៈ​ការ​សម្តែង​សិល្បៈ​នៅ​សារ​មន្ទីរ​ជាតិ​ជា​ដើម​។ ចំពោះ​ការ​សម្តែង​សិល្បៈ​នោះ​ទៀត​សោត អ្នក​ទស្សនា​ភាគ​ច្រើន​មាន​តែជន​ជាតិ​បរទេស​តែ​ប៉ុណ្ណោះ ហើយ​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ក្នុង​ពេល​សម្តែង​ម្តង​ៗ បាន​មក​ស្ទើរ​មិនគ្រប់​គ្រាន់ អាច​កាត់​កង​រួច​ខ្លួន​ពី​ការ​ចំណាយ​ផ្សេង​ៗ​។

ការសម្តែងសិល្បៈរបាំប្រពៃណីខ្មែរ (របាំក្រមា) សម្តែងជាក្រុមនាពេលរាត្រីនៅសារមន្ទីរជាតិ របស់ក្រុមសិល្បៈ « មរតកកុមារបាសាក់ »
ការសម្តែងសិល្បៈរបាំប្រពៃណីខ្មែរ (របាំក្រមា) សម្តែងជាក្រុមនាពេលរាត្រីនៅសារមន្ទីរជាតិ
របស់ក្រុមសិល្បៈ « មរតកកុមារបាសាក់ » (រូបភាពពីទំព័រហ្វេសប៊ុករបស់ក្រុមសិល្បៈមរតកកុមារបាសាក់)

អ្នក​គ្រប់​គ្រង​ទូទៅរូបនេះបាន​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​សង្កេត​និង​ការ​យល់​ឃើញ​របស់​លោក ប្រជា​ពល​រដ្ឋ​កម្ពុជា​ភាគ​ច្រើនមិន​បាន​ជួយ​គាំ​ទ្រ​ដល់​សិល្បៈ​វប្បធម៌​បុរាណ​ឡើយ​ក្នុង​ពេល​បច្ចុប្បន្ន ព្រោះ​ប្រជា​ជន​ភាគ​ច្រើន​នៅ​គិត​គួរ​ពី​បញ្ហា​ជីវ​ភាព​ប្រចាំ​ថ្ងៃ​ ហើយភ្ញៀវ​​ជាតិ​ស្ទើរ​តែ​មិន​ហ៊ាន​ចំណាយ​ប្រាក់ ១​ម៉ឺន​រៀល​ថ្លៃ​សំបុត្រ​ចូល​មើល​ការ​សម្តែង​សិល្បៈ​នៅ​សារ​​មន្ទីរ​ជាតិ​។ មូល​ហេតុ​នេះ​ហើយ បណ្តាល​ឱ្យ​តម្លៃ​នៃ​សិល្បៈបុរាណ​មាន​ការ​ធ្លាក់​ចុះ​ អ្នក​សម្តែង​ហាក់​គ្មាន​តម្លៃ​និង​មិន​អាច​រក​ប្រាក់​ចំណូល​បាន​សម្រាប់​ទ្រ​ទ្រង់​ក្រុម​សិល្បៈ​និង​ជីវភាព​របស់​ខ្លួន​។ «កាល​ពី​ដើម​បើ​ទោះ​ជា​ជីវ​ភាព​របស់​ប្រជា​ពលរដ្ឋ​មាន​ការ​លំបាក​ខ្វះ​មុខ​ខ្វះ​ក្រោយ​យ៉ាងណា​ក៏​ដោយ ក៏​​នៅ​ពេល​មាន​កម្ម​វិធី​បុណ្យ​ទាន​ម្តង​ៗ ​ការ​សម្តែង​សិល្បៈ​ផ្សេងៗ តែង​តែ​នៅ​ដក​ជាប់​ជា​មួយ​ប្រជា​ជន​ខ្មែរ​ជា​និច្ច ហើយពួកគាត់​បាន​ផ្តល់​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង។ សម័យ​បច្ចុប្បន្ន ​សង្គម​មាន​ភាព​ជឿន​លឿន ប្រជា​ពល​រដ្ឋ ជា​ពិសេស​យុវវ័យ​ខ្មែរ ហាក់មិន​សូវ​ជា​ចាប់​អារម្មណ៍​លើ​ទម្រង់​សិល្បៈ​បុរាណ​ប៉ុន្មាន​ឡើយ ខណៈ​ពេល​ដែល​វប្បធម៌បរ​ទេស​កំពុង​តែ​វាយ​លុក​យ៉ាង​គំហុក​ទៅ​លើ​សិល្បៈ​វប្បធម៌​របស់​ខ្លួន»​។

ក្នុង​ទឹក​ចិត្ត​អាណិត​អាសូរ​យ៉ាង​ខ្លាំង​ចំពោះ​ក្មេងៗ​ដែល​លោក​បាន​បណ្តុះ​បណ្តាល​​ គ្រូ​បង្រៀនចាស់រស្សាររូបនេះ​បានមានប្រសាសន៍​ថា ពួក​គេ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​សម្តែង ប៉ុន្តែ​ទីផ្សារ​សម្តែង​ដើម្បី​រក​ចំណូល​ជួយខ្លួន​ឯង​នៅ​មាន​កម្រិតនៅ​​ឡើយ​ក្នុង​សង្គម​ខ្មែរ​។ ចំណូល​បាន​មក​ពី​ការ​សម្តែងសិល្បៈ​ម្តង​បាន​ត្រឹម​តែ ​១០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ម្នាក់ មិន​អាច​ជួយ​ឱ្យ​សិល្បៈ​ករ​មាន​ទឹកចិត្ត​ក្នុង​ការសម្តែងនោះឡើយ​។ ចំណូល​តិច​តូច​បែប​នេះ ធ្វើ​ឱ្យ​សិល្បករ​ឈាន​ទៅ​​រក​ការ​បោះ​បង់​ការ​អាជីព​ជា​អ្នក​សិល្បៈ​ទៅ​ប្រកប​ការងារ​ផ្សេងៗ​ជំនួសវិញ។

​មិន​ខុស​គ្នា​ពី​​លោក អៀង ស៊ីធុល យុវជន ចាន់ សូរី មាន​អាយុ ១៨​ឆ្នាំ ជា​សិល្ប​ករ​ផ្នែក​របាំ​និង​តន្តី្រ​នៅ​ក្រុម​សិល្បៈមរតក​កុមារ​បាសាក់ ក៏​លើក​ឡើងដែរ​ថា នៅ​ពេល​សម្តែង​សិល្បៈ​ម្តង​​ៗ ​ពុំ​សូវ​មាន​អ្នក​ទស្សនា​ជា​ជន​ជាតិ​ខ្មែរ​នោះទេ ភាគច្រើន​ជា​ជន​បរទេស ឃើញ​ដូច្នេះ ខ្លួន​ហាក់​អស់​កម្លាំង​ចិត្ត​សម្តែង​និង​ចង់​ឈប់​សម្តែង​។ ប៉ុន្តែ ដោយ​សារ​ការ​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​​សិល្បៈបុរាណ​ខ្មែរ និងការមានឆន្ទៈ​ចង់​អភិរក្ស​សិល្បៈ​ប្រពៃណី​វប្បធម៌​ខ្មែរ ទើបនាងនៅ​តែ​មិន​បោះ​បង់ចោល​អាជីព​មួយ​នេះ និង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​សម្តែង​បន្ត​ទៀត។

លោក អៀង ស៊ិធុល លោកគ្រូអ្នកគ្រូ និងសិស្សនៃក្រុមសិល្បៈ មរតកកុមារបាសាក់  ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ២០១៥ ​- (រូបភាពពីទំព័រហ្វេសប៊ុករបស់មរតកកុមារបាសាក់ )
លោក អៀង ស៊ិធុល លោកគ្រូអ្នកគ្រូ និងសិស្សនៃក្រុមសិល្បៈ មរតកកុមារបាសាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ២០១៥ ​- (រូបភាពពីទំព័រហ្វេសប៊ុករបស់ក្រុមសិល្បៈមរតកកុមារបាសាក់ )

នាដ្យ​ការី​របាំម្នាក់ទៀត កញ្ញា សុភ័ក្រ ចំរើន មាន​អាយុ ២៥​ឆ្នាំ ជា​សិស្ស​ច្បង​នៅ​ក្នុង​ក្រុម​សិល្បៈ មរតក​កុមារ​បាសាក់ បាន​ឱ្យដឹង​ថា « ការ​សម្តែង​ពុំ​បាន​ផ្តល់​ថវិកា​បាន​ច្រើន​សម្រាប់​អ្នក​សិល្បៈ​ឡើយ ពេលខ្លះ យើង​ត្រូវ​ខាត​ដើម​ក៏​មាន ដោយ​សា​រ​ការ​សម្តែង​មាន​ទំហំ​ធំ ចំណាយ​ច្រើន ប៉ុន្តែ​ខ្ញុំ​ក៏​នៅ​តែ​បន្ត​តស៊ូ​ជា​បន្ត​ទៀត​ »​។ ខណៈ​ការ​គាំ​ទ្រ​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ​នៅ​មាន​កម្រិត​ពី​ប្រជា​ជន​ខ្មែរ លោកគ្រូ អៀង ស៊ីធុល បាន​សំណូម​ពរ​ដល់​ប្រជា​ជន​ខ្មែរ​ទូ​ទៅ​ឱ្យ​ចាប់​ផ្តើម​ស្រឡាញ់​មរតក​វប្បធម៌​ផ្នែក​សិល្បៈ​បុរាណ​ខ្មែរ​ឡើង​វិញ និង​អំពាវ​នាវ​ដល់​សាធារណៈ​ជនខ្មែរ​ទាំង​អស់ គួរ​ណាស់​ចាប់​ផ្តើម​ចែក​រំលែក​ក្តី​ស្រឡាញ់​ចំពោះ​សិល្ប​ករខ្មែរ តាម​រយៈ​ការ​បរិច្ចាគធនធាន​ផ្សេងៗ​ ទាំង​​សម្ភារៈ​​និង​​ថវិកា​ ជួយ​​ដល់​​ក្រុម​​សិល្បៈ​​មរតក​​កុមារ​​បា​សាក់​​ ដើម្បី​ក្រុម​សិល្បៈ​បុរាណ​អាច​បន្ត​​ផ្សព្វ​​ផ្សាយ​​ពី​​វប្បធម៌​​ខ្មែរ​​​ទៀត​​។ ការ​ចូល​រួម​លើកតម្កើង​សិល្បៈ​បុរាណ​ខ្មែរ​តាម​រយៈ​ការ​ចូល​រួមទស្សនា​ក៏​ជាផ្នែក​មួយ​នៃ​ការ​គាំទ្រ​ផងដែរ ​។

