ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) បានផ្តល់ជំនួយ៩លានដុល្លាសម្រាប់គម្រោងថ្មីមួយ ដើម្បីពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស និងការរៀបចំអង្គការសង្គមស៊ីវិល និងបណ្តាញតាមមូលដ្ឋាន។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកកាលពីថ្ងៃទី១២ខែកក្កដា បានឱ្យដឹងថា គម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលកម្ពុជា (CCSS) ដែលត្រូវបានផ្តល់អោយទៅវិទ្យាសា្ថនគ្រប់គ្រងបូព៌ា-បស្ចឹម (East West Management Institute) នឹងអាចជួយក្រុមអង្គការសង្គមស៊ីវិលលើការគ្រប់គ្រង ការធ្វើផែនការ និងជំនាញវិភាគរបស់គេ។ ទន្ទឹមនឹងនោះ ធ្វើអោយអង្គការទាំងនោះអាចដើរតួសកម្មជាងមុន នៅក្នុងការអភិវឌ្ឍន៏ ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា គម្រោងនេះមានរយៈពេល៥ឆ្នាំត្រូវចំណាយថវិកាអស់៩លានដុល្លាអាមេរិក។
តាមសេចក្តីប្រកាសព័ត៌មានគំរោងនេះក៏នឹង ផ្តល់អំណោយថវិកាខ្នាតតូច សំរាប់ការងារសំខាន់ៗ ដូចជាការតាមដានករណីសិទ្ធិដីធ្លី ការជួយជនរងគ្រោះដោយអំពើហឹង្សាដែលប្រព្រឹត្តដោយមនុស្សមានភេទខុសគ្នា និងការជួយដល់ការការពារតាមផ្លូវច្បាប់ ចំពោះធនធានធម្មជាតិដ៏សំបូររបស់ប្រទេសកម្ពុជា។
អំណោយថវិកានេះក៏នឹងជួយផងដែរដល់សកម្មភាពស្រាវជ្រាវ ដូចជាការស្ទង់មតិសាធារណៈ និងការសិក្សាវាយតំលៃផ្នែកសេដ្ឋកិច្ចសង្គម ដែលអាចជួយអង្គការសង្គមស៊ីវិលក្នុងការផ្តល់សេវាអោយចំគោលដៅ។
លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt បានមានប្រសាសន៏ថា៖ «យើង ផ្តោតសំខាន់ លើការគាំទ្រដល់អង្គការសង្គមស៊ីវិល ពីព្រោះប្រជាពលរដ្ឋដែលសកម្ម និងមានចំណេះដឹង គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរឹងមាំ។ យើងសង្ឃឹមថា គម្រោងនេះនឹងជួយអង្គការសង្គមស៊ីវិលនៅកម្ពុជាក្នុងការធ្វើការងារមានប្រសិទ្ធភាពជាងមុន ក្នុងការធ្វើអោយមានការសន្ទនាក្នុងន័យស្ថាបនា និងគោរពគ្នាអំពីច្បាប់ និងគោលនយោបាយនានា ដែលទាក់ទងនឹងជីវិតរស់នៅរបស់ប្រជាជនកម្ពុជាទូទៅ»។
ជំនួយនេះលើកទឹកចិត្តអង្គការសង្គមស៊ីវិល អោយលើកកំពស់គណនេយ្យភាពក្នុងការគ្រប់គ្រង។ ទន្ទឹមនឹងនោះ គំរោងនេះផ្តោតលើតំលៃនៃដំណោះស្រាយដោយអ្នកក្នុងមូលដ្ឋាន ចំពោះបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយធ្វើអោយអង្គការសង្គមស៊ីវិលដើរលើផ្លូវទៅរកនិរន្តភាព។
គំរោង CCSS គឺជាផ្នែកមួយដ៏សំខាន់នៅក្រោមជំនួយរបស់ទីភ្នាក់ងារ USAID នៅកម្ពុជា៕