en     km
en     km

អាដហុក ថា សមត្ថកិច្ចខេត្តកំពង់ចាមរឹតត្បិតសេរីភាពសមាគម ដែលបញ្ជាទម្លាក់បដាទាមទារដោះលែងលោក កើត សារ៉ាយ

Share

សមាគមអាដហុក បានលើកបដាឱ្យដោះលែងលោក កើត សារ៉ាយ។ រូបភាពពីហ្វេសប៊ុកសមាគមអាដហុក។

សមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុកការអនុវត្តរបស់សមត្ថកិច្ចខេត្តកំពង់ចាម ជាការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្រោយពីបញ្ជាឱ្យទម្លាក់បដាទាមទារដោះលែងសកម្មជនសង្គម លោក កើត សារ៉ាយ ដែលចងនៅខាងមុខស្នាក់ការសមាគមប្រចាំខេត្តនេះ។ ប៉ុន្តែសមត្ថកិច្ចខេត្តកំពង់ចាម អះអាងថា ការអនុវត្តរបស់ខ្លួនមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពនោះឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

អ្នកស្រី ធីម ណារិន មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកំពង់ចាម បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ថា ក្រោមការបញ្ជារបស់ស្នងការខេត្តកំពង់ចាម លោកចាន់ រស្មី ដែលជាស្នងការរង និងលោក ហួត សេងហាក់ នាយប៉ុស្ត៍សង្កាត់វាលវង់ បានមកស្នាក់ការសមាគមអាដហុកប្រចាំខេត្តកំពង់ចាម ដើម្បីបញ្ជាឱ្យសមាគមទម្លាក់ស្លាកបដាទាមទារឱ្យដោះលែងលោក កើត សារ៉ាយ។ ការដាក់ស្លាកបដានេះដែរ គឺអ្នកស្រីបញ្ជាក់ប្រាប់អាជ្ញាធរថា សមាគមអាដហុកបានលើកស្លាកបដានេះនៅគ្រប់ខេត្តដែលសមាគមប្រចាំការ មិនមែនមានតែខេត្តកំពង់ចាមមួយនោះទេ ហើយគោលបំណងនៃការលើកស្លាកនេះ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិប៉ុណ្ណោះ។

ទោះបីជាអ្នកស្រីបានបញ្ជាក់ប្រាប់អាជ្ញាធរបែបនេះក៏ដោយ ប៉ុន្តែសមត្ថកិច្ចដែលចុះមកស្នាក់ការសមាគមនៅតែឱ្យសមាគមទម្លាក់ស្លាកនោះចេញជាដាច់ខាត ហើយថែមទាំងទាមទារឱ្យបុគ្គលិកទាំងអស់នៅក្នុងសមាគម ត្រូវសរសេរប្រវត្តិរូបខ្លួន​ឯងផ្ញើជូនអាជ្ញាធរជាដើម។ អ្នកស្រីបន្តទៀតថា មកដល់ពេលនេះស្នាក់ការសមាគមអាដហុកប្រចាំខេត្តកំពង់ចាម បានទម្លាក់ស្លាកបដាទាមទារឱ្យដោះលែងលោក កើត សារ៉ាយ តាមការបញ្ជារបស់អាជ្ញាធររួចហើយ ប៉ុន្តែចំពោះប្រវត្តិរូបរបស់បុគ្គលិកអាដហុកវិញ គឺសមាគមមិនទាន់សម្រេចផ្ដល់ជូនអាជ្ញាធរនៅឡើយទេ។

អ្នកស្រី ធីម ណារិន ៖ «ក្នុងប្រវត្តិដែលគាត់ផ្ដល់មកឱ្យយើងនេះ គឺវាមានសាវតារតាំងពីឳពុក-ម្ដាយ អាស្រ័យដ្ឋានរស់នៅ ថ្ងៃខែឆ្នាំកំណើតអីៗគឺមានច្រើន ហើយមានទាំងបិទរូបថតអីទៀតអញ្ចឹងណា។ អញ្ចឹងទៅពួកយើងអត់ទាន់បានសម្រេចចិត្តក្នុងការបំពេញប្រវត្តិរូបហ្នឹងឱ្យបានទេ ប៉ុន្តែសម្រាប់ខ្ញុំខ្ញុំគិតថាការបំពេញប្រវត្តិរូបទាំងអស់នេះ វាហាក់ដូចជាមិនសូវមានសុវត្ថិភាពសម្រាប់ខ្ញុំទេ សម្រាប់ខ្ញុំដែលធ្វើការងារលើផ្នែកសិទ្ធិមនុស្ស អញ្ចឹងខ្ញុំបារម្ភទាក់ទងនឹងការបំពេញប្រវត្តិរូបហ្នឹង ពួកខ្ញុំមានការបារម្ភពីសុវត្ថិភាព ពីព្រោះមើលឃើញថាវាមានទាំងសាវតារម៉ែឳ បងប្អូន មានទាំងការបិទរូបថតទៀតនៅក្នុងហ្នឹង»។

អ្នកស្រីក៏មិនទាន់ដឹងថា ការអនុវត្តបែបនេះរបស់អាជ្ញាធរ ជាគោលការណ៍ច្បាប់ ឬជាតម្រូវការរបស់អាជ្ញាធរនោះទេ ប៉ុន្តែអ្នកស្រីដាក់ការសង្ស័យថា វាជាតម្រូវការរបស់អាជ្ញាធរ មិនមែនជាគោលការណ៍ច្បាប់នោះឡើយ។ ដូច្នេះប្រសិនជាមិនមែនគោលការណ៍ច្បាប់ មានន័យថាអាជ្ញាធរបានរឹតត្បិតសិទ្ធិសេរីភាពរបស់សមាគម។