សូម​បញ្ជាក់ផងដែរ​ថា​ក្រុម​សិល្បៈ​ « មរតក​កុមារ​បាសាក់ » គ្រោងនឹង​​បន្តការសម្តែង​សិល្បៈ​បុរាណ​ខ្មែរបី​ដង​ក្នុង​​មួយ​សប្តាហ៍​ពីម៉ោង ​៦​ល្ងាច​ នៅ​សារ​មន្ទីរ​ជាតិ និង​ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០១៥​​នេះ​ត​ទៅ​។​ គោល​បំណង​នៃ​ការ​សម្តែង​សិល្បៈ​នេះ គឺ​ចង់​បង្ហាញ​ពី​ទម្រង់​ផ្សេង​ៗ​របស់​សិល្បៈ​វប្បធម៌​ខ្មែរ​និង​ដើម្បី​​ស្វែង​រក​មូល​និធិ ​ទ្រ​ទ្រង់​ក្រុម​សិល្បៈ« មរតក​កុមារ​បាសាក់ » ដែល​កើត​ចេញ​ពី​កុមារ​ក្រីក្រ កុមារ​កំព្រា​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់ ឱ្យ​ទទួល​បាន​ការ​ហ្វឹក​ហាត់​ជំនាញ​សិល្បៈ​បន្ត​ទៀត​។

បច្ចុប្បន្ន​​ក្រុម​​សិល្បៈនេះ មានសមាជិក​​ទាំង​​អស់​​ចំនួន ៦៤ នាក់ ហើយ​​កុមារដែល​​គេជ្រើស​​រើស​​យក​​ទៅ​​បណ្តុះ​​បណ្តាល​​មាន​​​​អាយុចាប់​​ពី ៨​​ឆ្នាំ ដល់ ១២​​ឆ្នាំ​​ ចំណែកជំនាញ​បណ្តុះបណ្តាលមានដូច​ជា ចម្រៀង​ប្រពៃណី ចម្រៀង​ភ្លេង​ការ ចម្រៀង​មហោរី បង្ហាត់​បង្រៀន​ពី​តន្ត្រី​បុរាណ និង​បង្ហាត់​បង្រៀន​ពី​របាំ​របស់​ខ្មែរ​មាន របាំ​ទេព​មនោ​រម្យ របាំ​មណីមេ​ខាលា របាំ​សុវណ្ណ​មច្ឆា របាំ​ក្ងោក របាំ​គែន របាំក្រមា របាំ​ក្ងោក​ប៉ៃ​លិន​​ជា​ដើម ជា​រួម​គឺ​បង្ហាត់របាំ​ទាំង៦០ របស់​ខ្មែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការ Actionaid ៖ យុទ្ធនាការ មួយសែនកោងកាងដាំដើមកោងកាងបន្តនិរន្តភាពឆ្នេរសមុទ្រ

កំពត៖ អង្គការ Actionaid បានរៀបចំយុទ្ធនាការមួយ[...]

មគ្គុទេសទេសចរណ៍ខ្មែរបារម្ភអំពីគោលនយោបាយទេសចរណ៍ ChinaReady ថាអាចថយចុះទេសចរណ៍អឺរ៉ុប

ថ្មីៗនេះខេត្តសៀមរាបមានព័ត៌មានលេចឡើងអំពីក្រុមហ[...]

ជំងឺប៉េស្តជ្រូក៖អ្នកលក់សាច់មាន់ គោ កើបលុយ ខណៈអ្នកទទួលទានមិនទាន់ហ៊ានបរិភោគសាច់ជ្រូក

​(ភ្នំពេញ)៖ សាច់ជ្រូក គឺជាសាច់សត្វមួយប្រភេទ ដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត