សកម្មជនបរិស្ថាន និងព្រៃឈើចំនួន ៦នាក់ ត្រូវឃាត់ខ្លួន និងបញ្ជូនមកកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីសួរនាំ ដោយសារពួកគេបានចូលទៅក្នុងតំបន់ហាមឃាត់របស់អាជ្ញាធរ ដើម្បីចងក្រងសកម្មភាពការកាប់បំផ្លាញព្រៃឈើ។ យ៉ាងណាកងរាជអាវុធហត្ថ កំពុងសួរនាំសកម្មជនទាំងនោះ ដោយពួកគេមិនទាន់ត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយនៅឡើយ។ លោក គីម ចាន់ចាវ រាយការណ៍
សកម្មជនបរិស្ថាន និងព្រៃឈើទាំង៦នាក់រួមមាន លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក តាត ឧត្តម លោក អូត ឡាទីន លោក មេន ម៉ាត់ និងលោក ព្រំ ម៉ៅ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួននៅចំណុចភូមិក្រឡាពស់ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការឃាត់ខ្លួនសកម្មជនទាំងនោះ អំឡុងពេលដែលពួកគេបានចូលទៅតំបន់ក្រឡាពស់ ដែលជាតំបន់មានការហាមឃាត់ដោយអាជ្ញាធរ ដើម្បីឃ្លាំមើលលើករណីកាប់ព្រៃឈើដោយខុសច្បាប់។
បើតាមលោក ចឹក ចិត្រា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តស្ទឹងត្រែង ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៥ ខែវិច្ឆិកាថា មកដល់ពេលនេះ សមាគមអាដហុក មិនទាន់បានជួបសកម្មជនបរិស្ថានទាំង ៦នាក់នេះនៅឡើយទេ ដូច្នេះស្ថានភាព និងមូលហេតុឃាត់ខ្លួនពួកគេយ៉ាងណានោះនៅមិនទាន់ដឹងឡើយ។ សកម្មជនបរិស្ថានទាំងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ថិតនៅចំណុចភូមិក្រឡាពស់ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយលោកសន្និដ្ឋានថា គឺអាចពាក់ព័ន្ធនឹងសកម្មជនបរិស្ថានទាំងនោះ បានចូលទៅក្នុងតំបន់ហាមឃាត់ ដែលជាតំបន់មានការកាប់ទន្ទ្រានព្រៃឈើ និងមានការបណ្ដេញប្រជាពលរដ្ឋចេញផងដែរ។
លោកបន្តទៀតថា ដោយសារជាតំបន់ហាមឃាត់ ហើយមានការកាប់ទន្ទ្រានព្រៃឈើ ដូច្នេះសកម្មជនបរិស្ថានទាំងនោះចូលទៅ គឺដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងពីសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់នោះ។ ទោះយ៉ាងណាលោកថា សកម្មភាពពួកគេ បែរជាសមត្ថកិច្ចចម្រុះចូលមកឃាត់ខ្លួន រួចក៏បញ្ជូនមកស្នងការ រហូតដល់ឥលូវស្ថិតក្រោមការសួរនាំពីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៅវិញ ប៉ុន្តែនៅមិនទាន់បញ្ជូនមកតុលាការនៅឡើយ។
លោក ចឹក ចិត្រា៖ «ពួកខ្ញុំកំពុងតែឃ្លាំមើលសិន ហាមឃាត់មិនឱ្យពួកយើងចូលទៅក្បែររបងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថនេះ។ ចំពោះខ្ញុំ ខ្ញុំយល់ឃើញថាការឃាត់ខ្លួន ការចាប់ខ្លួន ឫនាំខ្លួនសកម្មជនទាំងចំនួន៦នាក់នេះ មកសាកសួរនេះវាគឺជាទង្វើមួយដែលខុសច្បាប់តែម្ដង យើងអាចថាការឃាត់ខ្លួននេះ វាមិនមានកំណត់ថាយកពួកគាត់មក ហើយធ្វើចោទប្រកាន់ឃាត់ខ្លួនពួកគាត់ដោយគ្មានសម្អាងទៅលើច្បាប់ណាមួយអ៊ីចឹងណា»។
