ប្រជាជនអាហ្វហ្គានីស្ថានជាង១.៧លាននាក់ តម្រូវឱ្យចាកចេញពីប្រទេសប៉ាគីស្ថានត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បើមិនដូច្នោះទេជនភៀសខ្លួនទាំងនេះនឹងប្រឈមមុខនឹងការចាប់ឃុំឃាំងក្នុងពន្ធនាគារ ឬនិរទេសខ្លួនទៅប្រទេសកំណើតវិញ។
(កញ្ញា កែវ សុជាតា រាយការណ៍)
យ៉ាងហោចណាស់ប្រជាជនអាហ្វហ្គានីស្ថានជិត២០ម៉ឺននាក់ បានធ្វើដំណើរត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញគិតត្រឹមថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣។ ចំណែកប្រជាជនអាហ្វហ្គានីស្ថានចំនួន២ម៉ឺននាក់ផ្សេងទៀតធ្វើដំណើរទៅកាន់ច្រកព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Sarfraz Bugti ឱ្យដឹងថា ប្រជាជនអាហ្វហ្គានីស្ថានដែលភៀសខ្លួនមករស់នៅក្នុងប្រទេសប៉ាគីស្ថានដោយគ្មានឯកសារស្នាក់នៅត្រឹមត្រូវស្របទៅតាមច្បាប់និតិវិធីមានចំនួនជាង១.៧លាននាក់។ អាជ្ញាធរប៉ាគីស្ថានព្រមានផងដែរថា ជនភៀសខ្លួនទាំងនេះត្រូវចាកចេញពីប្រទេសប៉ាគីស្ថានឱ្យអស់ត្រឹមថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ មិនដូច្នោះទេពួកគេនឹងប្រឈមនឹងការដាក់ទោសទណ្ឌដែលអាចជាការចាក់ឃុំខ្លួន ឬនិរទេសទៅប្រទេសអាហ្វហ្គានីស្ថានវិញ។
ក៏ប៉ុន្តែ អង្គការសហប្រជាជាតិបង្ហាញថា ទិន្នន័យរបស់រដ្ឋមន្រ្តីមហាផ្ទៃប៉ាគីស្ថាននិងអង្គការសហប្រជាជាតិមានភាពផ្ទុយគ្នា ដោយសារតាមរបាយការណ៍អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ជនជាតិអាហ្វហ្គានីស្ថានដែលគ្មានឯកសាររស់នៅប៉ាគីស្ថានស្របច្បាប់មានចំនួនជាងពីរលាននាក់ឯណ្ណោះ។ រីឯមនុស្សជាង ៦០ម៉ឺននាក់វិលមកប្រទេសអាហ្វហ្គានីស្ថាននេះវិញហើយ។
គួរបញ្ជាក់ដែរថា ជនជាតិអាហ្វហ្គានីស្ថានប្រហែល១.៣លាននាក់ធ្លាប់បានចុះឈ្មោះជាជនភៀសខ្លួនចំណាកស្រុក ខណៈមនុស្សចំនួន៨៨ម៉ឺននាក់ផ្សេងទៀតទទួលបានសិទ្ធិស្របច្បាប់ក្នុងការរស់នៅនិងប្រកបរបររកស៊ីចិញ្ចឹមជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន។ ក្នុងនោះដែរ ជនភៀសខ្លួនទាំងនេះមានការភ័យខ្លាច ក្រោយក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានឡើងវិញនៅឆ្នាំ២០២១។ ចំណែកអ្នកផ្សេងទៀតរស់នៅក្នុងប្រទេសប៉ាគីស្ថានអស់ជាច្រើនឆ្នាំមកហើយ។
សូមជម្រាបថា ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងបន្ទាប់ពីមានការវាយប្រហារឆ្លងព្រំដែនកាន់តែខ្លាំងឡើង។ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានអះអាងថា ក្នុងចំណោមការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២៤គ្រាប់ដែលក្នុងនោះមាន១៤គ្រាប់ មានប្រភពចេញពីជនជាតិអាហ្វហ្គានីស្ថាន។ លោកបានបញ្ជាក់ទៀតថា នៅក្នុងហេតុការបំផ្ទុះគ្រាប់បែកអត្តឃាតនេះបានសម្លាប់ប្រជាជនប៉ាគីស្ថានយ៉ាងហោចណាស់ចំនួន៥៧នាក់។
ដោយឡែក ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានជំរុញឱ្យអាជ្ញាធរប៉ាគីស្ថានបញ្ឈប់ការនិរទេសខ្លួនដើម្បីជៀសវាងវិបត្តិសិទ្ធិមនុស្ស។ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani ជឿជាក់ថា ការនិរទេសខ្លួនជនជាតិអាហ្វហ្គានីស្ថានទៅកាន់ប្រទេសរបស់ពួកគេវិញ គឺជាគ្រោះហានិភ័យធ្ងន់ធ្ងរនៃការរំលោភសិទ្ធិមនុស្ស ពិសេសការចាប់ខ្លួន ការឃុំខ្លួន ការធ្វើទារុណកម្មយ៉ាងឃោរឃៅ និងអំពើអមនុស្សធម៌ផ្សេងទៀត៕
ប្រភព៖ BBC ចុះថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