«អាហារ» ជាតម្រូវការប្រចាំថ្ងៃរបស់មនុស្សម្នាទាំងឡាយមិនថាមានជីវភាពក្នុងកម្រិតធូរធារ មធ្យម ឬក្រខ្សត់យ៉ាងណាក្តី ក៏គង់ត្រូវការដើម្បីចម្អែតក្រពះ។ ការណ៍នេះ ធ្វើឱ្យកុមារមួយចំនួនត្រូវបោះបង់ការសិក្សានៅវ័យក្មេង ក៏ព្រោះតែខ្វះខាតថវិកាដើម្បីទៅរៀនផង និងពេលខ្លះត្រូវជួយរកប្រាក់កាកចិញ្ចឹមជីវិតផង។អ្នកជំនាញលើកឡើងថា ដើម្បីជំរុញឱ្យកុមារ ពិសេសអាណាព្យាបាលគិតគូរពីភាពរីកចម្រើនរបស់កូនៗនៅក្នុងការអប់រំ គឺត្រូវការគិតពីអាហារពេលព្រឹក។ តើអាហារពេលព្រឹកមានសារៈប្រយោជន៍យ៉ាងណាដើម្បីទប់ស្កាត់ការបោះបង់ការសិក្សារបស់កុមារ? ដើម្បីស្រាយចម្ងល់នេះ សូមនាងកញ្ញា លោក លោកស្រី ស្តាប់ការរាយការណ៍ព័ត៌មានពីកញ្ញា កែវ សុជាតា ដូចទៅ៖
យោងតាមរបាយការណ៍មួយរបស់សហរដ្ឋអាមេរិកដែលសិក្សាពី Ending hunger and promoting well-being ដែលអាចបកប្រែសាកល្បងបានថា «ការបញ្ឈប់ភាពស្រេកឃ្លាននិងលើកកម្ពស់សុខុមាលភាពរបស់កុមារ» បង្ហាញថា អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតបើធៀបនឹងអាហារដែលត្រូវបរិភាគបីដងក្នុងមួយថ្ងៃឯទៀត ដោយសារតែអាហារនេះជួយទៅដល់ការអប់រំ និងការផ្តល់អាហារូបត្ថម្ភពេញទៅកាន់កុមារ ហើយអាចកែលម្អសាលារៀនតាមរយៈការធានាបានថាកុមារម្នាក់ៗអាចចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអាហារពេលព្រឹកដែលមានសុខភាពល្អ។ តាមរបាយការណ៍ដដែលលើកឡើងដែរថា អាហារពេលព្រឹកជួយឱ្យការរៀនសូត្រនិងការចូលរៀនរបស់កុមារមានភាពប្រសើរឡើង ពិសេសកាត់បន្ថយបញ្ហាអាកប្បកិរិយា និងភាពយឺតយ៉ាវ។
រូបភាព៖ World Vision Cambodia
លោក អុល សែន ប្រធានគម្រោងនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា (World Vision Cambodia) បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តី ថា កម្មវិធីសិក្សាដែលមានផ្តល់អាហារពេលព្រឹកទៅដល់កុមារមានសារៈប្រយោជន៍ជាច្រើនដូចជា ផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ទៅដល់សិស្សប្រកបដោយអនាម័យ និងជួយកាត់បន្ថយការឃ្លានអាហារនៅកំឡុងម៉ោងសិក្សាដែលអាចជួយឱ្យកុមារផ្ចង់អារម្មណ៍ដាក់ចិត្តដាក់កាយត្រងត្រាប់ស្តាប់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ។ ប្រធានគម្រោងរូបនេះ បន្ថែមទៀតថា កម្មវិធីសិក្សាបែបនេះក៏ជំរុញឱ្យសិស្សខិតខំប្រឹងរៀនសូត្រឱ្យបានជាប់លាប់ ពីព្រោះសិស្សដែលមករៀនទទួលបានទាំងចំណេះដឹង និងមានអាហារពេលព្រឹកដើម្បីចម្អែតក្រពះថែមទៀតផង។
