សហរដ្ឋអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធយោធាពហុភាគីជាមួយសម្ព័ន្ធមិត្តហ្វីលីពីនរយៈពេលពីរសប្តាហ៍ ដែលរាប់ចាប់ពីថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣។
ទន្ទឹមគ្នានេះដែរ ប្រទេសទាំងពីរចាប់ដៃគ្នាធ្វើសមយុទ្ធយោធាក្រោមរូបភាពហ្វឹកហ្វឺនកងទ័ពតាមច្រកសមុទ្រ Sama Sama ២០២៣ ដែលនេះជាសមយុទ្ធលើកទី៧ហើយសមយុទ្ធនេះ មានលក្ខណៈ ពិសេសនិងមានទ្រង់ទ្រាយធំផងដែរ។ សមយុទ្ធយោធានេះ មានការចូលរួមពីបណ្តាប្រទេសផ្សេងទៀតដូចជា ប្រទេសអូស្ត្រាលី កាណាដា បារាំង ជប៉ុន ចក្រភពអង់គ្លេស និងម៉ាឡេស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។
មេបញ្ជាការកងនាវាចម្បាំង Destroyer Squadron 7 របស់កងទ័ពជើងទឹកអាមេរិក ឧត្តមនាវីឯក Sean Lewis និយាយថា សមយុទ្ធយោធានេះនឹងរួមគ្នាដោះស្រាយវិសាលភាពគំរាមកំហែងផ្នែកសន្តិសុខ លើកកម្ពស់អន្តរប្រតិបត្តិការ បង្កើនការច្នៃប្រឌិត និងកសាងកម្លាំងរួបរួមគ្នាដែលត្រៀមរួចជាស្រេចដើម្បីធានាស្ថិរភាពនៅក្នុងតំបន់។
ជាការកត់សម្គាល់ ការធ្វើសមយុទ្ធនេះធ្វើឡើងនៅអំឡុងពេលប្រទេសហ្វីលីពីន និងចិនកំពុងមានភាពតានតឹងជុំវិញជម្លោះលើដែនទឹកនៅសមុទ្រចិនខាងត្បូង។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ចិនបានបាញ់ទឹកលើនាវារបស់ហ្វីលីពីនដើម្បីរារាំងមិនឱ្យធ្វើដំណើរទៅផ្គត់ផ្គង់ស្បៀងអាហារ និងរបស់ចាំបាច់សម្រាប់យោធាហ្វីលីពីននៅជ្រុងម្ខាងទៀត៕
ប្រភព៖ CNN ចុះថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