ភ្នំពេញ៖ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានផ្តល់ជំនួយឧបត្ថម្ភថ្មីចំនួន ២៩ លានដុល្លាររយៈពេល ៥ ឆ្នាំ សម្រាប់គម្រោងអាហារហៅថា “HortSafe” ដែលនឹងអនុវត្តនៅកម្ពុជា ដោយអង្គការ Land O’Lakes Venture 37 ។ គម្រោង HortSafe នេះនឹងជួយលើកកម្ពស់សុវត្ថិភាពអាហារ និងសង្វាក់តម្លៃសាកវប្បកម្មនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញចុះផ្សាយកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
ក្នុងឆ្នាំ២០២៤នេះ ក្រសួងកសិកម្មសហរដ្ឋអាមេរិកតាមរយៈកម្មវិធី អាហារសម្រាប់វឌ្ឍនភាព ឬ Food for Progress (FFPr) បានផ្តល់ជំនួយមកប្រទេសចំនួន៧ ក្នុងនោះមានប្រទេស កម្ពុជា បេនីន ម៉ាដាហ្គាស្ការ រវ៉ាន់ដា ស្រីលង្កា តង់ហ្សានី និងទុយនេស៊ី ដោយប្រទេសទាំងអស់ទទួលបានជំនួយចន្លោះពី ២៥ លានដុល្លារដល់ ៣៥ លានដុល្លារអាមេរិកលើការអភិវឌ្ឍសមត្ថភាពវិស័យកសិកម្ម។ នេះបើតាមគេទំព័ររបស់ SUDA-Foreign Agricultural Service។
កម្មវិធី Food for Progress របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកនេះផងដែរ ផ្តល់មកដើម្បីជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍ និងប្រទេសប្រជាធិបតេយ្យថ្មីៗ ជំរុញយ៉ាងណាឱ្យមានការវិវឌ្ឍទាន់សម័យ និងជួយពង្រឹងវិស័យកសិកម្មក្នុងប្រទេសទាំងនោះ។ ក្នុងនោះដែរ កម្ម Food for Progress ក៏មានគោលបំណងចម្បងពីរគឺ ៖ ធ្វើឱ្យផលិតភាពកសិកម្មកាន់តែប្រសើរ និងពង្រីកពាណិជ្ជកម្មផលិតផលកសិកម្ម។
តាមរយៈគម្រោង Food for Progress កសិករដែលទទួលផលពីគម្រោងបានទទួលការបណ្តុះបណ្តាលផ្តោតលើសុខភាពសត្វ និងរុក្ខជាតិ ជួយកែលម្អវិធីសាស្រ្តកសិកម្ម បង្កើតប្រព័ន្ធផ្លូវ និងឧបករណ៍ប្រើប្រាស់ ការបង្កើតឡើងនូវការផ្តល់ឥណទានខ្នាតតូច និងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិកម្មជាដើម។ អ្នកចូលរួមកម្មវិធីរួមមាន អង្គការស្ម័គ្រចិត្ត រដ្ឋាភិបាលបរទេស សាកលវិទ្យាល័យ និងអង្គការអន្តររដ្ឋាភិបាលផងដែរ។
រូបភាពពីក្រសួងកសិកម្មសហរដ្ឋអាមេរិក។
សូមជម្រាបជូនថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៨៥មក កម្មវិធី អាហារសម្រាប់វឌ្ឍនភាព ឬ Food for Progress (FFPr) បានជួយប្រទេសកំពុងអភិវឌ្ឍន៍ ពង្រឹងលើវិស័យកសិកម្មរបស់ពួកគេ។ គម្រោងទាំងអស់ដំណើរការក្រោមគោលដៅរួមនៃការបង្កើនផលិតភាពកសិកម្ម ការពង្រីកទីផ្សារ និងពាណិជ្ជកម្មផលិតផលកសិកម្ម។
ប្រទេសកម្ពុជា អនុវត្តន៍ដោយអង្គការ Land O’Lakes Venture37 ដែលតម្លៃសរុបនៃកិច្ចព្រមព្រៀងមានចំនួន ២៩,១២៥,០០០ដុល្លា ។
ចំណែក កម្មវិធី Food for Progress នៅកម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត និងការអភិវឌ្ឍន៍បទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ ទាំងការគ្រប់គ្រងក្រោយការប្រមូលផល បង្កើនការទទួលយកបច្ចេកវិទ្យាអាកាសធាតុឆ្លាតវៃ ផ្តល់ការបណ្តុះបណ្តាលស្តីពីការអនុវត្តសុវត្ថិភាពចំណីអាហារល្អបំផុត និងការពង្រឹងទំនាក់ទំនងទីផ្សារ៕