លោក អុល សែន និយាយថា៖ «បើតាមការស្រាវជ្រាវនិងសាកសួរក៏ដូចជាយើងធ្វើការ(លើកម្មវិធីផ្តល់អាហារពេលព្រឹកទៅកាន់សិស្ស)ឃើញថា ប្រសិនជានៅក្នុងសាលាពីរ សាលាដែលមានផ្តល់អាហាររបស់កម្មវិធី និងសាលាដែលមិនមានផ្តល់អាហារ យើងឃើញមានភាពខុសគ្នា។ ទោះបីឆ្ងាយជាងគ្នាតិចតួច ក៏គាត់សុខចិត្តមកចុះឈ្មោះ(កូន) នៅហ្នឹង នាំកូនចៅរបស់គាត់មកចុះឈ្មោះនៅក្នុងសាលាផ្តល់អាហារពេលព្រឹក។ អ៊ីចឹង នេះបង្ហាញអំពីការដែលគាត់គិតថា វាមានប្រយោជន៍សម្រាប់អាហារទៅដល់កូនគាត់ ជាមួយនឹងការកាត់បន្ថយការចំណាយ។»។
រូបភាព៖ World Vision Cambodia
ដើម្បីជំរុញអត្រាចូលរៀនកើនឡើង អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានរៀបចំកម្មវិធីសិក្សាដែលផ្តល់អាហារពេលព្រឹកទៅកាន់សិស្សនៅសាលារៀនចំនួនជាង១០០ទីតាំងនៅខេត្តកំពង់ចាម និងកំពង់ធំ។ ក្រៅតែពីផ្តល់អត្ថប្រយោជន៍ទៅដល់សិស្ស ម្តាយឳពុកនិងអាណាព្យាបាលក៏សម្រាលបន្ទុកមួយផ្នែកផងដែរ ដូចជាពួកគេលែងមានក្តីបារម្ភចំពោះការផ្ដល់អាហារពេលព្រឹក និងលែងសូវបារម្ភពីបញ្ហាសុខភាពរបស់កូនៗ ដ្បិតកម្មវិធីសិក្សាដែលមានផ្តល់អាហារពេលព្រឹកដែលដាក់ចេញដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ធានាបាននូវសុខុមាលភាព អនាម័យ និងឱជារសរបស់អាហារដែលផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ រួមទាំងជីជាតិដែលកុមារត្រូវការជាចាំបាច់។ លោក អុល សែន បញ្ជាក់ដែរថា ចំពោះម្តាយឪពុកដែលធ្វើការស៊ីឈ្នួលប្រើកម្លាំងដែលត្រូវទៅឆ្ងាយពីស្រុកពីរបីថ្ងៃ ឬច្រើនជាងនេះ លែងសូវបិទឱកាសកូនៗមិនឱ្យទៅរៀនដូចមុនទៀតហើយ ក៏ព្រោះតែសាលាមានផ្តល់នូវអាហារ និងចំណេះជំនាញដែលអាចជួយឱ្យអនាគតកូនរបស់ពួកគេត្រចេះត្រចង់។
លោក អុល សែន និយាយថា៖ «អាហារពេលព្រឹកនេះ បានជួយទៅដល់ការកាត់បន្ថយក្តីកង្វល់របស់អាណាព្យាបាលគាត់បានច្រើនណាស់ ។ ឧទាហរណ៍ថា គាត់ធ្វើការនៅរោងចក្រ អ៊ីចឹងព្រឹកឡើងគាត់ត្រូវរៀបចំអាហារឱ្យកូនគាត់អីផ្សេងៗ។ ប៉ុន្តែដោយសារតែកម្មវិធីបានផ្តល់(អាហារ)នៅក្នុងសាលារៀន គាត់គ្រាន់តែរៀបចំឱ្យមានចាន ស្លាបព្រា សម្លៀកបំពាក់អីទៅឱ្យកូនសម្រាប់ត្រៀមទៅសាលា ហើយគាត់អាចចាកចេញទាំងព្រឹកព្រហាមទៅកាន់រោងចក្រ ឬក៏កន្លែងធ្វើការចិញ្ចឹមជីវិតរបស់គាត់។ អ៊ីចឹងកម្មវិធីនេះបានរួមចំណែកកាត់បន្ថយក្តីកង្វល់របស់អាណាព្យាបាលបានច្រើន ដែលយើងគួរជាទីមោទន។»។
