loader

អាមេរិកធ្វើឱ្យបារាំងនិងអឺរ៉ុបក្ដៅក្រហាយពីរឿងបង្កើតភាពជាដៃគូជាមួយអង់គ្លេសនិងអូស្ត្រាលី

ប្រទេសបារាំងនិងសហភាពអឺរ៉ុប ក្ដៅក្រហាយនឹងសហរដ្ឋអាមេរិក ដែលបង្កើតភាពជាដៃគូឥណ្ឌូប៉ាស៊ីហ្វិក ជាមួយអូស្ត្រាលីនិងអង់គ្លេស ដោយមិនពិគ្រោះជាមួយពួកខ្លួន។ ដំណើរនេះត្រូវបានចាត់ទុកថាជាបញ្ហាចំពោះកិច្ចប្រឹងប្រែងរួមរបស់សម្ព័ន្ធមិត្តទាំងនេះ ក្នុងការទប់ទល់នឹងឥទ្ធិពលចិនដែលចេះតែកើនឡើង។

ការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ជាមួយប្រទេសអូស្ត្រាលី និងប្រទេសអង់គ្លេស ដើម្បីទប់ទល់ប្រទេសចិន កំពុងធ្វើឱ្យប្រទេសបារាំង និងសហភាពអឺរ៉ុប ក្ដៅក្រហាយ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី ពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា។ អេភីកត់សម្គាល់ឃើញថា ប្រទេសបារាំងនិងសហភាពអឺរ៉ុបមានអាម្មណ៍ដូចត្រូវគេទុកចោល ហើយមើលឃើញរឿងនេះថាជាការវិលត្រឡប់ទៅសម័យអតីតប្រធានាធិបតី ដូណល ត្រាំ វិញ។

យោងតាមអេភី រដ្ឋមន្ត្រីការបរទេសបារាំងបានថ្លែងពី«ការមិនយល់ទាល់តែសោះ»របស់លោក ចំពោះដំណើរថ្មីៗរបស់សហរដ្ឋអាមេរិក ហើយលោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ បានហៅដំណើរនោះថាជា«ការចាក់ពីក្រោយខ្នង»។ ចំណែកសហភាពអឺរ៉ុបវិញ ប្រមុខការទូតរបស់ខ្លួន លោក ហ្សូសេហ្វ ប័ររ៉ែល បានរអ៊ូថា សហភាពនេះមិនត្រូវបានគេពិគ្រោះយោបល់សោះ រឿងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនេះ។ នេះបើតាមអេភី ដែលរំលេចឱ្យដឹងថា ប្រទេសបារាំងនឹងបាត់បង់កិច្ចព្រមព្រៀងដែលមានតម្លៃជិត១០០ប៊ីលានដុល្លារ សម្រាប់កសាងនាវាមុជទឹកដើរដោយប្រេងម៉ាស៊ូតឱ្យប្រទេសអូស្ត្រាលី នៅពេលដែលសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ជួយស្ថាបនានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យប្រទេសអូស្ត្រាលី។

 

លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីការបរទេសបារាំង។ ប្រភពរូបភាព៖ diplomatie.gouv.fr

 

អេភីឱ្យដឹងដែរថា មន្ត្រីសហរដ្ឋអាមេរិកបានបដិសេធការរអ៊ូរទាំរបស់ប្រទេសបារាំងនិងសហភាពអឺរ៉ុប ដែល​បន្លឺចេញកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមប្រភពដដែល លោកស្រី ចេន សាគី លេខាធិការសេតវិមានទទួលបន្ទុកសារព័ត៌មាន បានថ្លែងថា៖ «មានកិច្ចព្រមព្រៀងភាពជាដៃគូខ្លះ ដែលបញ្ចូលប្រទេសបារាំង និងខ្លះទៀតមិនបញ្ចូល។ ហើយពួកគេមានកិច្ចព្រមព្រៀងភាពជាដៃគូជាមួយប្រទេសផ្សេងៗទៀត ដែលមិនបញ្ចូលពួកយើង។» អេភីស្រង់សម្ដីលោកស្រីមកបន្ថែមថា៖ «នេះជាចំណែកនៃរបៀបដែលការទូតសកលដើរ។»

