កូនប្រុសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ត្រូវបានតែងតាំងជាបេក្ខជនមួយរូបសម្រាប់ការបោះឆ្នោតជាអនុប្រធានាធិបតីនៅឆ្នាំ២០២៤ខាងមុខ ពិសេសបច្ចុប្បន្នលោកទើបតែមានអាយុ ៣៦ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។
ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ តុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូនេស៊ីបាននិងកំពុងពិចារណាលើប្រធានបទ ដែលពិភាក្សាជាសកលអំពីអាយុនៃបេក្ខជនឧបនាយករដ្ឋមន្រ្តីឥណ្ឌូនេស៊ីសម្រាប់អាណត្តិថ្មីនាឆ្នាំខាងមុខ។ បច្ចុប្បន្ន តុលាការឥណ្ឌូនេស៊ីកំពុងមានភារកិច្ចពិនិត្យមើលកម្រិតនៃអាយុក្នុងការទទួលបានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តនៅក្នុងអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន មានសំណើជាច្រើនបានស្នើឱ្យតុលាការឥណ្ឌូនេស៊ីកាត់សេចក្តីលើការបន្ថយអាយុអប្បបរមាពី ៤០ឆ្នាំ ទៅ ៣៥ឆ្នាំ សម្រាប់ក្លាយជាបេក្ខជនអនុប្រធានាធិបតី និងបេក្ខជនប្រធានាធិបតីថ្មីសម្រាប់អាណត្តិថ្មីនេះ។ ក៏ប៉ុន្តែ តុលាការបានច្រានចោលករណីនេះ ដោយរក្សាថា បេក្ខជនត្រូវមានអាយុ ៤០ឆ្នាំទើបមានសិទ្ធិឈរឈ្មោះបោះឆ្នោត។
ក្នុងករណីនេះ សម្រាប់បេក្ខជនដែលបានជាប់ឆ្នោតជាមន្ត្រីសាធារណៈរួចហើយ នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការទទួលបានតំណែងជាអនុប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី បើទោះបីពួកគេមានអាយុក្រោម ៤០ឆ្នាំក៏ដោយ។ ការសម្រេចចិត្តនេះ បានត្រួសត្រាយផ្លូវសម្រាប់កូនប្រុសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Gibran Rakabuming Raka អភិបាលក្រុង Surakarta។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣៕
ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