រូបភាព៖ World Vision Cambodia
ជាមួយគ្នានេះ ការកំណត់ម្ហូបអាហារដើម្បីឱ្យសិស្សមានចំណង់ចង់បរិភោគជាប្រចាំ ក៏ជាបញ្ហាប្រឈមកន្លងមករបស់អង្គការនិងអ្នករៀបចំផងដែរ។ ប្រធានគម្រោងរូបនេះ បានគូសបង្ហាញថា ជានិច្ចកាល កុមារមិនសូវជាចូលចិត្តហូបបន្លែ ឬញ៉ាំអាហារដែលឱជារសរបស់មនុស្សធំនោះឡើយ ដែលនេះជាហេតុមួយដែលជំរុញឱ្យក្រុមការងាររៀបចំធ្វើបញ្ជីមុខម្ហូបជាប្រចាំ និងតែងសាកសួរសិស្សានុសិស្សអំពីអ្វីដែលពួកគេចង់បរិភោគ។ ជាងនេះ ការរើសអ្នកចម្ហិនម្ហូបសម្រាប់ពួកគេ ក៏ជាអ្វីដែលក្រុមការងារគិតគូរដិតដល់ផងដែរ ដោយសារតែរសជាតិនៃម្ហូបជាកត្តាចម្បងដែលទាក់ចិត្តសិស្សឱ្យចង់បរិភោគម្តងហើយម្តងទៀត។
សំឡេង លោក អុល សែន៖ «ហើយនិងប្រភេទម្ហូប គឺត្រូវបានឆ្លងជាមួយកុមារភាគច្រើន។ តើកុមារចូលចិត្តញ៉ាំអី? អ៊ីចឹងកំណត់ពីបញ្ជីមុខម្ហូប គឺផ្អែកលើមតិភាគច្រើនរបស់កុមារដែលចង់ហូប។ ឧទាហរណ៍ថា គាត់ចង់ហូបកកូរ គាត់ចង់ហូបបាយឆា គាត់ចង់ហូបសម្លម្ជូរគ្រឿង គាត់ចូលចិត្តស្ងោរត្រឡាច ហើយនិងមានមុខម្ហូប១០មុខដែលក្រសួងបានផ្តល់មក គឺយើងទៅឆ្លង(ទៅពិគ្រោះ)នឹងកុមារ។ អ៊ីចឹងអ្នកដាំចម្អិន និងសាលា(ក្រុមការងារ) គាត់កម្ម៉ង់ម្ហូបទៅតាមភាគច្រើនដែលផ្តល់យោបល់មកនេះ។ អ៊ីចឹងកន្លងមកនេះ យើងឃើញកុមារហូបបានច្រើនទាក់ទងនឹងបន្លែ ជាពិសេសបន្លែបៃតង ដែលក្រោយពីយើងមានកម្មវិធីផ្សព្វផ្សាយថាកុមារគួរហូបអាហារ ផ្លែឈើ ឬបន្លែ យ៉ាងហោចណាស់បានប្រាំពណ៌នៅក្នុងមួយសប្តាហ៍។ អ៊ីចឹងតាមរយៈកម្មវិធីនេះ គឺធ្វើឱ្យសិស្សចេះហូបបន្លែ។»។
រូបភាព៖ World Vision Cambodia
ក្រោមការសហការរវាងក្រសួងពាក់ព័ន្ធ រាជរដ្ឋាភិបាល និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានរៀបចំកម្មវិធីសិក្សាដែលផ្តល់អាហារពេលព្រឹកទៅកាន់សិស្សចំនួន ៧៦,៥០០នាក់នៅក្នុងសាលារៀនប្រមាណជា ១៣៩សាលានៃខេត្តកំពង់ចាម និងកំពង់ធំ ហើយមានស្រុកគោលដៅចំនួន ៦។ កម្មវិធីសិក្សានេះ បានចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអត្រាចូលរៀនកើនឡើង និងបោះបង់ការសិក្សាធ្លាក់ចុះ តាមរយៈការផ្តល់អាហារពេលព្រឹកដែលមានជីវជាតិទៅកាន់សិស្សានុសិស្ស៕
រូបភាព៖ World Vision Cambodia