មន្ត្រីបារាំងនិងមន្ត្រីសហភាពអឺរ៉ុបមិនឈប់ត្រឹមហ្នឹងទេ ដោយពួកគេនិយាយថា ភាពជាដៃគូសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិកនោះ ចោទបញ្ហាចំពោះកិច្ចប្រឹងប្រែងធ្វើសហប្រតិបត្តិការទូទៅ ដើម្បីបន្ថយឥទ្ធិពលរបស់ប្រទេសចិន ដែលចេះតែរីកធំឡើង។ អេភីរាយការណ៍ឱ្យដឹងដូច្នេះ ដោយបន្ថែមតាមសម្ដីមន្ត្រីទាំងនោះថា កិច្ចព្រមព្រៀងត្រីភាគីនោះរំលេចឱ្យឃើញពីភាពចាំបាច់នៃផែនការចាស់សម្រាប់ពង្រឹងកិច្ចការពារជាតិនិងសមត្ថភាពផ្នែកសន្តិសុខដោយអឺរ៉ុបខ្លួនឯងផ្ទាល់។

 

លោក ហ្សូសេហ្វ ប័ររ៉ែល តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកការបរទេសនិងគោលនយោបាយសន្តិសុខ (ឆ្វេង) និងព្រះមហាក្សត្រប៊ែលហ្ស៊ិក ព្រះនាម ហ្វ៊ីលីព នៅទីក្រុងប្រ៊ុចសែល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ រូបភាព@twitter.com/MonarchieBe

 

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ សមាជិកទាំង២៧ប្រទេសនៃសហភាពអឺរ៉ុប បានបញ្ចេញយុទ្ធសាស្ត្រថ្មីមួយ សម្រាប់ជំរុញទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមអេភីដែលកត់សម្គាល់ថា សកម្មភាពនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងប្រទេសអូស្ត្រាលី ចេញសេចក្ដីប្រកាសរួម។ អឺរ៉ុបពន្យល់ថា គោលបំណងគឺដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ទន្ទឹមគ្នានឹងបង្កើនការគោរពវិធានពាណិជ្ជកម្មអន្តរជាតិ និងកែលម្អសន្តិសុខតាមសមុទ្រ។ អេភីរាយការណ៍ដូច្នេះ ហើយបន្ថែមតាមសហភាពអឺរ៉ុបទៀតថា យុទ្ធសាស្ត្រថ្មីនេះនឹងនាំឱ្យមានការពង្រាយនាវាអឺរ៉ុបច្រើនថែមទៀតនៅក្នុងតំបន់។

យោងតាមអេភី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺលោក អែនតូនី ប្លីងខិន បាននិយាយថា «ពុំមានការបែកគ្នា»ពីអឺរ៉ុបទេ ចំពោះយុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រភពរំលេចឱ្យដឹងដែរថា ដោយចាត់ទុកប្រទេសបារាំងជា«ដៃគូដ៏ចាំបាច់» លោក ប្លីងខិន បានថ្លែងថា៖ «យើងទទួលស្វាគមន៍ប្រទេសអឺរ៉ុបដែលដើរតួនាទីសំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។»

ប៉ុន្តែ បើតាមអេភី គេចាំមើលថា តើសម្ព័ន្ធមិត្តទាំងនោះធ្វើការជាមួយគ្នាជិតដិតយ៉ាងដូចម្ដេច៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ថានភាពនៃការប្រឆាំងនឹងកូវីដ-១៩នៅកម្ពុជា ប្រៀបធៀបនឹងស្ថានភាពនៅបរទេស

ស្ថានភាពទាក់ទងនឹងកូវីដ-១៩នៅតែជាបញ្ហាក្ដៅសម្រា[...]

បុគ្គលិកនារីនៅសាលាក្រុងកាប៊ុលត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ

បុគ្គលិកនារីក្នុងរដ្ឋបាលសាលារដ្ឋធានីកាប៊ុលនៃប[...]

អគ្គលេខាធិការ អសប ព្រមានចិន និង សរអ ឱ្យបញ្ចៀសសង្គ្រាមត្រជាក់ថ្មី

អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យប្រទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x