អ្នកស្រី ធីម ណារិន​ ៖ «កាលណាគាត់មកបញ្ជាឱ្យយើងដោះរូបភាពដែលយើងតាំងនៅទីប្រជាជនក្នុងស្នាក់ការរបស់យើងដែលវាមិនប៉ះពាល់ដល់សាធារណៈទេ អាហ្នឹងវាជាការរឹតត្បិតមួយហើយ ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់យើងមួយហើយ ប៉ុន្តែអ្វីដែលគាត់ឱ្យយើងដោះ អាហ្នឹងមានន័យថាជាការរឹតត្បិតសិទ្ធិសេរីភាពមួយហើយ»។

​ចំណែកលោក យិន ម៉េងលី អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​អាដហុក ប្រាប់ដែរថា ការលើកស្លាកទាមទារឱ្យដោះលែងលោក កើត សារ៉ាយនេះ គឺសមាគមបានរៀបចំលើកស្លាកទាំងនោះគ្រប់ខេត្តប្រចាំការរបស់សមាគមទាំងអស់ ហើយការស្នើឱ្យទម្លាក់ស្លាកនេះដែរ មានតែខេត្តកំពង់ចាមមួយនោះទេ ដែលអាជ្ញាធរចុះមកអនុវត្តបែបនេះ។

លោក យិន ម៉េងលី រូបភាពពីប្រព័ន្ធតេលេក្រាមរបស់លោក។

លោក យិន ម៉េងលី ៖ «រហូតមកដល់ម៉ោងនេះ យើងមានតែមួយករណីគត់នៅខេត្តកំពង់ចាមនេះហើយ។ ការទាមទារឱ្យដោះហ្នឹង កន្លែងដែលកើតហេតុមិនមែនជាខេត្តកំពង់ចាមនោះទេ ចង់និយាយថាកន្លែងដែលចាប់លោក កើត សារ៉ាយ កន្លែងដែលរឿងរ៉ាវហ្នឹងមិនមែនជាខេត្តកំពង់ចាមទេ។ អញ្ចឹងបានជាគាត់ទាមទារឱ្យយើងដោះ ហើយប្រសិនជាយើងមិនដោះដែលធ្វើឱ្យសហការីយើងភ័យស្លន់ស្លោទៀតនោះថានៅពេលដែលមិនដោះៗ គឺគាត់អត់ទៅវិញទេថានេះជាបញ្ជារបស់ស្នងការមក»។

ទោះជាយ៉ាងណាលោកនៅតែអះអាងថា ការលើកស្លាក និងចងស្លាកទាំងនោះ គឺជាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិប៉ុណ្ណោះ មិនមានអ្វីដែលជាការបំពានច្បាប់ឡើយ។ ដោយឡែកការដោះស្លាកនេះចេញ លោកក៏មិនឃើញមានជាគោលការណ៍ចេញពីថ្នាក់ជាតិនោះដែរ។

លោក យិន ម៉េងលី ៖ «នេះបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិមួយទៀត ពីព្រោះថាការចងបដាមានរូបភាព និងការសរសេរលើបដានេះ ជាផ្នែកមួយនៃការបញ្ចេញមតិដែលមានចែងនៅក្នុងច្បាប់ជាតិ និងអន្តរជាតិ ហើយរាជរដ្ឋាភិបាលជាហត្ថលេខីនៃកតិកាសញ្ញាហ្នឹងថែមទៀត ហើយនៅក្នុងរដ្ឋធម្មនុញ្ញ គឺមានសរសេរ គោរព ការពារនូវសិទ្ធិទាំងអស់ហ្នឹង»។

គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានជាប់ឃុំខ្លួននៅក្នុងពន្ធនាគារអស់រយៈពេល ៩៦ថ្ងៃហើយ ខណៈការឃុំខ្លួននេះ អង្គការ និងសមាគមដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស ចាត់ទុកថាជាការបំបាក់ស្មារតីយុវជនក្នុងការចូលរួមកិច្ចការសង្គម និងជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចំពោះសេរីភាពក្នុងការបញ្ចេញមតិ។

ជុំវិញរឿងនេះ លោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់វិទ្យុស្ដ្រីថា ការលើកស្លាកបដាទាមទារឱ្យដោះលែងលោក កើត សារ៉ាយនេះ គឺលោកមិនបានបញ្ជាឱ្យសមាគមលើកស្លាកទាំងនោះឡើយ ដូច្នេះសមាគមមិនអាចលើកស្លាកបដាអ្វីទាមទារតាមតែចិត្តខ្លួនឯងបានទេ។

លោក ហេង វុទ្ធី ស្នងការនរគបាលខេត្តកំពង់ចាម។ រូបភាពពីហ្វេសប៊ុករបស់លោក។

លោក ហេង វុទ្ធី ៖ «មិនមានជាការបិទសិទ្ធិសេរីភាពរបស់គាត់នោះទេ រាល់ថ្ងៃនេះគ្មាននរណាដែលបិទទេ កុំឱ្យតែធ្វើអ្វីតាមតែអំពើចិត្តខ្លួនឯង នឹកឃើញតែមួយជ្រុងខ្លួនឯង ចេះនឹកឃើញគេទាំងមូលផង»។

បើតាមអ្នកស្រី ធីម ណារិន សមត្ថកិច្ចបានមកស្នាក់ការសមាគម អាដហុកប្រចាំខេត្តកំពង់ចាម ដោយបញ្ជាឱ្យដោះស្លាកបដាទាមទារឱ្យដោះលែងលោក កើត សារ៉ាយចេញ និងតម្រូវឱ្យបុគ្គលិកដែលធ្វើការនៅស្នាក់ការនោះទាំងអស់ត្រូវសរសេរប្រវត្តិរូបរបស់ខ្លួនជូនសមត្ថកិច្ច កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង