ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានសម្រេច លុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសភូមាទាំងស្រុង ដែលការដាក់ទណ្ឌកម្មនេះបានធ្វើឡើងជាច្រើនទសវត្ស ទៅហើយ ខណៈដែលប្រទេសភូមា ក្រោមការគ្រប់គ្រងរបស់ពួកយោធា។
តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក អូបាម៉ា បានសម្រេចដូចនេះនៅពេលលោកស្រី អង់ សានស៊ូជី រដ្ឋមន្ដ្រីការបរទេសភូមា និងជាប្រធានទីប្រឹក្សារដ្ឋ បានជួបលោក អូបាម៉ា នៅសេតវិមាន កាលពីថ្ងៃពុធ ទី១៤ កញ្ញា។
លោក អូបាម៉ា បានប្រាប់លោកស្រី អង់ សានស៊ូជី ថា លោកបានបញ្ចូនលិខិតលុបចោល ការដាក់ទណ្ឌកម្មនេះ ទៅកាន់រដ្ឋសភារួចរាល់ហើយ។
លោកស្រី អង់ សានស៊ូជី ដែលបានទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃម្សិលមិញនេះ លោកស្រី មុននឹងឈានចូល សេតវិមាន ជួបលោក អូបាម៉ា លោកស្រី ក៏បានអំពាវនាវអោយសភាអាមេរិក លុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសរបស់លោកស្រី គឺ ប្រយោជន៍ ដើម្បីអោយប្រជាជនភូមា បានរួចផុតពីភាពក្រីក្រ។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសភូមា នៅឆ្នាំ ១៩៨៩ ដែលនៅគ្រានោះ លោកស្រី អង់ សានស៊ូជី ស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងផ្ទះ ហើយការដឹកនាំប្រទេសស្ថិតនៅលើពួកយោធាទាំងស្រុង៕ ប្រភព BBC