ប៉ុន្តែលោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា មានសមត្ថកិច្ចជំនាញ ឃាត់ខ្លួនមនុស្ស ៦នាក់ ដោយលោកមិនដឹងថាជាសកម្មជនបរិស្ថាន ឬយ៉ាងណានោះទេ ហើយការឃាត់ខ្លួនមនុស្សទាំងនោះ ដោយសារពួកគេបានធ្វើខុសតាមការណែនាំរបស់សមត្ថកិច្ច ដោយបានចូលទៅតំបន់ហាមឃាត់ ដែលជាតំបន់ក្រឡាពស់ ស្ថិតក្នុងភូមិសាស្ត្រស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ លោកបញ្ជាក់ថា តំបន់ភ្នំក្រឡាពស់នេះ ត្រូវបានរឹបអូសយកមកវិញពីសំណាក់ជនខិលខូចទាំងឡាយដែលបានកាប់ទន្ទ្រានព្រៃឈើ ហើយឥលូវតំបន់នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ច ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះទាំងអស់នោះ។
លោក ម៉ែន គង់៖ «ជារួមដឹងថាគាត់ចូលទៅតំបន់ដែលកម្លាំងសមត្ថកិច្ចកំពុងតែការពារធនធានធម្មជាតិ ដែលទទួលបានពីការរឹបអូសយកមកវិញពីសំណាក់ជនខិលខូចទាំងឡាយដែលបានកាប់ទន្ទ្រាន បំផ្លាញតំបន់ទាំងអស់នោះ ព្រោះអីគាត់ចូលទៅតំបន់ហាមឃាត់អ៊ីចឹង គេកំពុងអនុវត្តនីតិវីធីក្នុងការគ្រប់គ្រងថែរក្សាធនធានធម្មជាតិ។ អ៊ីចឹងគេណែនាំរួចហើយថាមិនអនុញ្ញាតឱ្យអ្នកណាចូលទៅតំបន់ហ្នឹងទៀតទេព្រោះគេកំពុងធ្វើការតាមនីតិវិធី អ៊ីចឹងនៅពេលដែលគាត់ចចេសចូលទៅតំបន់ហ្នឹង ហើយមិនអនុវត្តតាមការណែនាំ អ៊ីចឹងមានតែគេអនុវត្តទៅតាមវិធានការហើយចំពោះអ្នកណាក៏ដោយ មិនថាតែអ្នកណាទេ ព្រោះគេបានជូនដំណឹងរួចហើយ»។
ចំណែកលោក សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និយាយដែរថា កងរាជអាវុធហត្ថកំពុងសួរនាំសកម្មជនទាំងនោះ ដូច្នេះបន្ទាប់ពីសួរនាំហើយនឹងមានការដោះលែងពួកគេ។ យ៉ាងណាចំពោះការសួរនាំ និងមូលហេតុនៃការឃាត់ខ្លួនសកម្មជនទាំងនោះ លោកសុំបដិសេធក្នុងការផ្ដល់ព័ត៌មាន ដោយលើកហេតុផលថាសមត្ថកិច្ចកំពុងតែធ្វើការ។
លោក សេង សុភាព៖ «ខ្ញុំនឹងធ្វើការរួចរាល់ហើយ សួរនាំរួចហើយ ទើបបានដឹងថាសាច់រឿងហ្នឹងយ៉ាងម៉េចកំពុងធ្វើការសាកសួរ បានដឹងថាអំពីអី បទល្មើសអី។ ឥលូវចាំជំនាញខ្ញុំសួរហើយ សួរនាំហើយបានខ្ញុំដឹងបាទសុំអធ្យាស្រ័យ»។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ដោយលោកបានឱ្យផ្ញើរសំណួរតាមប្រព័ន្ធតេលេក្រាម ប៉ុន្តែមកដល់ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មិនទាន់មានការឆ្លើយតបពីលោកនៅឡើយ។
ក្នុងចំណោមសកម្មជនព្រៃឈើ និងបរិស្ថានទាំង ៦នាក់នេះ មាន លោក អ៊ូច ឡេង និងលោក ហេង ស្រស់ ធ្លាប់ត្រូវបានចាប់ខ្លួន ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក្នុងខេត្តក្រចេះ ពាក់ព័ន្ធនឹងករណីឃ្លាំមើលការចូលកាប់ព្រៃឈើដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។ លោក អ៊ូច ឡេង គឺជាអ្នកការពារព្រៃឈើដ៏លេចធ្លោមួយរូប និងបានឈ្នះពានរង្វាន់ឆ្នើមផ្នែកការពារបរិស្ថាន ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ (The Goldman Environmental Prize) ក្នុងឆ្នាំ២០១៦៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី