សហរដ្ឋអាមេរិក បានច្រានចោលសំណើររបស់ប្រទេសចិន ដែលសុំឱ្យ សហរដ្ឋអាមេរិក និងកូរ៉េ ខាងត្បូងព្យួរចោលផែនការធ្វើសមយុទ្ធយោធា លើឧបទ្វីបកូរ៉េ ជាថ្នូរនឹងឱ្យកូរ៉េខាងជើង បញ្ឈប់ការបាញ់សាកល្បង កាំជ្រួច និងអាវុធនុយក្លេអ៊ែ ។
ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា គេមិនអាចទទួលយកសំណើររបស់ទីក្រុងប៉េកាំងបានទេ ដោយក្រុងវ៉ាស៊ីនតោន ពន្យល់ថា សមយុទ្ធនេះ គឺដើម្បីពង្រឹង សមត្ថភាពយោធារបស់កូរ៉េខាងត្បូង ។
ក្រសួងការបរទេសនៃប្រទេសមហាអំណាចមួយនេះ បន្តទៀតថា ការធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង ធ្វើឡើងតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ហើយ មិនធ្វើឡើងតាមការគាបសង្កត់ណាមួយរបស់កូរ៉េខាងជើងនោះទេ។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េ កាន់តែមានភាពតានតឹង ដោយសាតែ អាមេរិក និងកូរ៉េខាងត្បូង ព្យាយាមពង្រីកអំណាចយោធារបស់ខ្លួន តាមរយៈការធ្វើសមយុទ្ធនេះ ដែលលោកថា ធ្វើឱ្យក្រុងព្យុងយ៉ាង ប្រើប្រាស់មធ្យោបាយ នៃការបាញ់កាំជ្រួច បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែ។
កាលពីដើមសប្តាហ៍នេះ កូរ៉េខាងជើង បានបាញ់កាំជ្រួចរំលងទ្វីប ចំនួន៤គ្រាប់ ចូលទៅសមុទ្រប្រទេសជប៉ុន ដែលធ្វើឱ្យអាមេរិក និងជប៉ុន ថ្កោលទោសកូរ៉េខាងត្បូងយ៉ាងខ្លាំង។
ក្នុងសប្តាហ៍នេះដែរ កងទ័ពអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដោយមានកងទ័ពម៉ារីនប្រទេសទាំងពីរចូលរួម ហើយសមយុទ្ធនេះ បាញ់គ្រាប់ពិតទៀតផង ។ កងទ័ពអាមេរិកនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង មានជិតបួនម៉ឺននាក់៕ ប្រភព BBC