ភ្នំពេញ៖ អាណាព្យាបាលសិស្ស រស់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះយុទ្ធសាស្រ្តរបស់ ក្រសួងអប់រំយុវជន និងកីឡា ក្នុងការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច ការរំលោភបំពាន និងការគំរាមកំហែងតាមអ៊ីនធឺណិត។ គេយល់ថា ការផ្តល់ព័ត៌មានផ្នែកបច្ចេកវិទ្យាទៅដល់សិស្សឱ្យបានយល់ដឹងអំពីសុវត្ថិភាពតាមអនឡាញមានសារៈសំខាន់ ចូលរួមកាត់បន្ថយ អត្រាហានិភ័យគ្រោះថ្នាក់ឱ្យបាននៅកម្រិតទាប។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
កាលពីពេលថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូនីសេហ្វកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច ការរំលោភបំពាន និងការគំរាមកំហែងតាមអ៊ីនធឺណិត ស្របពេល អំពើរុកកួនតាមអ៊ីនធឺណឺតបានធ្វើឱ្យកុមារ និងយុវជនមួយចំនួនបោះបង់ការសិក្សា ព្យាយាមធ្វើអត្តឃាត និងចាកចេញពីផ្ទះចូលរួមសង្គមងងឹត ពេស្យាចារ និងប្រព្រឹត្តិបទល្មើសផ្សេងៗ។
លោក ទូច កែវលក្ខតា អាណាព្យាបាលសិស្សនៅរាជធានីភ្នំពេញបានប្រាប់វិទ្យុស្រ្តីថា លោកគាំទ្រចំពោះក្នុងការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ដើម្បីបើកឱកាសឱ្យសិស្សានុសិស្ស បានយល់ជ្រាបអំពីការប្រើប្រាស់តាមប្រព័ន្ធអនឡាញ ប្រកបដោយសុវត្ថិភាព ជៀសវាង ការគំរាមកំហែង ការបោកប្រាស់ផ្សេងៗតាមប្រព័ន្ធអនឡាញ។
លោក ទូច កែវលក្ខតា៖«នៅពេលដែលសិស្សានុសិស្សយល់ដឹងហើយ គេប្រយ័ត្នប្រយែងមិនងាយចាញ់បោកគេផ្តេសផ្តាស អ៊ីចឹងនៅពេលណាមួយសិស្សានុសិស្សទាំងស្រី ទាំងប្រុសប្រឈម ឬជួបបញ្ហាឧបសគ្គទាំងនោះ មានវិធីទប់ស្កាត់ជាមុន អ៊ីចឹងហានិភ័យ គ្រោះអាសន្នដែលកើតឡើងចំពោះសិស្សានុសិស្សហ្នឹងគឺមានកម្រិតទាប បើប្រៀបធៀបទៅនឹងអ្វីដែលពួកគេមិនបានទទួលពីមុន»។
របាយការណ៍របស់អង្គការមូលនិធិសម្រាប់កុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) ឆ្នាំ២០២០ បានបង្ហាញថា យុវជនកម្ពុជាដែលមានអាយុចន្លោះពី ១៥ឆ្នាំ ដល់ ២៥ឆ្នាំ ប្រមាណ ៨៥.៧ភាគរយ កំពុងជួបបញ្ហានៃការរុកកួនឆាឆៅដោយប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិត(ក្នុងសៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ កម្រិតមធ្យមសិក្សាបឋមភូមិ) ពេលដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានប្រមាណ ៩.៧ លាននាក់ (៦០% នៃចំនួន ប្រជាជនស៊ីរុប)។ តាមរបាយការណ៍ស្រាវជ្រាវរបស់ “Cambodia Education” បង្ហាញពីស្ថិតិនៃផលប៉ះពាល់កើតឡើងដោយអំពើរុកកួនឆាឆៅ (Bully) កុមារ និងយុវជនកម្ពុជាប្រមាណ ១៦០ ០០០នាក់ បានបោះបង់ការសិក្សា។ ក្នុងនោះមានយុវជន ថ្នាក់វិទ្យាល័យ ប្រមាណ ១៤ភាគរយ បានព្យាយាមធ្វើអត្តឃាត ការចាកចេញពីផ្ទះ ចូលរួមសង្គមងងឹត ពេស្យាចារ និងអំពើល្មើសច្បាប់ផ្សេងៗ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានប្រាប់វិទ្យុស្រ្តីថា សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ នេះគឺជាផ្នែកមួយនៃមុខវិជ្ជាបំណិនជីវិតមូលដ្ឋាន តាមរយៈក្រមខណ្ឌកម្មវិធីសិក្សាដែលបានដាក់ចេញនៅក្នុងឆ្នាំ២០១៥នៅក្នុងកម្រិតបឋមសិក្សាពីថ្នាក់ទី៤ដល់ទី៦ការអនុវត្តមុខវិជ្ជានេះមានចំនួន២ម៉ោងក្នុងមួយសប្តាហ៍។ រីឯនៅក្នុងកម្រិតអនុវិទ្យាល័យអនុវត្តន៍ក្នុងមួយម៉ោងសិក្សា ក្នុងមួយសប្តាហ៍។ លោកស្រី ឃួន វិច្ឆិកា បានឱ្យដឹងបន្ថែមថា នៅក្នុងមុខវិជ្ជាបំណិនជីវិតមូលដ្ឋាន មានបែងចែកជា២ផ្នែកសំខាន់ គឺបំណិនរឹងសំដៅទៅលើជំនាញវិជ្ជាជីវៈ និងបំណិនទន់សំដៅទៅលើការច្នៃប្រឌិត ការគិតពិចារណា ការដោះសា្រយបញ្ហា ការគ្រប់គ្រងខ្លួនឯង ភាពធន់ ទំនាក់ទំនង សហប្រតិបត្តិការ ការចរចារ ការសម្រេចចិត្ត ការគោរពពហុភាព សមានចិត្ត និងការចូលរួមជាដើម។ លោកស្រី បន្ថែមថា សុវត្ថិភាពកុមារ លើប្រព័ន្ធអនឡាញគឺជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើនទៀត ដែលមានដាក់បញ្ចូលនៅក្នុងមុខវិជ្ជាបំណិតជីវិតមូលដ្ឋាន។
លោកស្រី ឃួន វិច្ឆិកា៖«ទាក់ទងទៅនឹងមុខវិជ្ជាបំណិតជីវិតមូលដ្ឋានេះ គឺយើងមានប្រធានបទជាច្រើនដាក់បញ្ជូលនៅក្នុងមុខវិជ្ជាមួយនេះសំដៅធ្វើយ៉ាងណាឱ្យប្អូនៗមានបំណិនសតវត្សរ៍ទី២១ ។ ដូច្នេះហើយនៅក្នុងការអនុវត្តមុខវិជ្ជានេះ គឺសាលារៀននីមួយៗប្រើប្រាស់គ្រូដែលមានស្រាប់ទៅលើមុខវិជ្ជាដែលពាក់ព័ន្ធនៅក្នុងការចូលរួមគាំទ្រអនុវត្តន៍មុខវិជ្ជានេះ»។
អ្នកនាំពាក្យរូបនោះបានបន្តថា នៅក្នុងការអនុវត្តមុខវិជ្ជានេះមានប្រធានបទជាច្រើនដែលសាលារៀននីមួយៗអាចពិចារណាទៅតាមតម្រូវការ ក៏ដូចជាបរិបទរបស់សាលារៀននីមួយៗក្នុងការជ្រើសរើសយកប្រធានបទណាមួយយកមកប្រើប្រាស់។ ប៉ុន្តែសំខាន់ឱ្យសិស្សទទួលបាននូវបំណិនទាំងពីរខាងលើ។
អ្នកស្រី ឃួន វិច្ឆិកា៖« សម្រាប់ប្រធានបទទាក់ទងសុវត្ថិភាពកុមារលើប្រព័ន្ធអនឡានេះ គឺក្រសួងបានផ្សព្វផ្សាយនិងផ្តល់សៀវភៅនេះទៅដល់សាលារៀនចំនួន១០១នៅក្នុងខេត្តបាត់ដំបង សៀមរាប រតនគីរី និងកំពត។ ដោយឡែក ក្រសួងក៏បានផ្សព្វផ្សាយឯកសារនៅទៅតាមប្រព័ន្ធអនឡាញនានារបស់ក្រសួង និងផ្សព្វផ្សាយទៅដល់មន្ទីរ ខេត្តក្រុងនានា ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់សាលារៀនផងដែរ»។
នាយកវិទ្យាល័យសន្ធរម៉ុក លោក ឡៅ ម៉ូលីណា បានប្រាប់វិទ្យុស្រ្តីថា ការបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ជាប្រធានបទថ្មី សាលារៀនគ្រាន់តែបានបញ្ជ្រាបចំណេះដឹងខ្លះៗទៅដល់សិស្សទៅតាមមុខវិជ្ជាម៉ោងគ្រូបង្រៀនផ្សេងៗ តែប៉ុណ្ណោះ ដោយសារតែសាលាមិនមានម៉ោងសិក្សាច្រើន។ ម្យ៉ាងវិញទៀត លោកនាយកថា សាលាក៏មានបញ្ហាប្រឈមខ្វះគ្រូផ្នែកបច្ចេកវិទ្យានេះផងដែរ។
ជុំវិញសៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញនេះដែរ ខ្លឹមសារមេរៀននៅក្នុងឯកសារនេះនឹងជួយដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកពាក់ព័ន្ធផ្សេងៗ បានយល់ដឹងកាន់តែច្បាស់អំពីការកេងប្រវ័ញ្ចកុមារគ្រប់ទម្រង់លើប្រព័ន្ធអនឡាញ សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ហានិភ័យដែលអាចកើតមានលើកុមារនៅពេលប្រើប្រាស់ យន្តការ រាយការណ៍ពីសកម្មភាពរំលោភបំពាន និងវិធីការពារប្រកបដោយសុវត្ថិភាពសុខុមាលភាព នៅពេលប្រើប្រាស់អ៊ីនធឺណិត៕